សម្ដេច​ព្រះរៀម បុប្ផាទេវី ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ

សម្ដេច​ព្រះរៀម បុប្ផាទេវី បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ពីរ​សប្ដាហ៍​ហើយ គិត​មក​ដល់​ថ្ងៃ​ទី​៦ ខែ​កក្កដា នេះ។

អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក អ៊ុត ឈន ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ថា សម្រេច​ព្រះរៀម​បាន​ក្លាយ​ជា​សមាជិក​ស្ថាប័ន​កំពូល​មួយ​នេះ ដែល​មក​ពី​កូតា​ក្រុមព្រះ​រាជវាំង។ ការ​តែងតាំង​នេះ បន្ទាប់​ពី​សម្ដេច​ព្រះរៀម​សុំ​លា​ឈប់​ពី​សមាជិក​ព្រឹទ្ធសភា កាល​ពី​ខែ​ឧសភា។

អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក អ៊ុត ឈន ប្រាប់​ថា សម្ដេច​ព្រះរៀម បុប្ផាទេវី ជា​សមាជិក​ធម្មតា ដូច​សមាជិក​ផ្សេង​ទៀត​ដែរ៖ «ក្រុមព្រះ​រាជវាំង​ចាត់តាំង​ព្រះអង្គ​ទៅ​ជា​ធម្មតា​នៅ​ក្នុង​ក្រុមប្រឹក្សា​ធម្មនុញ្ញ គេ​ចែក​ក្រុម​គេ ប៉ុន្តែ​លោក​ជា​សមាជិក​ដូច​គេ​ដូច​ឯង​ដែរ»

​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ មាន​អាណត្តិ ៩​ឆ្នាំ។ ការ​ស្នើ​តែងតាំង​សមាជិក​ស្ថាប័ន​នេះ មាន​ប្រភព​មក​ពី​រដ្ឋសភា ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ។ សមាសភាព​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​ប្រធាន ១​រូប​និង​សមាជិក​ចំនួន ៨​រូប ។ ក្នុងចំណោម​សមាជិក​ទាំងនោះ  សមាជិក​ចំនួន​៣​រូប​ត្រូវ​បាន​ជ្រើសតាំង ឬ​តែងតាំង​រាល់​បី​ឆ្នាំ​ម្ដង​។​

​កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទើប​ផ្លាស់ប្ដូរ ដែល​អតីត​រដ្ឋមន្ត្រី​ក្រសួង​រៀប​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុមលឹម បាន​មក​ជំនួស​លោក ឯក សំអុល។ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្ដម បុប្ផាទេវី ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សមាជិក​ព្រឹទ្ធសភា និង​តួនាទី​មួយ​ចំនួន​ទៀត​ទាក់ទង​ការងារ​សិល្បៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។