អាណិត​ណាស់ ! ត្រូវ​ពិការ​ដៃ​ទាំង​២​ទាំង​វ័យក្មេង​បែប​នេះ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ត្រូវ​ចរន្តអគ្គិសនី​ឆក់​រង​របួស​ធ្ងន់ធ្ងរ​រហូត​ត្រូវ​ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​កាត់​ដៃ​ទាំង​២​ចោល​ដើម្បី​កុំ​ឲ្យ​របួស​រាលដាល​ស៊ី​កាន់តែ​ជ្រៅ ​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​រយៈពេល​មួយ​ខែ​មក​ហើយ អត់​មាន​លុយ​សម្រាប់​ទិញ​ថ្នាំសង្កូវ និង​បាយ​សម្រាប់​ហូប​ប្រចាំ​ថ្ងៃ​ឡើយ ។

បុរស​ដែល​ត្រូវ​ពេទ្យ​កាត់​ដៃ​ទាំង​ពីរ​មានឈ្មោះ ស្រែង នើ​ង អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅ​ជាមួយ​ប្រពន្ធ មានស្រុក​កំណើត​ភូមិ​ផ្លូវ​ត្រែង ឃុំ​ថ្ម​រគោល ស្រុក​ល្វាឯម ខេត្តកណ្ដាល ចំណែក​ប្រពន្ធ​មានឈ្មោះ សេង នី អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ មានស្រុក​កំណើត​ក្នុងភូមិ​ក្បាលដំរី​ក្រោម ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មានកូន​ស្រី​២​នាក់​ជា​កូនភ្លោះ អាយុ​បាន​ទើបតែ​បាន​១​ខួប​១​ខែ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខណៈ​ប្ដី​របស់​គាត់​កំពុង​តែ​ផ្សារ​ដំបូល​នៅ​ឯ​ខេត្តស្វាយរៀង ហើយ​បាន​ឱន​លើកយក​ដែក​មក​ផ្សារ តែ​ដោយ​លើក​ទៅ​កៀក​ខ្សែកាប​មេភ្លើង​ស្រាត​ដែល​អូស​នៅ​តាម​បង្គោល​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ស្រូប​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ធ្លាក់​ពីលើ​ដំបូល​រង​របួសធ្ងន់ ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​មេជាង​គាត់​ដឹក​បញ្ជូន​ភ្លាម​ៗ​មក​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ដើម្បី​ព្យាបាល ក្រោយមក​ពេល​សំរាក​ព្យាបាល​បាន​៣​ថ្ងៃ វេជ្ជបណ្ឌិត​ជំនាញ​បាន​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ត្រូវ​តែ​កាត់​ដៃស្ដាំ​ដើម្បី​កុំអោយ​របួស​រាលដាល​ស៊ី​កាន់តែ​ជ្រៅ ។ លុះ​ក្រោយមក​បាន​មួយ​អាទិត្យ​ក៏​បាន​ឲ្យ​កាត់​ដៃ​ឆ្វេង​ទៀត ធ្វើ​ឲ្យ​ប្តី​របស់ខ្ញុំ​ត្រូវ​ពិការ​ដៃ​ទាំង​សងខាង គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ មិនតែប៉ុណ្ណោះ​ឆ្អឹងខ្នង​ក៏​ត្រូវ​ខ្សែភ្លើង​ឆក់​រង​របួស​ស៊ី​រ៉ូង​ឆ្អឹង​ដែរ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ទៀត​ថា ពេល​កើតហេតុ​ភ្លាម​ៗ​មេការ​និង​ម្ចាស់ផ្ទះ​បាន​ជួយ​ប្រាក់​កាក​បន្តិចបន្តួច​សម្រាប់​ព្យាបាល​បាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ចាប់តាំងពី​ថ្ងៃ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​រហូត​មក​ដល់​ពេល​នេះ​បាន​រយៈពេល​មួយ​ខែ​មក​ហើយ ធ្វើ​ឲ្យ​គាត់​អ់ត​មាន​ប្រាក់​សម្រាប់​ទិញ​បាយ​និង​ចំណីអាហារ​ដើម្បី​ហូប​ចុក​ទេ សូ​ម្បី​តែ​លុយ​ទិញ​ថ្នាំ​ក៏​អត់​មាន​ដែរ ចំណែក​គ្រូពេទ្យ​បាន​ជួយ​ពួក​គាត់​ច្រើន​ណាស់ ។

ដោយសារ​តែ​ជីវភាព​ខ្វះខាត ប្តី​ប្រពន្ធ​ខាងលើ​នេះ​បាន​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​មេត្តា​ជួយ​ឧបត្ថម្ភ​គ្រួសារ​របស់​គាត់​ដែល​កំពុង​តែ​ខ្វះខាត​នេះ​ផង ។ អាច​ទំនាក់ទំនង​ផ្ទាល់​ទៅ​គាត់​បាន​តាម​រយៈ​លេខ​ទូរស័ព្ទ ០៩៧ ៩៩ ៥៤ ៣៩៨ និង​លេខ ០៩៦ ៥៤៨ ៣៩០០ ៕