ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ត្រូវ​ស្លៀកពាក់​សមរម្យ

ខេត្តសៀមរាប ៖ ទោះបី​ក្រម​ប្រតិបត្តិ​អង្គរ បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ក្តី តែ​ភាព​ឆក​ល្វែង​របស់​អ្នកទេសចរ​មួយ​ចំនួន​តូច​នៅ​តែ​បន្ត​កើត​មាន ដូច​ជា​ការ​ស្លៀកពាក់​ខ្លី​មិន​សមរម្យ​ក្នុង​ពេល​ចូល​ទស្សនា​តាម​ប្រាសាទ​ជាដើម ។

ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​ឲ្យ​ស័ក្តិសម​ជាទី​សក្ការ​នៃ​ដួង​ព្រលឹង​វប្បធម៌​ជាតិ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​ចាប់ពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ តទៅ ដោយ​តម្រូវ​ឲ្យ​អ្នកទេសចរ​គ្រប់​រូប​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ខណៈ​ពេល​ទិញ​សំបុត្រ ដើម្បី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ។

កាលពី​ថ្ងៃ​ទី​១ កក្កដា ២០១៦ អគ្គនាយកដ្ឋាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​គ្រប់​ក្រសួង មន្ទីរ ស្ថាប័ន​ជាតិ អន្តរជាតិ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ សមាគម​សណ្ឋាគារ សមាគម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ និង​ក្រុមហ៊ុន​ទេសចរណ៍​ថា ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​ឱ្យ​ស័ក្តិសម​ជាទី​សក្ការៈ​នៃ​ដួង​ព្រលឹង​វប្បធម៌​ជាតិ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ ដែល​ទាក់ទាញ​អ្នកទេសចរ​មក​ទស្សនា​កាន់តែ​ច្រើន និង​ដើម្បី​គ្រប់គ្រង​តំបន់​អង្គរ​ប្រកបដោយ​ចីរភាព អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សព្វផ្សាយ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ក្រម​ប្រតិបត្តិ​អង្គរ កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៥ និង​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត ព្រមទាំង​បាន​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​ក្នុង និង​ក្រៅប្រទេស​ជា​ច្រើន ហើយ​ទទួល​បាន​សហការ និង​គាំទ្រ​ពី​សាធារណជន​ទូទៅ វិស័យ​ឯកជន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល កម្ពុជា ។ ជាក់ស្តែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ ក្រម​ប្រតិបត្តិ​អង្គរ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ។

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ជំរុញ​ក្រម​ប្រតិបត្តិ​អង្គរ​នេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​គោលបំណង​បង្ការ និង​ទប់ស្កាត់​ការ​ប្រព្រឹត្ត​មិន​សមរម្យ​របស់​ភ្ញៀវ​ទេសចរ ខណៈ​ពេល​ចូល​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រាសាទ បរិស្ថាន និង​សហគមន៍​ម្ចាស់​ស្រុក ជា​ពិសេស​ទាក់ទង​នឹង​ការ​ស្លៀកពាក់​របស់​ភ្ញៀវ​ឱ្យ​បាន​សមរម្យ ពេល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ។

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាត់វិធានការ​ចាប់ពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ តទៅ ដោយ​តម្រូវ​ឱ្យ​អ្នកទេសចរ​គ្រប់​រូប ត្រូវ​តែ​ស្លៀកពាក់​ឱ្យ​បាន​សមរម្យ ខណៈ​ពេល​ទិញ​សំបុត្រ ដើម្បី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ៕