ករណី​មេបញ្ជាការ​យោធា​សឹក​រង​ស្រុក​អង្គរបូរី​ ជំរិត​ទារ​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​ កំពុង​រក​មុខ​អ្នក​ទទួលខុសត្រូវ​មិន​ឃើញ

ករណី​មេបញ្ជាការ​យោធា​សឹក​រង​ស្រុក​អង្គរបូរី​ ជំរិត​ទារ​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​ កំពុង​រក​មុខ​អ្នក​ទទួលខុសត្រូវ​មិន​ឃើញ



តាកែវ ​៖ ​ករណី​លោក​ស្រី​នាង សុ​វណ្ណា​រី ដែល​ជា​ម្ចាស់​ឈើ​ ហើយ​ត្រូវ​បាន​លោក​មេបញ្ជាការ​យោធា​សឹក​រង​ស្រុក​អង្គរ​បូរី ខេត្តតាកែវ ប្រើប្រាស់​កូនចៅ​ចំនួន​៦​នាក់​ឲ្យ​ទៅ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​របស់​គាត់ ដោយ​ចោទ​ពី​បទ​ដឹកឈើ​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ នៅ​ក្នុង​ភូមិ​លំ​ពង ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ខេត្តតាកែវ កំពុងតែ​រក​អ្នក​ដែល​ទទួល​យក​លុយ​ពី​ការ​បង់​ផាក​ពិន័យ​ចំនួន​១៦០០​ដុល្លារ​ នោះ​មិនទាន់​ឃើញ​នៅឡើយ​ទេ។

បើ​តាម​ការ​បកស្រាយ​ពី​លោក អ៊ូច យី មេបញ្ជាការ​យោធា​សឹក​រង​ស្រុក​អង្គរ​បូរី បាន​ប្រាប់​ថា លោក​ពិតជា​បាន​ប្រើប្រាស់​កូនចៅ​របស់លោក​ឲ្យ​ទៅធ្វើ​ការចាប់​ឃាត់​រថយន្ត​ដឹកឈើ​របស់​លោកស្រី នាង សុ​វណ្ណា​រី ពិតមែន ហើយ​រឿង​កូនចៅ​របស់​លោក​ឈ្មោះ គឹម ហាន ដែល​បាន​ជំរិត​ទារ​លុយ​ពី​រថយន្ត​ដឹកឈើ​នោះ លោក​ក៏បាន​កោះហៅ​មក​សួរនាំ​ដែរ តែ​ឈ្មោះ គឹម ហាន បាន​ឆ្លើយ​ថា លុយ​ដែល​គេ​ទទួលបាន​ចំនួន​១៦០០​ដុល្លារ​ពី​ការ​ចាប់​ផាក​រថយន្ត​ដឹក​ឈើ​នោះ ​ត្រូវ​បាន​ប្រគល់​ឲ្យ​លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខេត្តតាកែវ​អស់ហើយ។ ចំណែក​លោក សួស យឿន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខេត្តតាកែវ​វិញ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​មិន​បានទទួល​លុយ​ចំនួន​១៦០០​ដុល្លារ​ពី​ឈ្មោះ គឹម ហាន នោះទេ ហើយ​លោក​ក៏​មិនបាន​បញ្ជា​ទៅ​កម្លាំងយោធា​សឹក​រង​ស្រុក​អង្គរ​បូរី​ធ្វើការ​ចាប់​ផាក​រថយន្ត​ដឹកឈើ​ទាំងពីរ​គ្រឿង​នោះ​ដែរ។

លោក​បាន​បន្ត​ទៀត​ថា ពេល​ដែល​កម្លាំង​របស់​លោក​មេ​បញ្ជាការ​យោធា​សឹក​រង​ស្រុក​ធ្វើ​ការ​ឃាត់​រថយន្ត​ដឹក​ឈើ​នោះ​ហើយ ទើប​ហៅ​គាត់​ឲ្យ​ទៅ​មើល គាត់​ក៏បាន​ចុះ​ទៅ​ពិនិត្យ​មើល​មិន​ដល់​មួយ​ម៉ោង​ស្រួលបួល​ផង​ក៏បាន​ត្រឡប់មកវិញ ថែមទាំង​មិនបាន​ប្រាប់​ឲ្យ​ចាប់​ផាក​ទារ​លុយ​ទៀត​ផង។

ករណី​ដែល​បានកើត​ឡើង​ថា ​កម្លាំងយោធា​បាន​ទារ​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​នោះ​ លោក​មិនបាន​ដឹង​ទេ ហើយ​លោក​ក៏​មិន​បាន​ទទួល​លុយ​ពី​ឈ្មោះ គឹម ហាន ដូចដែល​គាត់​លើកឡើង​នោះ​ដែរ។

គួរ​រំលឹក​​ដែរ​ថា លោកស្រី​នាង សុ​វណ្ណា​រី បាន​ដឹក​ឈើ​ប្រភេទ​លេខ​ពីរ​មកពី​ភ្នំពេញ​យក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់ នៅតាម​ដងស្ទឹង​ក្នុងស្រុក​អង្គរ​បូរី​ដើម្បី​ឲ្យ​ពួកគាត់​ធ្វើ​ត្រើង​ចិញ្ចឹម​ត្រី ហើយ​លោកស្រី​នឹង​ទទួល​ទិញ​ត្រី​យក​ទៅលក់​បន្ត​វិញ​ពេល​ទទួល​ផល៕