ក្មេង​ស្រី​អាយុ​10​ឆ្នាំ​ផុង​ល្បាប់​ខ្សាច់​លិច​បាត់​ប្រមាណ​2​ម៉ោង

ក្មេង​ស្រី​អាយុ​10​ឆ្នាំ​ផុង​ល្បាប់​ខ្សាច់​លិច​បាត់​ប្រមាណ​2​ម៉ោង



រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ បាន​លិច​បាត់​ក្នុង​រណ្តៅ​បូម​ខ្សាច់ ដែល​ពេញ​ទៅ​ដោយ​ល្បាប់​ទន្លេ អស់​ប្រមាណ​២​ម៉ោង ទើប​រក​សព​ឃើញ និង​ម្នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ ខណៈ​ពេល​ពួក​នាង​រត់​លេង​លើ​ទីវាល​បូម​ខ្សាច់​ដែល​កំពុង​ហូរ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៥ ខែកក្កដា នៅ​ដី​វាល​ក្នុង​រណ្តៅ​ទំនាប​បឹង​ជីកដី​លក់ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា ។

ក្មេង​ស្រី​ដែល​ជួប​គ្រោះថ្នាក់​កប់​ក្នុង​ខ្សាច់​នេះ​ឈ្មោះ វ៉ា ស៊ីវ​ម៉ី អាយុ​១០​ឆ្នាំ មាន​ឪពុក​ឈ្មោះ សៅ វ៉ា ជា​កម្មករ ម្តាយ​ឈ្មោះ វុ​ធ សា​វី ជា​កម្មករ​នៅ​បុរី ឌឺ​មេគង្គ រ៉ូ​យ៉ា​ល់ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ភូមិ​ក្រាំង​ត្រ​យ៉ង ឃុំ​ក្រាំង​ត្រ​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។ អ្វី​ដែល​កាន់តែ​សោក​សង្វេគ​ជាង​នេះ​ទៀត​នោះ គឺ​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី ទើបតែ​ស្លាប់​ម្តាយ​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា កន្លង​មកនេះ ហើយ​ពេល​នេះ​ស្លាប់​កូនស្រី​ទៀត ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​និង​ប្អូនស្រី​អាយុ​៣​ឆ្នាំ បាន​នាំ​គ្នា​រត់​លេង​លើ​ទីលាន​ដែល​កំពុង​បូម​ខ្សាច់​របស់​ឈ្មោះ លឹ​ម ស្រូវ ដែល​បូម​លុបរណ្តៅ​ឲ្យ​ក្រុមហ៊ុន​មួយ ហើយ​ក៏​បាន​ផុង​ល្បប់​ខ្សាច់​លិច​បាត់​ក្នុង​ទឹក​រក​សព​ពុំ​ឃើញ ។ ខណៈនោះ​ក្មេង​ស្រី​ជា​ប្អូន ក៏​បាន​លង់ទឹក​ដែរ តែ​បាន​កម្មករ​នៅ​ក្បែរ​នោះ​ឃើញ​បាន​ជួយ​សង្គ្រោះ​ទាន់ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ក្មេង​ផុង​ខ្សាច់​លិច​បាត់ ក៏​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក្រុម​គ្រួសារ​និង​បងប្អូន​បាន​នាំ​គ្នា ចុះ​រាវ​កាយ​រក​រហូត​ដល់​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល ទើប​រក​ឃើញ ប៉ុន្តែ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ទិដ្ឋភាព​ដ៏​គួរ​ឱ្យ​សង្វេគ​បំផុត​នោះ គឺ​គេ​ឃើញ​ម្ដាយ​យំសោក​បោក​ខ្លួន ត្រូវ​បាន​សាច់ញាតិ​គ្រា​ដើរ​យ៉ាង​លំបាក ។ ចំណែក​ឪពុក​យំ​បោក​ខ្លួន​ក្រាប​ផ្ទាល់​ដី ដោយ​ក្ដី​វិយោគ​ក្រៃ​លែង ។

សោក​នា​កម្មនេះ ក៏​ជា​មូលហេតុ​ដែល​ធ្វេសប្រហែស បណ្ដែត​បណ្ដាល​ឱ្យ​កូន​ទៅ​លេង​ខ្សាច់ លេង​ទឹក​តាម​ចិត្ត ដែល​ជា​គ្រោះ​ដល់​ជីវិត គួរ​ឱ្យ​សោកស្ដាយ​ក្រៃ​លែង ៕