សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រកាស​ពង្រីក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ដល់​កម្ពុជា

តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ប្រកាស​ការ​ពង្រីក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា និង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ដទៃ​ទៀត​ក្នុង​ពិភពលោក។ កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋអាមេរិក (G.S.P) គឺ​ជា​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​មាន​ចំណាស់ ៤០​ឆ្នាំ​មក​ហើយ​បាន​ជួយ​ដល់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ រួម​ទាំង​ប្រទេស​កម្ពុជា ផង ដោយ​គ្មាន​ការ​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ជា​ច្រើន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា កន្លង​ទៅ​នេះ បាន​ដកស្រង់​ប្រសាសន៍​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោក ម៉ៃឃើល ហ្វ្រូម៉េន (Michael Froman) ថា សហរដ្ឋអាមេរិក បាន​ប្រើ​កម្មវិធី​ការ​អនុគ្រោះ​ពន្ធ​នេះ​ដើម្បី​ផ្ដល់​ដល់​ប្រទេស​ក្រីក្រ​ជាង​គេ​មួយ​ចំនួន​ក្នុង​ពិភពលោក រួម​មាន​កម្ពុជា​ផង នូវ​ជំនួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​គូប្រជែង​ដែរ​មាន​កម្រិត​ខ្ពស់។

ការ​ពង្រីក​ប្រព័ន្ធ​នេះ​មិន​ត្រឹមតែ​ផ្ដល់​អោយ​កម្ពុជា នូវ​លទ្ធភាព​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក ដែល​មាន​តម្លៃ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​លើក​ទឹកចិត្ត​ដល់​ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​កម្ពុជា ទៅ​ក្នុង​ផ្នែក​ថ្មីៗ​នៃ​ផលិតកម្ម​ដែល​ផ្ដល់​ការ​ចំណេញ​ទៀត​ផង។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) មាន​ប្រសាសន៍​ថា ការ​ប្រកាស​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក នេះ អាច​បើក​ទីផ្សារ​មួយ​ថ្មី​ទាំង​ស្រុង​សម្រាប់​ក្រុមហ៊ុន​នាំ​ចេញ​ពី​កម្ពុជា ហើយ​អាច​បង្កើត​អោយ​មាន​ការងារ​រាប់ពាន់​សម្រាប់​ប្រជាជន​កម្ពុជា ថែម​ទៀត។ សហរដ្ឋអាមេរិក លើកទឹកចិត្ត​អោយ​ផលិតករ​កម្ពុជា ទាញ​យក​ប្រយោជន៍​ពី​ឱកាស​ថ្មី​នេះ ដែល​នឹង​ជួយ​បង្កើន​មុខ​របរ ឬ​វិស័យ​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ជួយ​ជំរុញ​ដល់​កំណើន​ការ​លូតលាស់​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេស​មួយ​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។