បកស្រាយ​បំភ្លឺ​មិន​ខុស​ពី​ការ​ផ្សាយ​«​កោះសន្តិភាព​»​ទេ

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​គេហទំព័រ​«​កោះសន្តិភាព​» បាន​បង្ហោះ​ផ្សាយ​កាលពី​វេលា​ម៉ោង​១០ និង​២៩​នាទី​ព្រឹក ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ឆ្នាំ​២០១៦ កន្លង​មក ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដ៏​រសើប​ដែល​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ទៅ​លើ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ថា បាន​អនុញ្ញាត​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ យក​ដី​សាធារណៈ​មួយ​កន្លែង​នៅ​តំបន់​អភិរក្ស​ជើងភ្នំ​យ៉ា​ត ទៅ​ពុះ​ឡូត៍​ចែក​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ខណៈ​ប្រជា​ព​រដ្ឋ​ក្រីក្រ​ជាង​៣០​គ្រួសារ​រស់នៅ​ភាគ​ខាងកើត​ក្បែរ​ជើងភ្នំ​យ៉ា​ត​បែរជា​អត់​មាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​នោះ ។

រហូត​មក​ដល់​វេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក ហុ​ក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន បាន​ចេញ​មុខ​បកស្រាយ​បំភ្លឺ ដោយ​យក​ផែនទី​មក​បង្ហាញ​បញ្ជាក់​ថា ដី​ដែល​ស្ថិត​នៅ​ខាងឆ្វេង​ដៃ​ជាប់​នឹង​ផ្លូវ​ចាក់​បេតុង ដែល​អាជ្ញាធរ​សាងសង់​នៅ​ភាគ​ខាងលិច​ជើងភ្នំ​យ៉ា​ត​ជាប់​ទីលាន​កប់​សព​ខ្មោច​ចិន និង​សួន​អាពាហ៍ពិពាហ៍ ស្ថិត​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខាង​មន្ទីរ​របស់​លោក​មិន​បាន​ចេញ​ប្លង់​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​នរណា​ម្នាក់​កាន់កាប់​ធ្វើ​ជា​ដី​ឯកជន​ផ្ទាល់ខ្លួន​នោះ​ឡើយ ។ លោក​និយាយ​ថា​គឺជា​ដី​ដែល​ការិយាល័យ​សុរិយោដី​ក្រុង​បាន​បោះបង្គោល​ពណ៌​ក្រហម​ទុក​បម្រុង​សម្រាប់​សាងសង់​មហោស្រព​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយនឹង​សង់សាលា​វិ​ប្បះ​សនា (​សម្រាប់​ព្រះសង្ឃ​ធ្វើ​សមាធិ​) ។

លោក​បាន​បន្ត​ទៀត​ថា ចំណែក​ដី​នៅ​ខាងស្តាំ​ដៃ​ជាប់​នឹង​ផ្លូវ​ចាក់​បេតុង​វិញ គឺជា​ដី​ដែល​ត្រូវ​បាន​បែងចែក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​គេ​អស់ហើយ ព្រោះ​ដី​នោះ​អាជ្ញាធរ​ខេត្ត​មាន​គម្រោង​តាំងពី​សមាហរណកម្ម​មក​ម្ល៉េះ ។ ម្យ៉ាងវិញទៀត ដី​នៅ​ត្រង់​ចំណុច​ខាងលើ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​តែ​នាំ​គ្នា​ប្រកប​របរ​លក់ដូរ​កំ​ប៉ិ​កំប៉ុក​រាល់ពេល​ល្ងាច​ៗ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឡើង​ទៅ​លេង​កំសាន្ត​នោះ គឺ​គ្មាន​នរណា​ម្នាក់​អាច​យក​ធ្វើ​ជា​របស់​ខ្លួន​បាន​នោះ​ទេ ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​អះអាង​នោះ​មិនមែន​ជា​រឿង​ពិត​នោះ​ឡើយ ។ ចំណែក​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ មិនមែន​ជាង​៣០​គ្រួសារ​ទេ ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​យ៉ា​ត​ភាគ​ខាងកើត គឺ​មិន​អាច​យក​ដី​ទាំងនោះ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​ទេ ព្រោះ​វា​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​អាជ្ញាធរ​ក៏​មិន​បាន​រៀបចំ​ទុក​ពី​សម័យ​សមាហរណកម្ម​សម្រាប់​ចែក​ឱ្យ​ពួក​គេ​ទាំងនោះ​ដែរ ទោះបីជា​រស់នៅ​យូរ​ប៉ុណ្ណា​ក៏​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ដែរ ពោល​គឺ​នៅ​ថ្ងៃ​ណាមួយ​ពួក​គាត់​ត្រូវ​តែ​នាំ​គ្នា​ទៅ​រស់នៅ​កន្លែង​ណាមួយ​ដែល​ជា​ដី​កម្មសិទ្ធិ​ផ្ទាល់​របស់​ខ្លួន ៕