ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ គ្រោង​សម្ពោធ​ក្នុង​ដំណាក់កាល​ទី​1

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​រាជរដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១២ មេ​សា ២០១៣​នោះ ស្ថាបនា​ជិត​រួចរាល់​ហើយ​សម្រាប់​ដំណាក់កាល​ទី​១ ពេល​នេះ​ក្រុមការងារ​កំពុង​ជំរុញ​ឱ្យ​រួចរាល់​ចុងឆ្នាំ​២០១៦ ។ បើ​មិន​មានការ​ប្រែ​ប្រួល​ទេ​នោះ ពហុ​កីឡដ្ឋាន​មួយ​នេះ​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ និង​បើក​ការដ្ឋាន​ដំណាក់កាល​ទី​២​សម្រាប់​បន្ត​ស្ថាបនា​ស្តា​ត​ធំ​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៧ និង​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ​២០២០ ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សាងសង់​មូលដ្ឋាន​គ្រឹះ​ជិត​រួចរាល់​ហើយ ក្នុង​នោះ​មាន​មណ្ឌល​កីឡាហែលទឹក កន្លែង​ស្នាក់​នៅ​របស់​កីឡាករ ហៅ​ថា​ភូមិ​កីឡា ដែល​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សម្រាប់​ដំណាក់កាល​ទី​១ និង​បើក​ការដ្ឋាន​ដំណាក់កាល​ទី​២ សម្រាប់​បន្ត​ស្ថាបនា​ស្តា​ត​ធំ​នៅ​អំឡុង ខែមីនា​ឆ្នាំ​២០១៧ ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក​បន្ត​ថា ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ មាន​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១​មាន​រយៈពេល​៤​ឆ្នាំ ដំណាក់កាល​ទី​២​មាន​៤​ឆ្នាំ និង​ដំណាក់កាល​ទី​៣​មាន​រយៈពេល​ខ្លី​ជា​ដំណាក់​កាល​តុបតែង​កែ​លម្អ និង​ការងារ​សម្អាត​ប៉ុណ្ណោះ​។ ជា​ផែនការមេ​ស៊ី​ហ្គេ​ម គឺ​ធ្វើ​យ៉ាងណា​សាងសង់​ឱ្យ​ហើយ​ក្នុង​ឆ្នាំ​២០១៩ និង​២០២០ ដើម្បី​ទុក​ពេល​៣​ទៅ​៤​ឆ្នាំ​សម្រាប់​ធ្វើការ​ប្រកួត និង​ប្រើប្រាស់​សាកល្បង ។

លោក វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ទៀត​ថា ការ​សាងសង់​ពហុ​កីឡដ្ឋាន​នេះ​គោរព​តាម​ទស្សនាទាន​បៃតង​នៃ​ចលនា​ស៊ី​ហ្គេ​ម​របស់​ពិភពលោក ដោយ​ទុក​៦០%​សម្រាប់​តំបន់​បៃតង ក្រៅពី​នោះ ជា​សំណង់​អគារ និង​កន្លែង​ហ្វឹកហាត់ ដែល​មាន​ផ្ទៃដី​សរុប​៨៥​ហិ​កតា ។ ចំពោះ​សំណង់​អគារ​នេះ​មាន​សាងសង់​ជា​កីឡដ្ឋាន​ធំ​សម្រាប់​ធ្វើ​ពិធី​បើក​និង​បិទ​ស៊ី​ហ្គេ​ម មាន​តារាង​បាល់ទាត់ អត្តពលកម្ម មណ្ឌល​កីឡាហែលទឹក មាន​កីឡដ្ឋាន​ក្នុង​សាល មាន​បាល់បោះ បាល់ទះ សី ក្រៅពី​នេះ​នៅ​ខាងក្រៅ មាន​កន្លែង​ហ្វឹកហាត់​កីឡា​បាញ់កាំភ្លើង បាល់អោប បាល់ទះ និង​បាញ់​ធ្នូ​ជាដើម ។

លោក​បន្ត​ថា កីឡា​មាន​ជាង​២០​ប្រភេទ​អាច​ហាត់​នៅ​ក្នុង​នោះ​បាន ប៉ុន្តែ​ត្រូវ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​មាន​ប្រព័ន្ធ​បាន​ច្បាស់លាស់​ផង​ដែរ ក្នុង​នោះ​មាន​ជា​ស្រះ​ទឹក និង​អាង ជា​ស្ថាបត្យកម្ម​ដែល​ទាញ​យក​ទស្សនាទាន​ពី​អង្គរ ប៉ុន្តែ​ពហុ​កីឡដ្ឋាន​នេះ មិន​អាច​ទាញ​យក​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ទាំងអស់​ក្នុង​ឆ្នាំ​២០២៣​នោះ​បាន​ទេ គ្រាន់តែ​ជា​ចំណែក​ធំ​មួយ​ស្រូប​យក​៧០​ទៅ​៨០%​នៃ​ប្រភេទ​កីឡា​ដែល​មាននៅ​ក្នុង​ស៊ី​ហ្គេ​ម​នោះ នៅ​សល់​៣០​ទៅ​៤០% ត្រូវធ្វើ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ទើប​អស់​ដូច​ជា ស្តា​ត​ចាស់​ក៏​មានការ​រៀបចំ​ឡើង​វិញ​ឱ្យ​មាន​ស្តង់ដារ​ដូច​ជា​ការ​ប្រកួត​បាល់ទាត់​ជម្រុះ​បាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ កីឡា​លើ​ទឹក​មួយ​ចំនួន​ទៀត​ដូច​ជា​អុំទូក​ជាដើម​ដែល​ត្រូវ​រៀបចំ​នៅ​កំពត ព្រោះ​ទីនោះ​ជា​មជ្ឈមណ្ឌល​កីឡា​លើ​ទឹក​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក ។

នៅ​មានការ​ប្រើប្រាស់​កន្លែង​មួយ​ចំនួន​ទៀត​របស់​វិស័យ​ឯកជន ដូច​ជា​កោះ​ពេជ្រ​ជាដើម​ដែល​មាន​ដំបូល​ខ្ពស់​ៗ​អាច​លេង​កីឡា​នៅ​ទីនោះ​មាន កា​រ៉ា​តេ​ដូ ឬ​បោកចំបាប់​ជាដើម ដែល​ច្បាប់​ស៊ី​ហ្គេ​ម​គេ​តម្រូវ​ឱ្យ​មាន​យ៉ាងតិច​២២​ប្រភេទ​កីឡា​ឡើង​ទៅ​ទើប​អាច​ឱ្យ​បើក​បាន​។ ដូចនេះ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ត្រៀម​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​រួចរាល់​មុន​ឆ្នាំ​២០២០​តែ​ម្តង ៕