ជនជាតិ​វៀតណាម​ចំនួន​១០​នាក់​ ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ខេត្ត​កំពង់ស្ពឺ​បណ្ដេញ​ចេញពី​កម្ពុជា

ជនជាតិ​វៀតណាម​ចំនួន​១០​នាក់​ ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ខេត្ត​កំពង់ស្ពឺ​បណ្ដេញ​ចេញពី​កម្ពុជា



កំពង់ស្ពឺ ​៖ ​ពលករ​ចំណាក​ស្រុក​ចំនួន​១០​នាក់​ បាន​ឆ្លងដែន​មក​ធ្វើ​ការងារ​រកស៊ី នៅ​កម្ពុជា​ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ អន្តោប្រវេសន៍ ​នៃ​ស្នងការដ្ឋាន ​ខេត្ត​កំពង់ស្ពឺ រក​ឃើញ​ក្នុង​សិប្បកម្ម​ផលិត​ពុម្ព​ដែក​មួយ​កន្លែង ក្នុង​ភូមិ​ស្រែ​ត្រោក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​០៦ ខែ​​កក្កដា​ ឆ្នាំ​២០១៦​នេះ។

សមត្ថកិច្ច​នគរបាល​បាន​និយាយ​ថា ជនបរទេស​ ​ជា​ជនជាតិ​វៀតណាម​ទាំង​១០​នាក់​នោះ​​ ​​មាន​លិខិតឆ្លងដែន និង​ប្រថាប់ត្រា​ចេញចូល​ត្រឹមត្រូវ ប៉ុន្តែ​គ្មាន​ទិដ្ឋាការ​ស្នាក់នៅ សៀវភៅ​ការងារ​នោះ​ទេ គឺ​មាន​ន័យ​ពួកគេ​ទាំង ១០​នាក់​អាច​ចូល​មក​កម្ពុជា​ក្នុង​លក្ខណៈ​ជា​អ្នក​ទេសចរ​​ដើរ​កម្សាន្ត​លេង ដែល​មាន​សុពលភាព​រយៈពេល​៣០​ថ្ងៃ មិន​អាច​ចូល​មក​ដើម្បី​បម្រើ​ការងារ រកស៊ី​បាន​ឡើយ។ ប្រភព​បន្តថា បន្ទាប់ពី​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម ដែល​មក​ប្រកបការងារ​រកស៊ី​ខុស​ដោយ​គ្មាន​ច្បាប់​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ អំពី​ផ្លូវច្បាប់ និង​ធ្វើ​កិច្ចសន្យា​កំណត់​រយៈពេល ១​សប្ដាហ៍​ទៀត​ត្រូវ​ចេញ​ឲ្យ​ផុតពី​ទឹកដី​កម្ពុជា។

យោង​​តាម​មាត្រា​២៦១​ ច្បាប់​ស្ដីពី​ការងារ​បាន​ចែង​ថា គ្មាន​ជនបរទេស​ណា​ម្នាក់ ​អាច​ប្រកបមុខរបរ​ណាមួយ ដោយ​គ្មាន​ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​ ដែល​ចេញ​ដោយ​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ ចូល​មក​​​ធ្វើ​ការងារ​នៅ​កម្ពុជា​បាន​ឡើយ។ ដូច្នេះ​ពលករ​ជាតិ​វៀតណាម​ទាំង ១០​នាក់​នេះ ពួកគេ​បាន​ប្រើប្រាស់​លិខិតឆ្លងដែន និង គ្រាន់តែ​ប្រថាប់ត្រា​ចេញចូល គ្មាន​ទិដ្ឋាការ​ស្នាក់នៅ (E.VISA) តាម​ច្រក ដែល​មាន​សុពលភាព​ត្រឹម​ ៣០​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​ប្រកប​របរ​រកស៊ី​យក​កម្រៃ​បាន​ឡើយ , មានន័យថា អាច​ចូល​មក​ទេសចរ ឬ ស្នាក់នៅ​រយៈពេល​ខ្លី។

បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំងនោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ ណែនាំ ធ្វើ​កិច្ចសន្យា ដោយ​កំណត់ទុក​រយៈពេល ១​សប្ដាហ៍​ទៀត​ត្រូវ​ចេញពី​ទឹកដី​កម្ពុជា​ឲ្យ​ផុត៕