អាមេរិក​ប្រកាស​លើក​លែង​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​​ ​​ផលិត​នៅ​កម្ពុជា

រាជធានីភ្នំពេញ៖ ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសអនុគ្រោះផ្នែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជា លើទំនិញសម្រាប់ការធ្វើដំណើរ ដូចជា វ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហោប៉ៅ ដែលនឹងអាចនាំរបស់ទាំងនេះ ទៅកាន់សហរដ្ឋអាមេរិក ដោយមិនបាច់បង់ពន្ធ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានី ភ្នំពេញ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ការពង្រីកកម្មវិធី នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋ អាមេរិក សម្រាប់ប្រទេសមានការអភិវឌ្ឍន៍តិចជាងគេ និង ប្រទេសអាហ្វ្រិក នៅថ្ងៃទី៣០ ខែមិថុនា ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសការពង្រីកដ៏ធំមួយនៃការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដែលនឹងនាំប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា។
ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋ អាមេរិក ប្រទេសកម្ពុជានិងប្រទេសកំពុងអភិវឌ្ឍតិចតួចដែលទទួលបានអត្ថប្រយោជន៍ (LDBDCs) ព្រមទាំងប្រទេសដែលមានកំណើនសេដ្ឋកិច្ចជាមួយកាលានុវត្តភាពនៃ ទ្វីបអាហ្វ្រិក (AGOA) ដែលផលិតរបស់សម្រាប់ការធ្វើដំណើរ ដូចជា វ៉ាលី កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហោប៉ៅ នឹងអាចនាំរបស់ទាំងនេះទៅកាន់សហរដ្ឋអាមេរិក ដោយមិន បាច់បង់ពន្ធ។
ការពង្រីកប្រព័ន្ធ GSP មិនត្រឹមតែផ្ដល់ឲ្យកម្ពុជានូវលទ្ធភាពចូលទៅក្នុងទីផ្សានាំចូលរបស់សម្រាប់ការធ្វើ ដំណើរដែលមានតម្លៃចំនួន ១០ ពាន់លានដុល្លារអាមេរិក នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែវាថែមទាំងលើក ទឹកចិត្តដល់ការអភិវឌ្ឍថែមទៀត នៃឧស្សាហកម្មវាយនភណ្ឌ របស់កម្ពុជា ទៅក្នុងផ្នែកថ្មីៗនៃផលិតកម្មដែលផ្តល់ការចំណេញ។
ក្នុងសេចក្ដីប្រកាស លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា៖ “ការប្រកាសនេះរបស់ការិយាល័យនៃ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអាចបើកទីផ្សាមួយថ្មីទាំងស្រុងសម្រាប់ ក្រុមហ៊ុននាំចេញកម្ពុជា ហើយអាចបង្កើតអោយ មានការងាររាប់ពាន់សម្រាប់ប្រជាជនកម្ពុជា។ យើងលើកទឹកចិត្តអោយផលិតករកម្ពុជាទាញយកប្រយោជន៍ ពីឱកាសថ្មីនេះ ដែលនឹងជួយបង្កើនមុខវិស័យនៃមូលដ្ឋាន សេដ្ឋកិច្ចរបស់កម្ពុជា ជួយជំរុញកំណើនលូតលាស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ””។

ក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ ក៏បានបញ្ជាក់ផងដែរថា GSP គឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្ម ដែលមានចំណាស់៤០ ឆ្នាំមកហើយ ដោយនៅក្រោមកម្មវិធីនេះ គ្មានការយកពន្ធលើទំនិញនាំចូលជាច្រើន ពីប្រទេសកំពុងអភិវឌ្ឍ និង ផលិតផលបន្ថែមទៀតពីប្រទេស LDBDCs ៕

អាមេរិក​ប្រកាស​លើក​លែង​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​​ ​​ផលិត​នៅ​កម្ពុជា

ប្រភព៖ kqube

Loading...

loading...