បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី មន្ត្រី​ជំនាញ​មិន​ចាត់វិធានការ​បង្ក្រាប​

ជនជាតិដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​រា​ដែ​ត ឃុំ​ស្រែ​អំ​បូម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា​រហូតមក​ដល់ពេលនេះ អាជ្ញាធរ​ស្រុក អាជ្ញាធរខេត្ត និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ ហើយ​សកម្មភាព​បំផ្លាញ​ព្រៃ​សហគមន៍​នៅតែ​កើតឡើង​ឥតឈប់ឈរ​។ ជនជាតិដើម​ភាគតិច​ព្នង​ភូមិ​រា​ដែ​ត បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ថា បើ​គ្មាន​ការទប់ស្កាត់​ទាន់ពេលវេលា​ទេនោះ ព្រៃ​សហគមន៍​ក្នុង​មូលដ្ឋាន​ពួកគាត់​នឹងត្រូវ​រលាយ​ជាមិនខាន​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​រា​ដែ​ត ឃុំ​ស្រែ​អំ​បូម បាន​ឲ្យ​ដឹងថា​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ចុះបញ្ជី​ការពារ​ជាង​៥០​ហិកតា ត្រូវគេ​ឈូសឆាយ​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​។ ហេតុនេះហើយ​ទើប​ជនជាតិដើម​ភាគតិច​ព្នង​ជិត​១០០​នាក់​រួមជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ព្រមទាំង​ស្ថាប័ន​និង​ក្រសួង​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ក្នុងនោះ​កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​បាន​រកឃើញ​ឈើ​រាប់ពាន់​ដើម​ក្នុង​តំបន់​ព្រៃស្រោង ដែល​អភិរក្ស​ដោយ​សហគមន៍​ប្រមាណ​៥០​ហិកតា​ត្រូវ​ឈ្មួញ​យក​គ្រឿងចក្រ​ឈូសឆាយ​រំលំ ហើយ​គ្រោង​ដុត​ទន្ទ្រាន​យក​ដី​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ​តំណាង​សហគមន៍​ភូមិ​រា​ដែ​ត បាន​ឲ្យ​ដឹងថា​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​សហគមន៍ បាន​កើតឡើង​តាំងពី​អំឡុង​ពាក់កណ្ដាល​ខែមិថុនា ហើយ​រហូតដល់​ដើមខែ​កក្កដា ឆ្នាំ​២០១៦ ទើប​ពួកគាត់​បានដឹង​រួច​ប្ដឹងទៅ​អាជ្ញាធរ​ឃុំ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឲ្យ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ដល់​កន្លែងកើតហេតុ​។ មេឃុំ​ស្រែ​អំ​បូម លោក ហុយ ប៊ុន​លឿន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​ដែល​ចូលមក​ឈូសឆាយ​ព្រៃ​សហគមន៍​ឃុំ​រា​ដែ​ត មិនបាន​ជូនដំណឹង​ឬ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ​នោះឡើយ​។ បច្ចុប្បន្ន​ព្រៃ​សហគមន៍​ដែលមាន​ទំហំ​១៣៣២​ហិកតា​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​៕

287លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ