មន្ត្រីនគរបាល និង​មន្ត្រី​យោធា ជាប់​ពាក់ព័ន្ធ​បទល្មើស​នាំ​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​ដី ហៅ​ច្រក​០១

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​ដី ហៅ​ច្រក​០១ ដែលមាន​ទីតាំងនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មេ​ប៉ុស្ដិ៍​ឡា​បា​ខេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កងរាជអាវុធហត្ថ​ជាដើម មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​នោះទេ​។ ផ្ទុយទៅវិញ​មាន​មន្ត្រីនគរបាល និង​មន្ត្រី​យោធា​នៅក្នុង​តំបន់​នោះ ត្រូវគេ​ដឹងថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ក្នុង​មួយ​យប់ៗ​ឈ្មួញ​នាំ​ឈើ​ចេញ​តាម​ច្រករបៀង​ង៉ាំ​ដី ហៅ​ច្រក​០១ ជាច្រើន​រថយន្ត​ដោយមាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច​នគរបាល និង​យោធា​ឈរជើង​តាម​ព្រំដែន​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រករបៀង​ង៉ាំ​ដី ហៅ​ច្រក​០១ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​តែង​ឆ្លៀតឱកាស​ទាំងយប់​ទាំង​ថ្ងៃ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​រថយន្ត​ទំនើបៗ រថយន្ត​កែច្នៃ និង​រថយន្ត​សាំ​យ៉ុង​ជាដើម​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​កែវ​សីមា មិន​ខ្វល់​ពី​រឿង​ឈ្មួញ​ដឹកឈើ​ចេញ​តាម​ច្រករបៀង​ង៉ាំ​ដី ហៅ​ច្រក​០១ ក្នុង​មួយថ្ងៃ​ពី​៥​ទៅ​១០​រថយន្ត​នោះទេ ដោយ​ពួកគេ​គិតគូរ​តែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈើ​ដែល​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ គឺជា​កូនស្រី​របស់លោក ឃិន ម៉េង​ស្រេង មេបញ្ជាការរង​យោធា​ខេត្តមណ្ឌលគិរី ឈ្មោះ ស្រី​ពេជ្រ ហើយ​ឈ្មួញ​ម្នាក់ទៀត​ឈ្មោះ ហួត រ័ត្ន ជា​មន្ត្រី​យោធា​នៅ​ស្រុក​កែវ​សីមា​។ ឈ្មួញ​ទាំង​២​នាក់​នេះ អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​បន្តធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​ដី ហៅ​ច្រក​០១ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន គឺជា​រឿង​ឥតន័យ​ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​ដី ហៅ​ច្រក​០១ ទាំងយប់​ទាំង​ថ្ងៃ​៕

13612237_1061236180636638_1790369023497406398_n 13620072_1061236167303306_6656470266921208722_n 13619870_1061236143969975_6000443320573747002_n