មើលសុទ្ធតែ​ចឹង ! អ្នកណាមិនភ័យ​បះសក់

​ខេត្ត​ឧត្ត​រមានជ័យ ៖ គ្រាប់​មិន​ទាន់​ផ្ទុះ​ ​ប្រភេទ​បេ​៤១​មួយ​​គ្រាប់ ដែល​សល់​ពី​សម័យ​​សង្គ្រាម ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ដី ខណៈ​ពួក​គាត់​​យក​ត្រាក់ទ័រ​ទៅ​​ភ្ជួរ​​ដី បង្កឱ្យ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង៨ព្រឹក​ថ្ងៃ​ទី​៦ ​កក្កដា ២០១៦​ ស្ថិត​នៅ​ដីចំការ​មួយ​កន្លែង ខាង​ក្រោយផ្ទះ​របស់​ខ្លួន ក្នុងភូមិ​ព្រៃ​ស្អា​ក់ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ ​។

ម្ចាស់​ដីចម្ការ​ដែល​​ភ្ជួរ​ដី​​នេះ ឈ្មោះ​ម៉ែ​ន ពេជ្រ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៥១ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ បាន​​រៀបរាប់​​​ថា ដីចំការ​ខាងលើ​នេះ​ រូប​គាត់​បាន​ភ្ជួរដីអាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ប្រទះ​ឃើញ​មាន​គ្រាប់​អ្វី​នោះ​ទេ ។ ទើបតែលើក​​នេះ ពេល​គាត់​កំពុង​តែ​ភ្ជួរ​ដី​ស្រែ​ជា​ធម្មតា ស្រាប់តែ​ឃើញ​ប្រភេទ​គ្រាប់​បេ​នេះ​តែ​ម្តង ​ធ្វើ​ឱ្យ​​គាត់​មាន​​ភ័យ​​ស្លន់ស្លោ​ ខ្លាច​​បង្ក​គ្រោះថ្នាក់ ។ តែ​សំណាងែរ ​វា​មិន​ទាន់​ផ្ទុះ ​។

លោក​ស៊ន អត្ថ​រ័​ត្ន ជា​មន្ត្រី​នគរបាល​ប្រចាំ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ត្រពាំង​ប្រាសាទ បាន​​ចុះ​ដល់ទី​តាំង​ដីចម្ការ​​ខាងលើ ពិនិត្យ​ឃើញថា ​ជា​ប្រភេទ​គ្រាប់​បេ​៤១ ដែល​កប់​នៅ​ក្នុង​ដីតាំងពី​សម័យ​សង្គ្រាម​មែន​ ។ ហើយ​លោក​កំពុង​តែ​ធ្វើការ​ទំនាក់ទំនង​ទៅ​អង្គភាព​កំចាត់​មីន ដើម្បី​យក​ទៅកម្ទេច​​ចោល និងរាវរក​នៅ​ជុំវិញ​បរិវេណ​ក្នុង​ទីតាំង​ខាងលើ ក្រែង​មានសេស​សល់ ។