ម្ចាស់​ផលិត​កម្មសម្រេច​លុប​ចោល​បទ​ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន”

ផលិតកម្ម​ U Music បាន​ប្រកាស​ពី​ការ​ប្ដូរ​ចំណង​ជើង និង​ខ្លឹម​សារ​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” ថ្មី​ៗ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី ​មហាជន​នៅ​តែ​បន្ត​​រិះគន់​រឿង​ចម្លង​បទ​ភ្លេង​ពីគេ ទៀត។ ដូច្នេះ​នៅ​ព្រឹក​នេះ ផលិត​ខាង​លើ បាន​សម្រេច​លុប​ចោល​ការ​ថត​ស៊ីឌី​ចេញ​លក់​បទ​ដែល​ទទួល​រង​ការ​រិះគន់​នេះ​ហើយ។

 

ការ​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នេះ ក៏​បន្ទាប់​ពី​​ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​ផ្លូវ​ការណ៍​​​​​មួយ​ទៅ​កាន់​ម្ចាស់​ស្ថានីយ​ វិទ្យុ-ទូរទស្សន៍​ទាំង​អស់​ ឲ្យ​បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង “ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ” របស់​លោក កែវ វាសនា និង​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” របស់​កញ្ញា ម៉ាលីស​ដែរ។​ ​ម្ចាស់​ផលិតកម្ម​ U Production ហង្ស​ ​រដ្ឋា បន្ត​មក​កាន់​​ Sabay មុន​នេះ​ថា ​ពី​ដំបូង​ឡើយ​ ​ក្រុម​ការងារ​លោក ក៏​មិន​មាន​ចេតនា​បិទ​បទ​នេះ​ដែរ គ្រាន់​តែ​កែ​ចំណង​ជើង​ និង​ខ្លឹម​សារ​ខ្លះ។​ ប៉ុន្តែ​ដោយសារ​ការ​រិះ​គន់​ មាន​ទំហំ​ធំ​ពេក រហូត​ដល់​ព្រឹកមិញ​ខាង​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​ថា​ ឈប់​ឲ្យ​ចាក់​ផ្សាយ​ទាំង​ពី​របទ​ខាង​លើ​ទៀត ដូច្នេះ​លោក​ សម្រេច​ថា នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​ទស្សនិកជន​នេះ​។

 

 

ម្ចាស់​ផលិត​កម្មសម្រេច​លុប​ចោល​បទ​ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន”លិខិត​ក្រសួង​ព័ត៌មាន​ចេញ​ព្រឹកមិញ

 

“បាទ​ ម្សិល​មិញ​ ថា​នឹង​កែ​ប្រែ​ចំណុច​ខ្វះខាត​នៃ​បទ​នេះ​ឡើង​វិញ ប៉ុន្តែ​ដល់​ឃើញ​បងប្អូន​នៅ​តែ​រិះ​គន់​នឹង​សំណូម​ពរ​ឲ្យ​បិទ​ច្រើន​យ៉ាង​នេះ ការពិត​ខ្ញុំ​ចង់​កែ​ប្រែ​ឡើង​វិញ​ ប៉ុន្តែ​តនាំ​តែ​ពិបាក​។ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​តាម​បងប្អូន​”។ លោក ហង្ស រដ្ឋា ថ្លែង។

 

ម្ចាស់​ផលិត​កម្មសម្រេច​លុប​ចោល​បទ​ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន”

រូបភាព​៖ ហ្វេស​ប៊ុក​ ម៉ាលីស

 

យ៉ាង​ណា​មិញ​ ជួប​ជាមួយ​​អ្នក​និពន្ធ​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” នរៈ សិង្ហស័ក​ វិញ​ លោក​ ក៏​បាន​បញ្ចេញ​​យោបល់​មិន​ខុស​គ្នា​ប៉ុន្មាន​ ពី​ម្ចាស់​ផលិត​កម្ម​ដែរ។ លោក​ថា​ដើម្បី​បំពេញ​ចិត្ត​បងប្អូន​ និង​កុំ​ឲ្យ​មាន​ការរិះ​គន់​ជាង​នេះ លោក​សម្រេច​ចិត្ត​ថា​ នឹង​មិន​មាន​ការ​កែ​ប្រែ​ជា​ថ្មី​ទេ។ នរៈ សិង្ហស័ក ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ កាល​ពី ម្សិល​មិញ​ខាង​ក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​រូប​លោក​ដើម្បី​ទៅ​ពិភាក្សា​ពី​បញ្ហា​បទ​នេះ​ដែរ​។

 

បន្ថែម​ពី​នេះ​​​លោក​អះអាង​ទៀត​ថា​៖ “ម្សិល​មិញ​ខ្ញុំ​បាន​ទៅ​ជួប​ខាង​ក្រសួង​ គាត់​បាន​ណែនាំ​ពី​ការ​និពន្ធ​បទ​នេះ​ដែរ​ ហើយ​គាត់​ថា​ បើមាន​ការ​ប្រែ​សម្រួល​បទ​នេះ​ជា​ថ្មី​ ខាង​ក្រសួង​អត់​ថា​អីទេ ប៉ុន្តែ​ដោយសារ​ការ​រិះ​គន់​ពី​បងប្អូន​ច្រើន​ ដូច្នេះ​​​ខ្ញុំ​នឹង​បង​ខាង​ផលិត​កម្ម​ សម្រេច​នឹង​បិទ​បទ​មួយ​នេះ​ហើយ​ ដើម្បី​លុបលាង​​កំហុស​​ដ៏​ធ្ងន់​មួយ​ដែល​ខ្ញុំ​បាន​តែង​សម្រាប់​ ម៉ាលីស ឥឡូវ​ខ្ញុំ​​កំពុង​តែ​ធ្វើ​បទ​ស្នាដៃ​និពន្ធ​ថ្មី​មួយ​ចំនួន​ទៅ​ដល់នាង ដើម្បី​ជា​ការ​លុប​លាង​កំហុស​​ដែរ”៕​

 

អត្ថបទ៖ ថា ម៉ាលីដា​​