ពលរដ្ឋ​រស់នៅ​លើ​ខ្នងភ្នំ​គូលែន​ជាង​៣០០​គ្រួសារ​ ជំទាស់​នឹង​អាជ្ញាធរ ​ដែល​មាន​គម្រោង​ជម្លៀសពួកគាត់​ចេញពី​លំនៅឋាន​

ពលរដ្ឋ​រស់នៅ​លើ​ខ្នងភ្នំ​គូលែន​ជាង​៣០០​គ្រួសារ​ ជំទាស់​នឹង​អាជ្ញាធរ ​ដែល​មាន​គម្រោង​ជម្លៀសពួកគាត់​ចេញពី​លំនៅឋាន​

សៀមរាប ៖ ពលរដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ ​ដែល​អាជ្ញាធរ​មាន​គម្រោង​ជម្លៀស​ចេញពី​តំបន់​ទេសចរណ៍​ភ្នំ​គូលែន ​បាន​ធ្វើការ​ជំទាស់​ ដោយ​មិន​ព្រម​ចាកចេញ​ពី​ភូមិ ​ដោយ​អះអាង​ថា ​ការផ្លាស់ប្ដូរ​ទីលំនៅ​ថ្មី​នោះ គឺ​អាច​ប៉ះពាល់​ដល់​ជីវភាព​ និង​បាត់បង់​មុខរបរ​ប្រចាំថ្ងៃ​របស់​ពួកគាត់។

ក្រុម​អ្នកភូមិ​នៅ​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​ប្រាប់​ថា ពួកគាត់​ទាំងអស់​មិន​ព្រម​ចេញ​ភូមិ​តាម​គម្រោង​អាជ្ញាធរ​នោះ​ឡើយ ​បើ​ទោះ​បី​ជា​មាន​សំណង​ឬ​ផ្ដល់​ដី​សង្គមកិច្ច​ក៏ដោយ ដោយ​អះអាង​ថា ការ​តាំង​ទីលំនៅ​ថ្មី​នោះ ​ធ្វើ​ឲ្យ​បាត់បង់​មុខរបរ​ និង​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពួកគាត់ ​ខណៈ​ដែល​លំនៅឋាន​អ្នកភូមិ​មានតម្លៃ​រាប់ពាន់​ម៉ឺន​ដុល្លារ។ អ្នកភូមិ​បាន​បន្ដ​ទៀត​ថា ​ការរស់នៅ​របស់​ពួកគេ​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដូច​ការ​លើកឡើង​របស់​អាជ្ញាធរ​ឡើយ។

មេឃុំ​ខ្នងភ្នំ​លោក ឈឿ​ម តាំង ធ្លាប់​មាន​ប្រសាសន៍​ថា​​ លោក​ទទួល​បាន​សេចក្ដី​សម្រេច​ពី​សាលា​ខេត្ត​ឲ្យ​ស្រង់​ឈ្មោះ​ពលរដ្ឋ​ ដែល​ជា​គ្រួសារ​កងទ័ព ​និង​សំណង់​អានាធិបតេយ្យ​ ដែល​ទើប​កើត​ថ្មីៗ។

លោក​បន្ថែម​ថា ​ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​លើ​ភ្នំ​គូលែន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍ប្រវត្តិសាស្ត្រ​ភ្នំ​គូលែន​នោះ។

ប្រធាន​មន្ទីរ​បរិស្ថាន​លោក ភួង លី​ណា មានប្រសាសន៍ថា​ ពលរដ្ឋ​ដែល​ត្រូវ​ចាក​ចេញពី​ភូមិ​ព្រះអង្គ​ធំ​មាន​ប្រមាណ​ជាង​៣០០​គ្រួសារ​ ដែល​ជា​គ្រួសារ​កងទ័ព ​និង​ពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​ថ្មីៗ​ ប៉ុន្តែ​លោក​ថា ​ចំណែក​សំណង់​លក់ដូរ​ផ្សេងៗ​ អាជ្ញាធរ​នឹង​រៀបចំ​ឲ្យ​មាន​សណ្ដាប់​ធម្មតា​ឡើងវិញ​ ដែល​លោក​ថា ​ទីតាំង​ថ្មី​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីតាំង​ចាស់។ លោក​បន្ត​ថា ការដែល​អាជ្ញាធរ​ធ្វើ​បែបនេះ​ គឺ​ដើម្បី​រៀបចំ​ថែរក្សា​បរិស្ថាន​ នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ដែល​នឹង​គ្រោង​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​ពិភពលោក។

ទាក់ទិន​ករណី​នេះ​ដែរ​អ្នក​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ខេត្ដ​សៀមរាប ​លោក នូ ពុទ្ធិ​មានប្រសាសន៍ថា ការផ្លាស់ប្ដូរ​ទីលំនៅ​របស់​ពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​នៅ​តំបន់​ណាមួយ ​ត្រូវ​មាន​ការ​យល់ព្រម​ឬ​ស្ម័គ្រចិត្ត​ពី​ពួកគាត់ ​ហើយ​លោក​ថា មិន​ត្រូវ​យក​ពួកគេ​ទៅ​បោះចោល​នោះ​ទេ​។​

លោក​បន្ត​ថា ត្រូវ​មាន​ទីតាំង​ច្បាស់លាស់ ផ្ដល់​សំណង​សមរម្យ​ដល់​ពួកគេ។ លោក​បន្ដ​ថា ​ការរៀបចំ​ត្រូវ​ឲ្យ​មាន​តម្លាភាព​ដែល​លោក​ថា ​ទីកន្លែង​ថ្មី​នោះ ​មាន​រចនាសម្ព័ន្ធ​ត្រឹម​ត្រូវ​មាន​សាលារៀន​មណ្ឌល​សុខភាព​ដែល​ពួកគាត់​អាច​ទទួល​យក​បាន។ ទោះជា​យ៉ាងណា គេ​សង្កេត​ឃើញ​ថា​នៅ​តំបន់​ភ្នំ​គូលែន​បច្ចុប្បន្ន​នេះ ​ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​ស្ទើរ​ក្លាយ​ជា​វាល​រហោឋាន​ ហើយ​ករណី​នេះ​គេ​សង្ស័យ​ថា ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទើប​ពួកគេ​អាច​បំផ្លាញ​បាន​យ៉ាង​ដូច្នេះ​ដោយ​ម្នាក់ៗ​ឆ្លើយ​ដាក់គ្នា​យករួចខ្លួន។ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​គូលែន​នេះ​គឺ​កើតមាន​ជាច្រើន​ឆ្នាំ​មក​ហើយ​ គ្មាន​អ្នកទទួលខុសត្រូវ ​ដោយ​មើល​ឃើញ​តែ​ផលប្រយោជន៍៕