ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​នាយ​-​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​

ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​នាយ​-​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​



ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រកាស​តែងតាំង ចូលកាន់​មុខតំណែង​នាយ​-​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ ដែល​ធ្វើឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត​ត្បូងឃ្មុំ។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា ១-​ផ្ទេរ​សម្រួល​ភារកិច្ច​លោក ឯម សុគន្ធ ពី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់​ នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ មក​ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង។ ២-​ផ្ទេរ​សម្រួល​ភារកិច្ច​លោក អ៊ុក សា​រ៉ា ពី​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ មក​ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ ។ ៣-​តែងតាំង​លោក ទួត វុត្ថា ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ជំនួស​លោក គឹម ឈុនលី ។ ៤-​តែងតាំង​លោក យី សុខ​ហេង ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ ។ ហើយ​លោក​រដ្ឋលេខាធិការ​ក៏បាន​ជំរុញ​ឲ្យ នាយ​-​នាយរង​ឲ្យ​ខិតខំ​បំពេញភារកិច្ច និង​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ ពិសេស​ការងារ​បង្ក្រាប និង​ទប់ស្កាត់ បទល្មើស​ព្រៃឈើ។

លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ដែល​ទើប​ទទួល​តំណែង​ថ្មី​បាន​ធ្វើ​ការ​ប្តេជ្ញាចិត្តថា អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ក្នុង​ដំណាក់កាល​ទី​៣ រឹតចំណង​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព សហ​ការ​ងារ​ល្អ​ជាមួយ​មន្ទីរ អង្គភាព អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ទទួលយក​នូវ​រាល់​ដំបូន្មាន​ល្អៗ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាតិ ថ្នាក់ដឹកនាំ​ខេត្ត និង​ថ្នាក់​មូលដ្ឋាន។

លោក ប្រាជ្ញ ចន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា សូម​អស់លោក​ដែល​ត្រូវ​ទទួល​ការតែងតាំង និង​ប្រកាស​ចូលកាន់​មុខ​ដំណែង​ជា​ផ្លូវការ​នា​ឱកាស​នេះ យើងខ្ញុំ​មាន​ក្តី​សង្ឃឹម​ជឿជាក់​ថា អស់លោក​នឹង​ខិតខំ​យកចិត្តទុកដាក់ ក្នុង​ត​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ អនុវត្ត​តួនាទី​ភារកិច្ច តាម​គោលការណ៍​ច្បាប់ នីតិវិធី និង​បទបញ្ញត្តិ​ដែល​បាន​កំណត់ ជាពិសេស​ទាក់ទង​នឹង​ការ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយ​ផ្អែកលើ​ច្បាប់ និង​ឯកសារ​គតិយុត្តិ​ជា​ធរមាន។ ក្រៅ​ពី​នេះ ការ​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ថ្នាក់ដឹក​នាំ និង​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ជាប់​ជាប្រចាំ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មន្ទីរ អង្គភាព និង​សមត្ថកិច្ច​មូលដ្ឋាន​ដទៃ​ទៀត ៕
ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​នាយ​-​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​
ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​នាយ​-​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​