ក្រុមហ៊ុន​ឧស្សាហកម្ម​កូរ៉េ មានបំណង​នាំ​យក​ឧបករណ៍​ផលិត​អគ្គិសនី​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ខ្យល់​មក​កម្ពុជា​

ក្រុមហ៊ុន​ឧស្សាហកម្ម​កូរ៉េ មានបំណង​នាំ​យក​ឧបករណ៍​ផលិត​អគ្គិសនី​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ខ្យល់​មក​កម្ពុជា​



ភ្នំពេញ ៖ លោក Bae Bog-Hwan អគ្គនាយក​ក្រសួង​ឧស្សាហកម្ម នៃ​ទីក្រុង Gwangju Metropolitan City ខេត្ត South Jeolla សាធារណរដ្ឋ​កូរ៉េ បាន​ជម្រាប​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន​ថា ក្រុមហ៊ុន​ឧស្សាហកម្ម​សាធារណរដ្ឋ​កូរ៉េ មានបំណង​នាំ​យក​ឧបករណ៍​ផលិត​អគ្គិសនី​ប្រើប្រាស់​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​និង​ខ្យល់​មក​កម្ពុជា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​ពី​ទីប្រជុំជន​ដែល​មិន​មាន​បណ្ដាញ​អគ្គិសនី​ទៅដល់ បាន​ប្រើប្រាស់​អគ្គិសនី​ដូច​នៅ​ទីប្រជុំជន​ផង​ដែរ។

លោក​អគ្គនាយក Bae Bog-Hwan បាន​ណែនាំ​អំពី​ក្រុមហ៊ុន​របស់​កូរ៉េ ដែល​បាន​ផលិត​ឧបករណ៍​ផលិត​អគ្គិសនី​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​និង​ខ្យល់ ដែល​ជា​ឧបករណ៍​ទំនើប​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​របស់​កូរ៉េ អាច​បង្កើត​ជា​ថាមពល​អគ្គិសនី​ដោយ​ប្រើ​ពន្លឺ​ព្រះអាទិត្យ​និង​ខ្យល់​បាន​ចាប់ពី ១០០​វ៉ា​ត់ ដល់ ៣០០​វ៉ា​ត់ ហើយ​បច្ចុប្បន្ន នៅ​ប្រទេស​កូរ៉េ​មាន​និយម​ប្រើប្រាស់​ជាច្រើន ។ លោក​អគ្គនាយក​បាន​ថ្លែង​ថា ក្រុមហ៊ុន​ឧស្សាហកម្ម​កូរ៉េ មានបំណង​ចង់​ជួយ​ដល់​កម្ពុជា ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ដាច់ស្រយាល​ឆ្ងាយៗ ​ពី​ទីប្រជុំជន មាន​អគ្គិសនី​ប្រើប្រាស់ ក្នុង​មើល​ទូរទស្សន៍ សាក​ថ្ម​ទូរស័ព្ទ និង​ប្រើប្រាស់​ជាមួយ​សម្ភារ​ផ្សេងៗ​ទៀត ។

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា នេះ​ក៏​ជា​ឱកាស​ល្អ​មួយ​ក្នុង​ការ​សហការ​រវាង​ក្រុមហ៊ុន​ថាមពល​របស់​កូរ៉េ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ ដែល​មាន​ភាព​ងាយស្រួល ហើយ​អាច​ផ្តល់​ថាមពល​អគ្គិសនី​ឲ្យ​ប្រជាជន​នៅ​តំបន់​ឆ្ងាយៗ​ បាន​ប្រើប្រាស់​គ្រប់ៗ​គ្នា និង​អាច​មើល​ព័ត៌មាន​ផ្សេងៗ​តាម​ទូរទស្សន៍ និង​អាច​ប្រើប្រាស់​សម្ភារ​ផ្សេងៗ​ទៀត​ដែល​ប្រើ​ដោយ​ថាមពល​អគ្គិសនី។ លោក​រដ្ឋមន្ត្រី​ក៏បាន​ចាត់​ទុក​បច្ចេកវិទ្យា​ថ្មី​របស់​ក្រុមហ៊ុន​កូរ៉េ គឺ​មាន​សារៈសំខាន់ និង​មាន​ផលប្រយោជន៍​ច្រើន ព្រោះ​នៅ​កម្ពុជា បណ្ដាញ​អគ្គិសនី​របស់​រដ្ឋ​នៅ​មិនទាន់​បាន​ទៅដល់​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​នៅឡើយ ។ ដូច្នេះ​បើសិនជា​យើង​អាច​ប្រើ​បច្ចេកវិទ្យា​ថ្មី ដែល​ជា​ប្រភេទ​សូ​ឡា​នេះ តាមរយៈ​ការ​ទាញ​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​និង​ខ្យល់ ផលិត​ជា​ថាមពល​អគ្គិសនី​បាន គឺ​នៅ​តាម​ជនបទ​ដាច់ស្រយាល​ឆ្ងាយៗ​នឹង​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់ ដោយសារ​យើង​មិន​អាច​ត​បណ្ដាញ​អគ្គិសនី​មេ​ធំ​របស់​រដ្ឋ​ទៅតាម​តំបន់​ភ្នំ ឬ​ទីជនបទ​ឆ្ងាយៗ ដែល​មាន​ប្រជាជន​រស់នៅ​តិចតួច​បានទេ ព្រោះថា​កា​រត​បណ្ដាញ​អគ្គិសនី​រដ្ឋ​ទៅតាម​ជនបទ​ដាច់ស្រយាល​មាន​ប្រជាជន​រស់នៅ​តិចតួច​នោះ វា​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន ដូច្នេះ​បើ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​របស់​កូរ៉េ​នេះ យើង​អាច​ដាក់​បាន​នៅ​គ្រប់​ទីកន្លែង​ឆ្ងាយៗ​បាន៕
ក្រុមហ៊ុន​ឧស្សាហកម្ម​កូរ៉េ មានបំណង​នាំ​យក​ឧបករណ៍​ផលិត​អគ្គិសនី​ប្រើ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ខ្យល់​មក​កម្ពុជា​