ស្ថាន​ទូត​បាន​រាំង ​នឹង​ប្រារព្ធ​បុណ្យជាតិ​នា​ថ្ងៃ​ទី​១៣​កក្កដា​ នៅ​កោះ​ពេជ្រ

ស្ថាន​ទូត​បាន​រាំង ​នឹង​ប្រារព្ធ​បុណ្យជាតិ​នា​ថ្ងៃ​ទី​១៣​កក្កដា​ នៅ​កោះ​ពេជ្រ



ភ្នំពេញ ​៖​ សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា​(CCIFC) សហការ​ជាមួយ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ នឹង​រៀបចំ​បុណ្យជាតិ​បារាំង​លើក​ទី​២​ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៦​ខាងមុខ ​នៅ​មណ្ឌល​សន្និបាត ​និង​ពិព័រណ៍​កោះ​ពេជ្រ​ ដោយ​រំពឹង​ថា​ នឹង​មាន​អ្នកចូលរួម​មាន​ប្រមាណ​១.២០០​នាក់។​

កាលពី​ឆ្នាំមុន​បុណ្យជាតិ​បារាំង​នេះ​ក៏បាន​រៀបចំ​នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិព័រណ៍​កោះ​ពេ​ជ្រ​ដែរ ​ដោយមាន​អ្នកចូលរួម​ប្រមាណ​តែ​៦០០​នាក់​ប៉ុណ្ណោះ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​រ​បស់​ស្ថាន​ទួត​បារាំង​ប្រចាំ​នៅ​កម្ពុជា ​កាលពី​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា​បាន​ឲ្យ​ដឹង​ថា ​បុណ្យជាតិ​បារាំង​នេះ​ នឹង​ប្រព្រឹត្តទៅ​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ ចាប់ពី​ម៉ោង​១៧ ​ដល់​ម៉ោង​០០​និង​៣០​នាទី​តទៅ​។ ​

សម្រាប់​ឆ្នាំនេះ​ មាន​អ្នកចូលរួម​ប្រមាណ​១.២០០​នាក់ ​ច្រើនជាង​មុន​ ដោយ​បើកទូលាយ ​មិន​ត្រឹមតែ​សម្រាប់​ជនជាតិ​បារាំង​ដែល​រស់នៅ ឬ​មក​ទស្សនា​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​បើកទូលាយ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​បំណង​ចូលរួម​បរិយាកាស​សប្បាយរីករាយ​ក្នុង​ការ​ទទួលទាន​ម្ហូប​បារាំង​ផង​ដែរ។

ព្រឹត្តិការណ៍​ខាងលើ​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយមាន​បម្រើ​ភេសជ្ជៈ និង​ម្ហូប​ដែល​នឹង​ត្រូវ​បាន​បម្រើ​ជូន​នៅ​តាម​តុ​និ​មួយៗ។ ជាងនេះទៅទៀត មាន​ទស្សនីយភាព​ជាច្រើន​សម្រាប់​ភ្ញៀវ​ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​រាត្រី​នោះ ដោយមាន​ការ​រាំរែក ការ​ចាប់​ឆ្នោត និង​កន្លែង​កម្សាន្ត​សម្រាប់​កុមារ​ផង​ដែរ។

លោកអ្នក​ដែល​មាន​បំណង​ចូលរួម​ពិធីបុណ្យ​នេះ អាច​ទិញ​សំបុត្រ​ទុកជាមុន (​ដែល​មាន​តម្លៃ​ម្នាក់​២០​ដុល្លារ ​សម្រាប់​មនុស្ស​ធំ​១០​ដុល្លារ​ សម្រាប់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ និង​មិន​គិត​ថ្លៃ​សម្រាប់​ក្មេង​អាយុ​ក្រោម​៣​ឆ្នាំ​)។

លោកអ្នក​ក៏​អាច​កក់​តុ​ ទុកជាមុន​សម្រាប់​មនុស្ស​៨​នាក់​ផង​ដែរ (​តម្លៃ​១៦០​ដុល្លារ​) នៅ​តាម​កន្លែង​ដែល​មាន​ដាក់​លក់​សំបុត្រ​ដូចជា ភោជនីយដ្ឋាន Open Wine Restaurant (​ផ្ទះ​លេខ​២១៩ ផ្លូវ​១៩) ភោជនីយដ្ឋាន​ខេ​មា (​ផ្ទះ​លេខ​១៦៣ ផ្លូវ​៥១) វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា (​ផ្ទះ​លេខ​២១៨ ផ្លូវ​១៨៤) សមាគម​អាន់​វ៉ា​យ៉ា (Confluence ជាន់​ទី​១ លេខ​២០b ផ្លូវ​លេខ​២៨២)។

គួរ​បញ្ជាក់​ថា​ សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម បារាំង​-​កម្ពុជា ដែល​មាន​សមាជិក​ជាង​១២០ រួម​មាន​ ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍ សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រិន​ឯកបុគ្គល​នានា ជា​អ្នក​រៀបចំ​ពិធីបុណ្យ​ជាតិ​នេះ។

សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​កម្ពុជា ជា​សមាជិកសភា​ពាណិជ្ជកម្ម​អឺរ៉ុប ដែល​ជា​សមាគម​ក្រុមហ៊ុន​បរទេស​ធំជាង​គេ​បំផុត​នៅ​កម្ពុជា ដែល​មាន​សកម្មភាព​លើ​វិស័យ​ជាច្រើន មាន​សណ្ឋាគារ និង​ភោជនីយដ្ឋាន ម្ហូបអាហារ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ថ្មីៗ អាហរ័ណ នីហរ័ណ ពាណិជ្ជកម្ម ការ​ផ្គត់ផ្គង់ សុខាភិបាល ។​ល​។

អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម​បុណ្យជាតិ​នេះ​ សូម​ទំនាក់ទំនង ​លោក ឌី​យ៉ា​មែ​ល អ៊ែ​ល អាក្រា [email protected] ទូរស័ព្ទ​លេខ ០៦៩ ៨០៦ ៨៨៨ លោក នី​កូ​ឡា បូ​ឌ្វាំ​ង [email protected] ទូរស័ព្ទ​លេខ ០១២ ៨១២ ០៥៦ លោក ម៉ៅ កុសល [email protected] ទូរស័ព្ទ​លេខ​០១១ ៥៥២ ៣៨១ កញ្ញា សេ​លី​យ៉ា គូ​វែ​រ [email protected] ទូរស័ព្ទ​លេខ​០៨១ ៧៣៤ ៨៦៣៕
ស្ថាន​ទូត​បាន​រាំង ​នឹង​ប្រារព្ធ​បុណ្យជាតិ​នា​ថ្ងៃ​ទី​១៣​កក្កដា​ នៅ​កោះ​ពេជ្រ