ធ្វើ​យ៉ាងណា​ទើប​ជោគជ័យ​លើ​ការ​ប្រើប្រាស់​វី​ដេ​អូ​ក្នុង​បណ្ដាញ​សង្គម

របាយការណ៍​ថ្មី​មួយ​ពី​ទីភ្នាក់ងារ Reuters សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន កំពុង​ស៊ើបអង្កេត​ទៅ​លើ​ការ​ប្រើប្រាស់​វី​ដេ​អូ​អន​ឡាញ និង​ផលិតកម្ម​ក្នុង​បណ្ដាញ​សង្គម ។
ផ្នែក​មួយ​នៃ​របាយការណ៍​បង្ហាញ​ពី​ការ​ប្រើប្រាស់​វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម​នានា ព្រមទាំង​នៅ​លើ​ហេ្វ​ស​ប៊ុ​ក​ទៀត​ផង ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​៥០០​វី​ដេ​អូ​ក្នុង​ហេ្វ​ស​ប៊ុ​ក ដែល​មាន​អត្រា​ចូល​មើល​ខ្ពស់​បំផុត​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៦ ពី​ចំនួន​ច្រើន​ជាង​៧៥​អ្នក​បង្ហោះ​ទូ​ទាំង​ប្រទេស​អង់គ្លេស អា​មេ​រិ​ក អា​ល្លឺ​ម៉​ង់ និង​អីុតា​លី។

ខាងក្រោម​នេះ ជា​ចំណុច​មួយ​ចំនួន​បាន​មក​ពី​វី​ដេ​អូ​សង្គម​នៅ​ក្នុង​របាយការណ៍ ៖
ជា​ទូទៅ វី​ដេ​អូ​ព័ត៌មាន​ទាន់​ហេតុការណ៍​ទទួល​បានការ​ចាប់អារម្មណ៍​ជាង​វី​ដេ​អូ​ផ្តល់​ព័ត៌មាន​ផ្សេង​ៗ ។ វី​ដេ​អូ​ព័ត៌មាន​ទាន់​ហេតុការណ៍​ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មី​ៗ នយោ​បាយ វិទ្យាសាស្ត្រ ឬ​បរិស្ថាន ។ ៦១%​នៃ​វី​ដេ​អូ​ទាំង​៥០០ ជាមួយនឹង​ការ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ គឺ​វី​ដេ​អូ​ព័ត៌មាន​ទាន់​ហេតុការណ៍ ។ វី​ដេ​អូ​ផ្តល់​ព័ត៌មាន​ផ្សេង​ៗ​សំដៅលើ​វី​ដេ​អូ​កម្សាន្ត ឬ​របៀបរបប​នៃ​ការ​រស់នៅ​ដូច​ជា វី​ដេ​អូ​ស្តី​ពី​សត្វ កូន​ក្មេង ឬ​វិធី​ចម្អិនម្ហូប ។ ត្រឹមតែ​៣៩%​ក្នុង​ចំណោម​៥០០​វី​ដេ​អូ និយាយ​អំពី​ប្រធានបទ​វី​ដេ​អូ​ផ្តល់​ព័ត៌មាន​ផ្សេងៗ ។

ប៉ុន្តែ​ការ​ផ្សាយ​វី​ដេ​អូ​ផ្តល់​ព័ត៌មាន​ផ្សេង​ៗ​មាន​ភាព​ប្រសើរ​ជាង​ការ​ផ្សាយ​វី​ដេ​អូ​ព័ត៌មាន​ទាន់​ហេតុការណ៍ ។ ឧទាហរណ៍​ថា វី​ដេ​អូ​ទាក់ទង​ទៅ​នឹង​វិធី​ណែនាំ​មុខម្ហូប​ផ្សេង​ៗ​ដែល​ងាយ​ចម្អិន​ដោយ​ខ្លួនឯង ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន ។ ក្រុម​អ្នក​បង្ហោះ​វី​ដេ​អូ​ទាំងនេះ​បាន​ពន្យល់​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​ថា គឺ​បាន​មក​ពី​ការ​ជ្រើសរើស​ប្រធានបទ និង​សមត្ថភាព​ក្នុង​ការ​បង្កើន​អ្នកចូលរួម​តាមដាន​ឱ្យ​បាន​ច្រើន ។

ចំពោះ​វី​ដេ​អូ​ដែល​ទាក់ទង​នឹង​ផ្លូវចិត្ត ឬ​អារម្មណ៍​អ្នក​មើល ទទួល​បានការ​ចាប់​អារម្មណ៍​ជាង​វី​ដេ​អូ​និយាយ​ពី​តថភាព​ពិត ។ ៥៨%​ក្នុង​ចំណោម​៥០០​វី​ដេ​អូ ជាមួយនឹង​ការ​ចូល​ទស្សនា​ខ្ពស់ គឺ​ទាក់ទង​នឹង​អារម្មណ៍​ធម្មជាតិ ខណៈ​៤២%​ទៀត​ចំពោះ​វី​ដេ​អូ​និយាយ​ពី​ភាព​ជាក់ស្តែង ។ ហេតុនេះ វី​ដេ​អូ​ទាក់ទង​នឹង​ផ្លូវចិត្ត​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ទស្សនិកជន ។ ប៉ុន្តែ​អ្វី​ៗ​ទាំងនេះ​អាច​ផ្តល់​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​លើ​ព័ត៌មាន​នា​ពេល​អនាគត ដោយសារ​ការ​ផ្លាស់​ប្តូរ​របស់​វា​កាន់តែ​ចាក​ឆ្ងាយ​ពី​របាយការណ៍​តថភាព​ពិត ៕