រដ្ឋាភិបាល​អា​មេ​រិ​ក​សម្រេច ពង្រីក​ច្រកចូល​ទៅ​ទីផ្សារ​របស់​ខ្លួន​សម្រាប់​ទំនិញ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក ប្រចាំ​នៅ​កម្ពុជា បាន​ជម្រាប​ជូន​លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អំពី​ព័ត៌មាន​ចំនួន​ពីរ​ដែល​លោក​ចាត់​ទុក​ថា ជា​ព័ត៌មាន​ល្អ​សម្រាប់​កម្ពុជា ។

ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងការបរទេស នា​រសៀល​ថ្ងៃ​ទី​៥ កក្កដា កន្លង​មក លោក William A. Heidt ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ព័ត៌មាន​ចំនួន​ពីរ​ដែល​ល្អ​សម្រាប់​កម្ពុ​ជានា​ពេល​នេះ គឺ​ទី​១-​ការ​សម្រេច​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ដំឡើង​ថ្នាក់​កម្ពុជា ទៅ​ក្នុង​ប្រភេទ​ទី​២ (Tier 2) ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ដែល​នេះ​ជា​ការ​ទទួលស្គាល់​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ចំពោះ​ការ​ខិតខំ និង​សមិទ្ធផល​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​ទី​២ គឺ​ការ​សម្រេច​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ក្នុង​ការ​ពង្រីក​ច្រកចូល​ទៅ​កាន់​ទីផ្សារ​របស់​អា​មេ​រិ​ក​សម្រាប់​មុខទំនិញ​កម្ពុជា ដោយ​លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា លោក​នឹង​ប្រកាស​ពី​ព័ត៌មាន​នេះ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។

នា​ឱកាស​នោះ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ទាំង​ពីរ​ខាងលើ​នេះ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ហើយ​បាន​គូសបញ្ជាក់​ថា ការ​ដំឡើង​ថ្នាក់​កម្ពុជា​ទៅ​ក្នុង​ប្រភេទ​ទី​២ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស មិន​ត្រឹមតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ទទួលស្គាល់​របស់​អា​មេ​រិ​ក​ចំពោះ​ការ​ខិតខំ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អា​មេ​រិ​ក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ផង​ដែរ ។

ជាមួយ​គ្នា​នេះ លោក​ទេស​រដ្ឋមន្ត្រី នឹង​តាមដាន​ដោយ​យកចិត្តទុកដាក់​នូវ​ការ​ប្រកាស​ព័ត៌មាន​អំពី​ការ​ពង្រីក​ច្រកចូល​ទីផ្សារ​អា​មេ​រិ​ក​សម្រាប់​ទំនិញ​កម្ពុជា ។

ទន្ទឹម​នឹង​នោះ លោក​ទេស​រដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយ​ចំនួន និង​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា ក្នុង​បរិយាកាស​ត្រង់​ទៅ​ត្រង់​មក និង​យោគយល់​គ្នា ៕