ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ធ្វើ​ឲ្យ​ប្រទេស​លោក​ខាង​លិច​ខាត​ប្រាក់​អស់​៦០​ពាន់​លាន​ដុល្លារ​អាមេរិក

ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ធ្វើ​ឲ្យ​ប្រទេស​លោក​ខាង​លិច​ខាត​ប្រាក់​អស់​៦០​ពាន់​លាន​ដុល្លារ​អាមេរិក
ក្រុមប្រទេសលោកខាងលិចដែលស្រុះស្រួលគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី ពេលនេះត្រូវបានគេរកឃើញថា ក្រុមប្រទេសទាំងនោះខាតបង់ប្រាក់អស់៦០.២ពាន់លានដុល្លារអាមេរិក ដោយសារតែរុស្ស៊ីប្រកាសផ្អាកការនាំចូលទំនិញពីប្រទេសទាំងនោះ នេះបើយោងតាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិបារាំង CEPII ។

“យើងរកឃើញថា ចាប់តាំងពីមានវិបត្តិអ៊ុយក្រែនកើតឡើងនៅឆ្នាំ២០១៤មក ក្រុមប្រទេសដែលដាក់ទណ្ឌកម្មលើរុស្ស៊ីខាតបង់ប្រាក់អស់៦០.២ពាន់លានដុល្លារអាមេរិក នេះបើគិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៥ប៉ុណ្ណោះ” នេះជាអ្វីដែលបានចុះផ្សាយក្នុងរបាយការណ៍នោះ ដោយគេក៏បានបញ្ជាក់ដែរថា សហភាពអឺរ៉ុបមានការធ្លាក់ចុះពាណិជ្ជកម្មដល់ទៅ៧៦.៧% ហើយចំពោះការនាំចេញផលិតផល ដែលមិនត្រូវបានរុស្ស៊ីហាមឃាត់ក្នុងការនាំចូល មានការធ្លាក់ចុះដល់ទៅ៣.៥% ជាប្រចាំខែ ។

អឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះលើរុស្ស៊ីនៅឆ្នាំ២០១៤ ហើយវាកើតឡើងក្រោយពីមានការចោទប្រកាន់ពីអឺរ៉ុបថា រុស្ស៊ីជាអ្នកនៅពីក្រោយខ្នងនៃវិបត្តិអ៊ុយក្រែន និងជម្លោះក្នុងតំបន់ Crimea ដោយទណ្ឌកម្មនោះ សម្រេចដាក់លើវិស័យធំៗជាច្រើន ដូចជាវិស័យធនាគារ វិស័យថាមពល ផ្នែកសព្វាវុធ ក៏ដូចជាសំដៅលើបុគ្គលសាធារណៈ អ្នកជំនួញ និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ីផងដែរ ។

ដើម្បីជាប្រតិកម្មទៅវិញ រុស្ស៊ីបានផ្អាកការនាំចូលទំនិញជាច្រើនប្រភេទ ពីសំណាក់ក្រុមប្រទេសដែលព្រួតគ្នាដាក់ទណ្ឌកម្មលើខ្លួន ដូចជាផ្នែកកសិកម្ម អាហារ និងវត្ថុធាតុដើមមួយចំនួនទៀត ហើយចាប់ពីពេលនោះមក ទាំងទណ្ឌកម្មសេដ្ឋកិច្ច ទាំងការហាមឃាត់ការនាំចូលនេះ តែងតែអូសបន្លាយជានិច្ច ហើយវាកាន់តែតឹងតែងទៅៗ ។

គួររម្លឹកថា រុស្ស៊ីជាដៃគូពាណិជ្ជកម្មធំទៅ៤របស់អឺរ៉ុប បន្ទាប់ពីអាមេរិក ចិន និងស្វីស ហើយក៏ជាប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិ និងប្រេងដ៏ធំបំផុតមួយដែរសម្រាប់អឺរ៉ុប ។ គួរបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ី និងអឺរ៉ុប បានធ្លាក់ចុះពី៤១៧.៧ពាន់លានដុល្លារនាឆ្នាំ២០១៣ មកនៅត្រឹមតែ២៣៥.៧ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះនៅឆ្នាំ២០១៥ ៕ (rt)

ប្រែសម្រួលដោយ៖ kqube
ប្រភព៖ RT

  • ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ធ្វើ​ឲ្យ​ប្រទេស​លោក​ខាង​លិច​ខាត​ប្រាក់​អស់​៦០​ពាន់​លាន​ដុល្លារ​អាមេរិក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ជីវិតនិងសង្គម
Tags: