ឈ្មួញ​ប្រេង​កំពូល​ៗ​លើ​ពិភពលោក​និយាយ​ថា តម្លៃ​ប្រេង​ឆៅ​នឹង​មិន​កើនឡើង​ច្រើន​ទេ

ចក្រភព​អង់គ្លេស ៖ តម្លៃ​ប្រេង​ឆៅ​នឹង​មិន​កើនឡើង​ច្រើន​ទៀត​ទេ​នៅ​ឆ្នាំ​ក្រោយ​នេះ ខណៈ​ដែល​កំណើន​នៃ​តម្រូវការ​ធ្លាក់​ចុះ និង​រោងចក្រ​ចម្រាញ់​ប្រេង​បាន​បំពេញ​តាម​តម្រូវការ​ប្រើប្រាស់ ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ប្រេង​ឯករាជ្យ​ធំ​បំផុត​របស់​ពិភពលោក ។

លោក Ian Taylor ប្រធាន​នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Vitol Group of Cos បាន​ប្រាប់​Bloomberg នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ៖ « ខ្ញុំ​មើល​មិនឃើញ​ទេ​ថា ទីផ្សារ​កំពុង​តែ​កើនឡើង​នៅ​ពេល​ខាង​មុខ​នោះ ។ យើង​មាន​ប្រេង​ដ៏​ច្រើន​នៅ​ក្នុង​ស្ដុក ហើយ​ត្រូវ​ចំណាយពេល​យូរ​ដែល​ប្រើ​វា​អស់ » ។ លោក​បន្ដ​ថា តម្លៃ​គោល​អន្តរជាតិ​ប្រហែលជា​នឹង​បញ្ចប់​នៅ​ឆ្នាំ​នេះ គឺ​មិន​លើស​ពី​តម្លៃ​សព្វ​ថ្ងៃនេះ​ទេ និង​កើនឡើង​ប្រហែល​៦០​ដុល្លារ​អា​មេ​រិ​ក​នៅ​ចុងឆ្នាំ​២០១៧ ។

លោក​បន្ថែម​ថា ៖ « យើង​ប្រហែលជា​រំពឹង​ថា កំណើន​តម្រូវការ​នឹង​ថយ​ចុះ​បន្តិចបន្តួច​នៅ​ពាក់កណ្តាល​ឆមាស​ទី​២​នៃ​ឆ្នាំ​នេះ ហើយ​មើល​មិនឃើញ​ថា មាន​កង្វះខាត​ណាមួយ​នៃ​ប្រេងសាំង​ឡើយ » ។

លោក Taylor បាន​បន្ត​ទៀត​ថា ទស្សនវិស័យ​តម្លៃ​ប្រេង​ទំនងជា​មិន​ផ្លាស់​ប្តូរ​ខ្លាំង​ណាស់ណា​ទេ​ក្នុង​ឆ្នាំ​២០១៧ ដោយសារ​ការ​ផ្គត់ផ្គង់​ពី​តំបន់​ប្រេង​ថ្មី រួម​ទាំង​តំបន់ Kashagan នៅ​កា​ហ្សា​ក់​ស្ថាន និង​តំបន់​ផ្សេង​ទៀត​នៅ​ឈូង​សមុទ្រ​អា​មេ​រិ​ក ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ។

ផលិតកម្ម​ប្រេង​ឆៅ​របស់​អា​មេ​រិ​ក ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង បន្ទាប់​ពី​អង្គការ​នៃ​បណ្តា​ប្រទេស​នាំ​ចេញ​ប្រេង​បាន​ខ្វែងគំនិត​គ្នា​ពី​គោល​នយោ​បាយ​បែប​ប្រពៃណី​នៃ​តម្រូវការ​ផ្គត់ផ្គង់​ដើម្បី​គ្រប់គ្រង​តម្លៃ ដោយ​បាន​ប្រកាស​នៅ​ចុងឆ្នាំ​២០១៤​ថា ខ្លួន​នឹង​រក្សា​ទិន្នផល​ដើម្បី​ការពារ​ទីតាំង​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ ។ ប្រទេស​ទាំងនេះ​បាន​បូម​ប្រេង​៨,៦​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែ​មុន បាន​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់​បំផុត​៩,៦​លាន​បារ៉ែល​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៥ ៕