ថ្ងៃ​ទី​២៨ កក្កដា បើក​សវនាការ​រឿង​បរិហារកេរ្តិ៍​សម្តេច ហេង សំ​រិ​ន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កំណត់ នឹង​លើកយក​សំណុំរឿង​បទ បរិហារកេរ្តិ៍​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​មក​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ខាង​មុខ​នេះ ដែល​មាន​ជនជាប់ចោទ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​។ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​ប្តឹង​ដោយ​លោក គី តិច មេធាវី​តំណាង​ឲ្យ​សម្តេច​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​បដិសេធ​ក្នុង​ការ​ចូលខ្លួន​របស់​លោក សម រ​ង្ស៊ី ទៅ​កាន់​តុលាការ​។

លោក កោ វ​ណ្ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៦ បាន​ចេញ​លិខិត​ជូនដំណឹង​ពាក់ព័ន្ធ​នឹង​បទល្មើស​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ រួច​យក​ទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ។ សំណុំរឿង​នេះ មាន​ជន​ត្រូវ​ចោទ​លោក សម រ​ង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​។

បើ​តាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញា​រង លី សុ​ផា​ណា បាន​ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​លោក កោ វ​ណ្ឌី បាន​ជូនដំណឹង​ពី​ការ​បិទ​ការ​ស៊ើបសួរ​ដល់​ជន​ត្រូវ​ចោទ​លោក សម រ​ង្ស៊ី ទៅ​លើ​សំណុំរឿង​ដែល​បាន​បំបែក​ចេញពី​សំណុំរឿង​ទាក់ទង​នឹង​ជនជាប់ចោទ​លោក ហុង សុខ​ហួរ ។ បន្ទាប់​ពី​ជូនដំណឹង​បិទ​ការ​ស៊ើបសួរ​២​ថ្ងៃ​បន្ទាប់ ទើប​លោក​ចៅក្រម​បញ្ជូន​សំណុំរឿង​មក​ឱ្យ​ព្រះរាជអាជ្ញា​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ រួច​នឹង​កំណត់​កាលបរិច្ឆេទ​ជំនុំជម្រះ​។

គួរ​រំលឹក​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៤ ធ្នូ ២០១៥ កន្លង​ទៅ បាន​ចេញ​ដីកា​ដើម្បី​ធ្វើការ​សាកសួរ​ទាក់ទិន​នឹង​បទ​ចោទ សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​វឹកវរ​ធ្ងន់​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១២ និង​១៣ សីហា ២០១៥ បទបញ្ញត្តិ​ដែល​មាន​ចែង​តាម​មាត្រា ២៩, ៦២៩, ៦៣០ និង​មាត្រា ៤៥៩ នៃ​ក្រមព្រហ្មទណ្ឌ​។