សប្បាយ​ក្លាយជា​ទុក្ខ ! បាត់បង់​កូនប្រុស​ម្នាក់​យ៉ាង​អាណោចអាធ័ម

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រួសារ​មួយ​បាន​នាំ​កូន​ៗ​ទៅ​លេង​កំសាន្ត​នៅ​មាត់សមុទ្រ ត្រង់​ចំណុច​ឆ្នេរ​អតីត​ដំណាក់​ស្តេច តែ​ដោយសារ​តែ​ការ​ធ្វេសប្រហែស​បណ្ដោយ​ឲ្យ​កូនប្រុស​ចុះ​លេង​ទឹកតែ​ម្នាក់ឯង​បណ្ដាល​ឲ្យ​កូនប្រុស​ម្នាក់​​លង់​ទឹក​ស្លាប់​​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ឆ្នេរ​អតីត​ដំណាក់​ស្តេច ស្ថិត​ក្នុង​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ ឈ្មោះ យូ ហ៊ឹង ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិ​វៀតណាម មាន​ឪពុក​ឈ្មោះ ហៃ យូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ម្តាយ​ឈ្មោះ យៀង ស្រី អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​៧​ជាន់ ខាងលិច​រោងចក្រ​ញ៉ូ​វ​ស្តារ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ។

យោង​តាម​ប្រភព​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​អណ្តែត​ពោង​លេង​ទៅ​កាន់​ទឹក​ជ្រៅ​ជាមួយ​ប្អូនប្រុស​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​អ្នក​ទេសចរណ៍​ម្នាក់​ដែល​ជា​ទាហានជើងទឹក​ហែល​ទៅ​សង្គ្រោះ​យក​មក​កាន់​ឆ្នេរ​ដោយ​សុ​វត្តិភាព ប៉ុន្តែ​ដោយ​ការ​ធ្វេសប្រហែស​ពី​ឪពុក​ម្តាយ​ពុំ​បាន​ឲ្យ​ក្មេង​ប្រុស​រង​គ្រោះ​ឡើង​លើគោក​វិញ​ទេ គឺ​យក​តែ​កូន​ប្អូន ឯ​កូន​បង​គឺ​នៅ​លេង​ពោង​ដដែល មួយសន្ទុះ​ក្រោយមក​រលក​សមុទ្រ​បាន​បោកបក់​ពោង​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​ម្តងទៀត ហើយ​ក៏​បាន​លិចទៅ​ក្នុង​ទឹក​បាត់ ទើប​ឪពុក​ម្តាយ​ភ្ញាក់ផ្អើល​ឆោឡោ​នាំ​គ្នា​រាវរក តែ​រក​ពុំ​ឃើញ​នោះ​ទេ រហូត​រយៈពេល​ជាង​កន្លះ​ម៉ោង​ក្រោយ​បានឃើញ​ក្មេង​ប្រុស​រង​គ្រោះ​អណ្តែត​ឡើង​វិញ​នៅ​ចម្ងាយ​ពី​កន្លែង​លិច​ជិត​១០០​ម៉ែត្រ ភ្លាម​នោះ​ក៏​មាន​ជនបរទេស​ម្នាក់​បាន​ស្ទុះ​ទៅ​ស្រង់​ដើម្បី​យក​មក​ជួយ​សង្គ្រោះ ប៉ុន្តែ​អ្វី​ៗ​វា​ហួសពេល​ទៅ​ហើយ បន្សល់​ទុក្ខ​តែ​វិប្បដិសារី និង ភាព​សោកស្តាយ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ដោយ​មិន​អស់ចិត្ត​ឪពុក​ម្តាយ​កបាន​បញ្ជូន​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ​ដែរ តែ​វា​ហួសពេល​បាត់​ទៅ​ហើយ ។

ហេតុនេះ​យោង​តាម​ព្រឹត្តិការណ៍​ថ្ងៃនេះ គឺជា​មេរៀន​មួយ​សម្រាប់​ឪពុក​ម្តាយ​ទាំងអស់​ដែល​បាន​នាំ​កូនចៅ​មក​លេង​សមុទ្រ នា​ខែវស្សា សូមកុំ​បណ្តោយ​ឲ្យ​កូន​លេង​ទឹកតែ​ម្នាក់ឯង​ឲ្យ​សោះ ៕