ចោរលួច​ម្នាក់​ អស់លក្ខណ៍​ជាប់​នៅ​ក្នុង​រថយន្ត​ ដោយសារ​ម្ចាស់​ចុច​តេឡេ​

ចោរលួច​ម្នាក់​ អស់លក្ខណ៍​ជាប់​នៅ​ក្នុង​រថយន្ត​ ដោយសារ​ម្ចាស់​ចុច​តេឡេ​



កណ្ដាល ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ទាំង​យប់​ ខណៈ​ពេល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​ឡាន​មិនបាន​សម្រេច ត្រូវ​ម្ចាស់​ឡាន​ដឹងខ្លួន​ទាន់ រួច​ក៏​ចុច​តេ​ឡេ​ដាក់​គន្លឹះ​ជាប់​ចោរ​ម្នាក់​ក្នុង​រថយន្ត​ហើយ​ហៅ​សមត្ថកិច្ច​មក​ធ្វើការ​ឃាត់ខ្លួន​តែម្ដង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​១៥​នាទី ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ជនរងគ្រោះ​មានឈ្មោះ ឡាំ ឈុ​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ។

លោក​វរសេនីយ៍ត្រី ចំរើន បញ្ញា អធិការរង​ក្រុង​តាខ្មៅ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​ មាន​បក្ស​ពួកវា​ចំនួន​៣.៤​នាក់ បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​កន្លែងកើតហេតុ ​រួច​ក៏​ធ្វើ​សកម្មភាព​លួច​រថយន្ត​។​ នេះ​បើ​តាម​សាក្សី​អះអាង​។​

លោក​អធិការរង​បាន​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​បក្ខពួក​វា​ធ្វើ​សកម្មភាព​លួច​រថយន្ត ស្រាប់តែ​ម្ចាស់​រថយន្ត​ដឹងខ្លួន​ទាន់ ​ក៏​ចុច​តេឡេ​រថយន្ត​ចាក់​គន្លឹះ​សោ​ទ្វារ​ជាប់​ចោរ​ម្នាក់​តែម្ដង​។ ចំណែក​ឯ​បក្ស​ពួក​គ្នា​វា បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​ទៅ​។​ ភ្លាមៗ​នោះ​ដែរ ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

ចោរលួច​ម្នាក់​ អស់លក្ខណ៍​ជាប់​នៅ​ក្នុង​រថយន្ត​ ដោយសារ​ម្ចាស់​ចុច​តេឡេ​