ទណ្ឌកម្ម​ដំបូង​របស់​អា​មេ​រិ​ក​ប្រឆាំង​លោក​គី​ម ជុង​អ៊ុ​ន

សហរដ្ឋ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៦ កក្កដា បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​បុគ្គល​ជា​លើក​ដំបូង​ប្រឆាំង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ពី​បទ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​រហូត​ដល់​ការ​ប្រហារជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​ធ្វើ​ទារុណកម្ម ។

ក្រសួង​រតនាគារ​អា​​មេ​រិ​ក​ក្នុង​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​ថា ក្រសួង​នេះ​បាន​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​នូវ​ឈ្មោះ​មេដឹកនាំ​អាយុ​៣៣​ឆ្នាំ​រូប​នេះ ព្រមទាំង​អ្នក​ទទួលខុសត្រូវ​របប​កុំ​ម្មុ​យ​នី​ស្ត​កូរ៉េ​ខាងជើង​១០​រូប​ទៀត ។ របប​នេះ​ជា​រឿយ​ៗ​ត្រូវ​ចាត់ទុកជា​របប​បង្ក្រាប​មនុស្ស​ខ្លាំង​ជាងគេ​បំផុត​មួយ​នៃ​ពិភពលោក ។ យោង​តាម​ទណ្ឌកម្ម​នេះ បណ្តា​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ដែល​មាន​ជាយថាហេតុ​នៅ​សហរដ្ឋ​អា​មេ​រិ​ក​នឹង​ត្រូវ​ផ្អឹប​ទុក ។

លោក ADAM SZUBIN អនុរដ្ឋមន្ត្រី​រតនាគារ​ទទួល​បន្ទុក​ខាង​តស៊ូ​ប្រឆាំង​ភេរវកម្ម​អះអាង​ថា ក្រោម​របប​លោក​គី​ម ជុង​អ៊ុ​ន កូរ៉េ​ខាងជើង​បន្ត​ប្រព្រឹត្ត​អំពើ​សាហាវព្រៃផ្សៃ​ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន និង​គាបសង្កត់​ខ្លាំង​លើ​មនុស្ស​ជា​ច្រើន​លាន​នាក់ ក្នុង​នោះ​រួម​មានការ​ប្រហារជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​ចាប់បង្ខំ​មនុស្ស​ឱ្យធ្វើ​ការ​ធ្ងន់​ៗ និង​ការ​ធ្វើ​ទារុណកម្ម ។

ក្រសួង​រតនាគារ​អា​មេ​រិ​ក​បន្ត​ថា ក្រោម​អំណាច​របស់​លោក​គី​ម ជុង​អ៊ុ​ន ដែល​ឡើង​បន្ត​តំណែង​ពី​ឪពុក​លោក​កាលពី​ឆ្នាំ​២០១១ កូរ៉េ​ខាងជើង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​គាបសង្កត់​ខ្លាំង​បំផុត​ជាមួយ​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​ដល់​សេរីភាព​ជា​សារ​វ័​ន្ត​ទាំងឡាយ ហើយ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស ។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​េ​ម​រិ​កមួយ​រូប​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា លោក​គី​ម ជុង​អ៊ុ​ន ជា​អ្នក​ទទួលខុសត្រូវ​លើ​សកម្មភាព​ទាំងឡាយ​នៃ​របប​របស់​លោក ។

របប​កូរ៉េ​ខាងជើង​រង​ទណ្ឌកម្ម​អន្តរជាតិ​ជា​ច្រើន​រួច​ហើយ ពិសេស​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក ។ កាលពីដើម​ខែមិថុនា ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ពង្រឹង​ថែម​ទៀត​ការ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ដោយ​ប្រកាស​ពី​វិធានការ​ថ្មី​ៗ​ដែល​សំដៅ​កាត់​ផ្តាច់​ទាំងស្រុង​មិន​ឱ្យ​ប្រទេស​នេះ​ចូល​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ តែ​ជា​លើក​ដំបូង​ដែល​មេដឹកនាំ​កូរ៉េ​ខាងជើង​ទទួល​ទណ្ឌកម្ម​ជា​បុគ្គល​ផ្ទាល់​ពី​សំណាក់​អាជ្ញាធរ​អា​មេ​រិ​ក ។

ប្រមុខរដ្ឋ​ឯទៀត​ៗ​ដែល​កន្លង​មក​ទទួល​ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ​ជា​បុគ្គល​ពី​សំណាក់​សហរដ្ឋ​អា​​មេ​រិ​ក​មាន​ដូច​ជា​មេដឹកនាំ​លី​ប៊ី លោក​មូ​អា​ម៉ា កា​ដា​ហ្វី ជាដើម ៕