កូនប្រុស​លោក​កា​ដា​ហ្វី រួច​ផុត​ពី​ទោស​ប្រហារជីវិត ហើយ​ត្រូវ​ដោះ​លែង

លោក​សៃ​អីុហ្វ អាល់​អីុស្លា​ម កូនប្រុស​មួយ​រូប​របស់​មេដឹកនាំ​លី​ប៊ី​ត្រូវ​ផ្តួលរំលំ លោក​មូ​អា​ម៉ា កា​ដា​ហ្វី បាន​រួច​ចាក​ផុត​ពី​ទោស​ប្រហារជីវិត ហើយ​ត្រូវ​ដោះ​លែង​យោង​តាម​ច្បាប់​លើកលែងទោស​មួយ ។

កាលពី​ថ្ងៃ​ទី​៦ កក្កដា ទូរទស្សន៍​លី​បង់ AL-MAYADEEN រាយការណ៍​ថា បណ្តា​មេធាវី​របស់​លោក​សៃ​អីុ​ហ្វ អាល់​អីុ​ស្លា​ម បាន​ធ្វើការ​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​ចំពោះ​តុលាការ​ព្រហ្មទណ្ឌកម្ម​អន្តរជាតិ​ក្រុង​ឡា​អេ CPI ជាមួយនឹង​សំណើ​លុប​ចោលការ​កាត់ទោស ដោយសារ​កូនប្រុស​លោក​កា​ដា​ហ្វ៊ី រូប​នោះ​ត្រូវ​កាត់ទោស​រួច​ហើយ​នៅ​លី​ប៊ី ។ យោង​តាម​នីតិវិធីតុលាការ​ថា ពុំ​មានការ​កាត់ទោស​២​លើក ចំពោះ​ជនជាប់ចោទ​ម្នាក់ និង​លើ​បទចោទប្រកាន់​តែ​មួយ​ឡើយ ។

កាលពី​ដំណាច់ខែ​កក្កដា ឆ្នាំ​២០១៥ លោក​សៃ​អីុ​ហ្វ អាល់​អីុ​ស្លា​ម ជា​កូនប្រុស​ទី​២​របស់​លោក​កា​ដា​ហ្វី ទទួល​ការ​កាត់ទោស ដោយ​តុលាការ​លី​ប៊ី​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពេល​ប៉ុនប៉ង​បង្ក្រាប​ការ​បះបោរ​ប្រជាជន​ក្នុង​ឆ្នាំ​២០១១ ។

កូនប្រុស​លោក​កា​ដា​ហ្វ៊ី រូប​នេះ​ត្រូវ​ចាប់ខ្លួន​លើ​ដែនដី​លី​ប៊ី កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១១ ។ ចាប់តាំងពី​ពេល​នោះ​មក រូបគេ​ត្រូវ​ឃុំឃាំង​នៅ​ទីក្រុង ZENTAN ភាគ​ពាយ័ព្យ​ប្រទេស ដោយ​ក្រុម​មួយ​នៃ​អតីត​ពួក​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី ដែល​ក្រុម​នេះ​បដិសេធ​មិន​ផ្ទេរ​រូបគេ​ទៅ​រដ្ឋធានី ឬ​ទៅ​តុលាការ CPI ដែល​ចេញ​ដីកាចាប់ខ្លួន​គេ​មួយ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ ។

មនុស្ស​ជំនិត​ប្រមាណ​ជា​១០​រូប​ទៀត​របស់​លោក​កា​ដា​ហ្វី ក្នុង​នោះ​មាន​អតីត​ប្រមុខ​ភ្នាក់ងារ​ស៊ើបការណ៍​លោក ABDALLAH AL SENOUSSI និង​អតីត​នាយក​រដ្ឋមន្ត្រី លោក BAGHDADI AL MAHMOUDI ក៏​គេច​ផុត​ពី​ទោស​ប្រហារជីវិត​ដែរ ៕