​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពន្យល់​ពី​អត្ថប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មាន​នៅក្នុង​សង្គម​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ថ្មីៗ​នេះ​បាន​បញ្ជាក់ថា​ការផ្សព្វផ្សាយ​ព័ត៌មាន​ជា​ផ្នែក​មួយ​នៃ​វិស័យ​ដទៃៗ​ទៀត​ក្នុងការ​ចូលរួមចំណែក​រៀបចំ​សង្គម ពីព្រោះ​ព័ត៌មាន​ទាំងនោះ​ត្រូវ​បានឃើញ ត្រូវបាន​អាន ត្រូវបាន​ស្តាប់ ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​វ័យ មិន​ថា​ស្ថិតក្នុង​កុមារភាព យុវវ័យ ឬ​ក្នុង​វ័យ​ចំណាស់​នោះទេ​។ ដូច្នេះ​អត្ថន័យ ខ្លឹមសារ​នៃ​ការផ្សព្វផ្សាយ​មាន​សារៈសំខាន់​ជាទីបំផុត សម្រាប់​ការអប់រំ បណ្តុះបណ្តាល ពន្យល់​ពី​តថភាព​សង្គម រៀបចំ​ផ្នត់គំនិត​ក្នុង​គោលដៅ​មួយ​ចង់បាន​ប្រជាពលរដ្ឋ​ថ្លៃថ្នូរ​ដែលមាន​សីលធម៌ និង​គុណធម៌ ក្នុង​ការរស់នៅ​ក្នុងសង្គម​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា​ព័ត៌មាន​ដែលមាន​គុណភាព ត្រូវ​ផ្សព្វផ្សាយ​ពី​បញ្ហា​សង្គម​ពិត​ជាក់ស្តែង គ្រប់​ជ្រុងជ្រោយ ដែល​ប្រជាពលរដ្ឋ​យក​ធ្វើជា​មូលដ្ឋាន​ក្នុងការ​គិតពិចារណា និង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ការពារ​បរិស្ថាន ព្រៃឈើ ធនធានធម្មជាតិ ព្រមទាំង​កិច្ចការ​សង្គម​។ លើសពីនោះ​ទៅទៀត គប្បី​មានការ​ផ្តល់ព័ត៌មាន​បែប​បង្ការ និង​អប់រំ កែលម្អ ចៀសវាង ការប្រព្រឹត្ត​អំពើពុករលួយ សេព​គ្រឿង​ស្រវឹង គ្រឿងញៀន គឺជា​ការចូលរួម​បណ្តុះ​ធនធានមនុស្ស​គ្រប់​វ័យ​ក្នុង​ការរៀបចំ​សង្គមជាតិ​ដ៏​ល្អ​មួយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា ការបញ្ជ្រាប​ព័ត៌មាន​ដែល​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ទទួលខុសត្រូវ​ខ្ពស់​មាន​លក្ខណៈ​ល្អ​ប្រពៃ​សម្រាប់​សង្គម​។ យើង​ត្រូវ​ចូលរួម​ជំរុញ និង​លើកទឹកចិត្ត ពី​បុគ្គល​ដល់​ស្ថាប័ន ក្នុងការ​ពង្រីក​ការផ្សព្វផ្សាយ​បាន​កាន់តែ​ទូលំទូលាយ​នូវ​ព័ត៌មាន​ពិត​ទៅដល់​គ្រប់​ច្រកល្ហក មិន​ជេរប្រមាថ មិន​ញុះញុង ដែល​នាំ​ឲ្យ​សង្គម​ខ្មែរ​បែកបាក់​។ ការចូលរួម​របស់​ខ្មែរ​គ្រប់រូប​ដែលមាន​លក្ខណៈ​ជា​វិជ្ជមាន នឹង​នាំមក​នូវ​ការផ្សះផ្សា​ជាតិ ការការពារ និង​ការអភិវឌ្ឍ​ជាតិ​ដែល​នឹង​នាំ​ឲ្យ​សង្គមជាតិ​រុងរឿង​៕

13533088_1159512117445585_1056480206167259022_n