Charity Futsal នឹងបើកការប្រកួតដើម្បីរកថវិកាជួយអ្នកជំងឺរបេងនៅកម្ពុជា

ព្រឹត្តិការណ៍បាល់ទាត់ហ្វុតសាលមួយ ដែលគេប្រសិទ្ធនាមថា«Charity Futsal Tournament 2016» ដែលរៀបចំឡើងដោយអង្គការ Operation ASHA រួមជាមួយដៃគូឧបត្ថម្ភជាច្រើនទៀតនោះ នឹងត្រូវធ្វើឡើងនៅទីលាន Central Park Sports Complex នាថ្ងៃអាទិត្យខាងមុខនេះ ដើម្បីស្វែងរកជំនួយជួយដល់អ្នកជំងឺរបេងចំនួន៣៥០នាក់ ដែលត្រូវការការព្យាបាលជាចាំបាច់។

mm1

កញ្ញា Jacqueline Chen តំណាងអង្គការ Operation ASHA បានថ្លែងក្នុងសន្និសីទកាសែតនៅសណ្ឋាគារ Himawari Hotel កាលពីថ្ងៃពុធម្សិលមិញថា បច្ចុប្បន្ននេះ យើងកំពុងប្រឈមមុខនូវការខ្វះខាតថវិកា ដើម្បីបន្តសកម្មភាពនៅស្រុកមនោរម្យខេត្តមណ្ឌលគិរី និងស្រុកដូនកែវ ខេត្តតាកែវ ស្របពេលជំនួយដ៏សំខាន់ នឹងអាចបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៦។

mm2

បើសិនជាមិនមានជំនួយទេនោះ អ្នកជំងឺរបេងទាំង៣៥០នាក់នោះ នឹងបាត់បង់ឱកាសបន្តការព្យាបាល ហើយការខនខាងព្យាបាលនោះ នឹងអាចធ្វើឲ្យអ្នកទាំងនោះ ក្លាយជាអ្នកជំងឺរបេងស៊ាំថ្នាំ ដែលទាមទារការព្យាបាលយូរ ព្រមទាំងប្រឈមមុខនឹងផលរំខាននៃថ្នាំធ្ងន់ធ្ងរ ហើយឱកាសនៃការចម្លងមេរោគនេះទៅកាន់អ្នកជាទីស្រឡាញ់នៅជុំវិញខ្លួនរបស់ពួកគេ ក៏កាន់តែខ្ពស់។
mm3

កញ្ញា Jacqueline Chen បានបញ្ជាក់ថា៖«គោលបំណងសំខាន់នៃការបង្កើតឲ្យមានការប្រកួតនេះឡើង គឺដើម្បីរៃអង្គាសថវិកា២ម៉ឺនដុល្លារ ដើម្បីបន្តការគាំទ្រ និងជួយដល់អ្នកជំងឺរបេងចំនួន៣៥០នាក់ នៅក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី និងស្រុកដូនកែវ ខេត្តតាកែវ ដែលកំពុងត្រូវការព្យាបាលជាចំបាច់ ហើយយើងសង្ឃឹមថា ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ ដែលមានបំណងរួមគ្នាធ្វើឲ្យប្រសើរឡើងនូវសុខមាសភាពនៅក្នុងសង្គម នឹងចូលរួមឧបត្ថម្ភដល់ពួកយើង»។

mm4

ចំណែក លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានគាំទ្រយ៉ាងពេញទំហឹងក្នុងបង្កើតឲ្យមានការប្រកួតនេះឡើង ដោយលោកបានថ្លែងថា៖«យើងមានមោទនភាព ក្នុងការចូលរួមលើបច្ចេកទេស សម្ភារ និងមន្រ្តីរៀបចំការប្រកួតនេះ ព្រោះ ASHA តែងតែចូលរួមទប់ស្កាត់ និងព្យាបាលជំងឺរបេងនៅកម្ពុជា ហេតុនេះ យើងសូមប្រកាសគាំទ្រនៅសកម្មភាពនេះ និងសូមអរគុណដល់ ASHA ដែលបានប្រឹងប្រែងជួយដល់សង្គមកម្ពុជាយើង»៕