ស្អុយ​ខ្លាំង​ពេក! ដួល​សន្លប់​បន្តបន្ទាប់​គ្នា​រហូត​១៩​នាក់

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ក្លិនស្អុយ​ខ្លាំង​ពេក​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ កម្មករ​-​កម្មការិនី​១៩​នាក់​បាន​ដួល​សន្លប់​បន្តបន្ទាប់​គ្នា នៅ​ក្នុង​រោងចក្រ​ឆៃ​យ៉ា​៦ ឬ​រោងចក្រ​ឃី​វ៉ា​យ​ស៊ិ​ច ដែល​មា​នទី​តាំងនៅ​ភូមិ​ស្រែ​រាំង ឃុំ​ទំនប់​ធំ ស្រុក​ញា​ឮ ខេត្តកណ្តាល ។

លោក ដួង តេ​ង អធិការ​នគរបាល​ស្រុក​ពញាឮ បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​នេះ​មាន​រាប់​ពាន់​នាក់ ប៉ុន្តែ​នៅ​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ ពេល​កម្មករ​កំពុងធ្វើការ​ក៏​មានកម្ម​ករ​បាន​ដួល​សន្លប់់​ជា​បន្តបន្ទាប់​រហូត​១៩​នាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​ដែល​កំពុងធ្វើការ​នាំ​គ្នា​រត់​ចេញពី​ក្នុង​រោងចក្រ ។

លោក​អធិការ​បន្ត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​កម្មករ​កម្មការិនី​ដួល​សន្លប់​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ដោយសារ​មាន​ក្លិនស្អុយ​ចូល​ក្នុង​រោងចក្រ ។ ក្លិន​នោះ​គឺ​មក​ពី​ប្រជាពលរដ្ឋ​បាន​យក​ជី​អាចម៍មាន់​ទៅ​បាច​ក្នុង​ស្រែ​នៅ​ក្បែ​រោងចក្រ​ចំនួន​២​បាវ បណ្តាល​ឲ្យ​ជះក្លិន​ស្អុយ​ចូល​ទៅ​ក្នុង​រោងចក្រ ពេល​នោះ​កម្មករ​-​កម្មការិនី​ធំក្លិន​ក៏​ដួល​សន្លប់​បន្តបន្ទាប់​គ្នា​តែ​ម្តង ។

កម្មករ​-​កម្ម​ការ​នី​ទាំង​១៩​នាក់​ខាងលើ​ត្រូវ​បាន​សន្តិសុខ និង​រដ្ឋបាល​រោងចក្រ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រាំង​ពន្លៃ ជិត​ផ្សារ​ឧត្តុង្គ ដោយ​មិន​មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ៕