វង្ស ណ​យ ឆ្លៀត​ថតកុន​ក្នុង​ពេល​ប្រពន្ធ​កូនខ្ចី

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ភរិយា​ទើបតែ​សម្រាល​កូនស្រី​បាន​មិន​ដល់​មួយ​ខែ​ស្រួលបួល​ផង​នោះ កីឡាករ​ល្បីឈ្មោះ វង្ស ណ​យ មិន​ត្រឹមតែ​ប្រឹង​ស្រវាស្រទេញ​ក្នុង​រឿង​ឡើង​ប្រដាល់​ដើម្បី​បាន​ប្រាក់​កម្រៃ​ប៉ុណ្ណោះ​ទេ លោក​ក៏​ត្រូវ​គេ​ឃើញ​ទទួល​ថតកុន​ក្នុង​រឿង «​អ្នក​ប្រដាល់​ឡឺ​កឺ​»​ដើម្បី​ប្រមូល​លុយដុំ​ផង និង​ដើម្បី​ពង្រីក​កេរ្តិ៍ឈ្មោះ​បន្ថែម​ទៀត​ផង ។ នេះ​ជា​ការ​តស៊ូ​ដែល​ត្រូវ​គេ​ឃើញ​កើតឡើង​ចំពោះ​កីឡាករ​ប្រដាល់​រូប​នេះ ជា​ពិសេស​នៅ​ពេល​ដែល​គេ​បានដឹង​គ្រប់​ៗ​គ្នា​ថា លោក​មាន​ជីវភាព​ខ្វះខាត មិន​មានផ្ទះ​រស់នៅ​សមរម្យ​ក្រៅពី​ជួល​បន្ទប់​គេ​ស្នាក់​នៅ និង​មិន​មាន​សល់​ប្រាក់​ជា​ដុំ​កំភួន ក្នុង​ពេល​មិន​ទទួល​ការងារ​ប្រដាល់​ម្ដង​ៗ ។

ចាត់ទុកជា​ការងារ​ថ្មី​ទៀត​ហើយ​ដែល​កីឡាករ​វង្ស ណ​យ បាន​ក្លាយជា​តួអង្គ​សំខាន់​មួយ​ក្នុង​រឿង​«​អ្នក​ប្រដាល់​ឡឺ​កឺ​»​ដែល​ជា​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​ខ្មែរ​ប៉ុស្ដិ៍​លេខ​៨ ។ នេះ​ជា​លើក​ដំបូង​ដែល​កីឡាករ​រូប​បាន​ក្លាយជា​តួ​សម្ដែង​ត្រូវ​នឹង​អាជីព​របស់​ខ្លួន​នៅ​ក្នុង​រឿង​ភាគ ដែល​រំពឹង​ថា នឹង​មានការ​ទន្ទឹងរង់ចាំ​ទស្សនា​ច្រើន​ក្នុង​ពេល​ដែល​កន្លង​មក លោក​បាន​សម្ដែង​តែ​ក្នុង​រឿង​ដែល​គេ​យក​ទៅ​បញ្ចាំង​ក្នុង​រោង​ភាពយន្ដ និង​ច្រើន​សម្ដែង​ជា​តួ​វាយតប់​ក្រៅ​សង្វៀន មិន​ស្ថិត​ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន ។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​មានការ​បង្ហោះ​ពី​ឈុត​ឆាក​សម្ដែង​របស់​កីឡាករ វង្ស ណ​យ ជាមួយនឹង​តារា​សម្ដែង​ផ្សេង​ទៀត​ក្នុង​រឿង​ដែល​បង្ហាញ​ថា លោក​បាន​ចូល​កាន់តែ​ជ្រៅ​ក្នុង​ការ​សម្ដែង​ភាពយន្ត បន្ទាប់​ពី​លោក​បង្ហាញខ្លួន​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​ដើម្បី​វិ​វ​ឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​តារា​សិល្បៈ​ថែម​មួយ​កម្រិត​ទៀត​ក្រៅពី​អាជីព​សម្ដែង ។

ការ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​របស់​វង្ស ណ​យ​ត្រូវ​គេ​ឃើញ​កើត​ចំ​ពេល​ដែល​ភរិយា​របស់​លោក​ទើបនឹង​មានកូន​ទី​២ និង​កំពុង​សម្រាលកូន​នៅ​ខេត្ត​ត្បូងឃ្មុំ​នោះ​តែ​ម្ដង ។ ការ​បង្ហាញខ្លួន​នៅ​ក្នុង​រឿង​ភាគ «​អ្នក​ប្រដាល់​ឡឺ​កឺ​»​នេះ ក៏​ត្រូវ​គេ​មើលឃើញ​ថា ជា​ការ​បង្ហាញ​ស្នាដៃ​ធ្វើ​កាដូ​ដល់​កូនស្រី​របស់​លោក​ដែល​ទើបនឹង​មើលឃើញ​ពន្លឺព្រះអាទិត្យ​នោះ​ផង​ដែរ ។ គេ​មិន​ទាន់​ដឹង​ថា ខ្សែ​រឿង​ដែល​លោក​ចូល​សម្ដែង​លើក​នេះ​នឹង​ជួយ​ឱ្យ​លោក​បាន​សម្ដែង​ក្នុង​រឿង​ផ្សេង​បាន​សស្រាក់សស្រាំ​ដូច​គ្នា​នឹង​កីឡាការិនី សម ថា​រ័​ត្ន ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ពី​កីឡាការិនី​ទៅ​ជា​តួ​សម្ដែង​យ៉ាង​លេចធ្លោ​នៅ​ក្នុង​វិស័យ​ភាពយន្ត​នោះ​ឬ​យ៉ាងណា ។

កីឡាករ​វង្ស ណ​យ ធ្លាប់​បាន​បញ្ជាក់​ថា ឱ្យ​តែ​មានឱកាស​លោក​នឹង​ទទួល​សម្ដែង​ទាំងអស់ មិន​ថា​ការ​សម្ដែង​រឿង ការ​សម្ដែង​ឈុត​ខារ៉ាអូខេ និង​ការ​សម្ដែង​ក្នុង​ឈុត​អប់រំ​ខ្លី ។ ក្នុង​នោះ​លោក​ក៏​បាន​ឡើង​ច្រៀង​តាម​កម្មវិធី​ប្រគំ​តន្ត្រី​នានា ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​ផង​ដែរ ។ លោក​ថា ការ​ប្រដាល់​មួយ​មុខ​មិន​អាច​ឱ្យ​លោក​ប្រែក្លាយ​ខ្លួន​ទៅ​ជា​អ្នកមាន​ជីវភាព​ល្អ​ប្រសើរ​បាន​ទេ ជា​ពិសេស​ក្នុង​ពេល​ដែល​លោក​និង​ភរិយា​នៅ​មិន​ទាន់​មាន​លទ្ធភាព​សូ​ម្បី​តែ​មានផ្ទះ​ផ្ទាល់ខ្លួន​នៅ​ស្រុក ។

ភរិយា​របស់​លោក​វង្ស ណ​យ បាន​ថ្លែងប្រាប់​«​កោះសន្ដិភាព​»​ថា អ្នក​នាង និង​លោក​វង្ស ណ​យ បាន​រស់នៅ​ឆ្ងាយ​គ្នា​ប្រមាណ​២​ខែ​មក​ហើយ ដោយសារ​តែ​អ្នក​នាង​ទើបនឹង​សម្រាលកូន​ទី​២ គឺ​កូនស្រី​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​ត្បូងឃ្មុំ ហើយ​ទុក​ឱ្យ វង្ស ណ​យ រស់នៅ​បន្ទប់​ជួល​តែឯង ដើម្បី​បន្ត​អាជីព​ប្រដាល់ និង​ការ​សម្ដែង​រឿង​ដើម្បី​ស្វែងរក​ប្រាក់ ។ អ្នក​នាង​ថា ស្វាមី​របស់​ខ្លួន​មិន​ដែល​ទំនេរ​នោះ​ទេ គឺ​ក្រៅពី​ប្រដាល់ សម្ដែង និង​ច្រៀង លោក​ក៏​បាន​ទៅ​ធ្វើ​កិច្ចការ​នេះ​កិច្ចការ​នោះ ដើម្បី​បាន​ប្រាក់​ជា​ហូរហែ​ផ្ញើ​មក​ឱ្យ​ប្រពន្ធ​កូន​ក្នុង​ពេល​ដែល​អ្នក​នាង​សម្រាលកូន​ផង​ដែរ ។ អ្នក​នាង​និយាយ​ថា មិនសូវ​បានដឹង​រឿង​ស្វាមី​សម្ដែង​រឿង និង​ធ្វើ​អី​ក្រៅពី​ប្រដាល់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នក​នាង​បានដឹង​គឺ​កីឡាករ វង្ស ណ​យ ប្រឹងប្រែង​រាល់ថ្ងៃ​ដើម្បី​ប្រឆាំង​នឹង​ភាព​ក្រីក្រ ជា​ពិសេស​ក្នុង​ពេល​ដែល​លោក​កាន់តែ​កើនឡើង​នូវ​បន្ទុក​ក្រោយ​ពី​មានកូន​២​ដែល​ត្រូវ​ចំណាយ​ខ្ពស់​ជាង​មុន​បែប​នេះ ។

វង្ស ណ​យ បាន​អះអាង​ថា ក្រោយ​ថត​បញ្ចប់​ប៉ុន្មាន​ឈុត​នៅ​ក្នុង​រឿង​«​អ្នក​ប្រដាល់​ឡឺ​កឺ​» លោក​មិនសូវ​មានការ​ងារ​ធ្វើ​ពាក់ព័ន្ធ​នឹង​ការងារ​ថតកុន​ទៀត​ទេ ។ ក្នុង​នោះ​សូ​ម្បី​តែ​ការ​ឡើង​ច្រៀង ក៏​មិនសូវ​មាន​អ្នក​ទទួល​ផង​ដែរ ស្របគ្នា​ដែល​លោក​ក៏​មិនសូវ​ក្លាហាន​ក្នុង​ការ​ឡើង​ច្រៀង​ឱ្យ​បាន​ដូច​គ្នា​នឹង​តារាចម្រៀង​នោះ​ផង ។ លោក​ថា អ្វី​ដែល​លោក​ចង់បាន​គឺ​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ភរិយា​និង​កូន ចំណែក​រឿង​ថា​ប្រឡូក​ខាង​សិល្បៈ​ខ្លាំង​ជាង ឬ​កីឡា​ឱ្យ​បាន​ខ្លាំង​ជាង គឺ​មិន​ចោទ​នោះ​ទេ ។ លោក​និយាយ​ថា ៖ «​សម្រាប់​ខ្ញុំ​អត់​មាន​ថា ចង់​ខាង​ណា​ជាង​ខាង​ណា សំខាន់​ឱ្យ​តែ​មាន​គេ​ហៅ​សម្ដែង​ក៏​សម្ដែង ច្រៀង​ក៏​ច្រៀង ហើយ​ប្រដាល់​ក៏​អត់​ចោល ធ្វើ​ម៉េច​ឱ្យ​តែ​បាន​លុយ​!» ។ យ៉ាងណា​ក៏​ដោយ លោក​ចង់​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង​ដែល​មាន​ការងារ​លេចធ្លោ​ដូច​គ្នា​នឹង​កីឡាការិនី សម ថា​រ័​ត្ន ដោយសារ​តែ​ការងារ​សម្ដែង​ក្រៅពី​ជួយ​ឱ្យ​កីឡាករ​ដែល​ជា​អ្នក​សម្ដែង​ទទួល​បាន​ប្រាក់​កាស​មិន​អន់​ជាង​ការ​ប្រដាល់ ក៏​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ផង​ដែរ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វង្ស ណ​យ ឆ្លៀត​ថតកុន​ក្នុង​ពេល​ប្រពន្ធ​កូនខ្ចី

វង្ស ណ​យ ឆ្លៀត​ថតកុន​ក្នុង​ពេល​ប្រពន្ធ​កូនខ្ចី

វង្ស ណ​យ ឆ្លៀត​ថតកុន​ក្នុង​ពេល​ប្រពន្ធ​កូនខ្ចី

វង្ស ណ​យ ឆ្លៀត​ថតកុន​ក្នុង​ពេល​ប្រពន្ធ​កូនខ្ចី