យុវជន​ជំទង់​ឃ្លាន​ត​ណ្ហាចាប់​ក្មេង​ស្រី​រំលោភ​រួច រត់​ទៅ​ពួន​នៅ​លើ​ចុង​ដូង

យុវជន​ជំទង់​ឃ្លាន​ត​ណ្ហាចាប់​ក្មេង​ស្រី​រំលោភ​រួច រត់​ទៅ​ពួន​នៅ​លើ​ចុង​ដូង



ខេត្តក្រចេះ ៖ យុវជន​ជំទង់​ម្នាក់​ដែល​បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ បាន​ត្រូវ​នគរបាល​ស្រុក​ស្នួល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា នៅ​ពេល​រូបគេ​រត់គេច​ទាល់ច្រក​ក៏​ឡើង​លាក់ខ្លួន​លើ​ចុង​ដូង ។ យុវជន​រូប​នេះ ឈ្មោះ សយ សិ​ដ្ឋ អាយុ​១៥​ឆ្នាំ រស់នៅ​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​មួយ​កន្លែង​នៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ហើយ​ក្រោយ​ពេល​ឃាត់ខ្លួន​ក៏​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៤ ខែកក្កដា យុវជន​ជំទង់​រូប​នេះ​បាន​ល្បួង​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​នៅ​ក្នុង​រោង​ខ្ទម​ចម្ការ​ក្រោយ​ភូមិ ខណៈ​ឪពុក​ម្តាយ​របស់​នាង​មិន​នៅ ។

អធិការរង​នគរបាល​ស្រុក​ស្នួល​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​លោក ប៊ុត នឿ​ន បាន​ឲ្យ​ដឹង​ថា យុវជន​ជំទង់​នេះ​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ជីដូន និង​ឪពុក​ម្តាយ​ក្មេង​ស្រី ហើយ​គេ​បាន​បាន​ព្យាយាម​រត់គេច​ពី​ការ​ដេញ​តាម​ចាប់ខ្លួន ដោយ​ឡើង​ដើម​ដូង​ដើម្បី​លាក់ខ្លួន តែ​ទោះជា​គេច​យ៉ាងណា ក៏​ត្រូវ​នគរបាល​រក​ឃើញ​ដែរ ។

មន្ត្រី​នគរបាល​និយាយ​ថា កាលពី​ថ្ងៃ​កើតហេតុ ខណ​ជន​នេះ​នៅ​មើល​ទូរទស្សន៍​ក្នុង​រោង​ចម្ការ​ជាមួយនឹង​ក្មេង​ស្រី​រង​គ្រោះ ក៏​បាន​ល្បួង​នាង​រំលោភ​រហូត​បាន​សម្រេច​ហើយ​ក៏​មិន​បាន​គេចខ្លួន​ទៅ​ណា​ភ្លាម​ៗ​ទេ ដោយ​ធ្វើ​ដូច​ជា​មិន​មានរឿង​អ្វី​ទាំងអស់ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​រឿង​នេះ​ដល់​ជីដូន និង​ឪពុក​ម្តាយ​នាង ទើប​មានការ​មក​ប្តឹង​និង​ឈាន​ដល់​ការ​ចុះ​ទៅ​ចាប់ខ្លួន ។

លោក​អធិការរង​បញ្ជាក់​ថា ក្រោយ​ពី​មានការ​នាំ​ខ្លួន​មក​សាកសួរ​ជនល្មើស​បាន​ឆ្លើយ​សារភាព ទើប​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៀត ៕​