​វិធី​បង្ការ​កុំ​ឲ្យ​កូន កើត​មក​មិន​គ្រប់​ទម្ងន់​

​វិធី​បង្ការ​កុំ​ឲ្យ​កូន កើត​មក​មិន​គ្រប់​ទម្ងន់​


​វិធី​បង្ការ​កុំ​ឲ្យ​កូន កើត​មក​មិន​គ្រប់​ទម្ងន់​

​ក្រោយ​ពី​ការបង្ហាញ​រួចមកហើយ នូវ​មូលហេតុ​ដែល​នាំ​ឲ្យ​កូន កើត​មក​មិន​គ្រប់​ទម្ងន់ ក៏​មាន​បងប្អូន​យើង​ជាច្រើន ជាពិសេស បងៗ​ស្ត្រី​ដែល​ធ្លាប់មាន​បទពិសោធន៍ បង្កើត​កូន​មិន​គ្រប់​ទម្ងន់ សួរ​ខាង​គេហទំព័រ​យើងខ្ញុំ​ថា តើ​ពួកគាត់​គួរ​ធ្វើ​យ៉ាងណា ទើប​អាច​ចៀសផុត​ពី​រឿងនេះ​? តាមរយៈ​អត្ថបទ​ដែល​ពួក​ខ្ញុំ​ចុះ​ផ្សាយ កាល​ប៉ុន្មាន​ថ្ងៃមុន គឺជា​ការបង្ហាញ​អំពី​ទង្វើ របស់​ម្តាយ​ដែល​គាត់​បាន​ធ្វើ ក្នុងពេល​មាន​ផ្ទៃពោះ ទើប​កូន​កើត​មក​មិន​គ្រប់​ទម្ងន់​។ ដូច្នេះ បងៗ​គ្រាន់តែ​ធ្វើ​យ៉ាងណា ចៀស​ឲ្យ​ឆ្ងាយ​ពី​មូលហេតុ ក៏​ដូច​ជា​ទង្វើ​ទាំង​អស់នោះ​វិញ​ទៅ គឺ​អាច​បង្ការ​បាន​ហើយ​។

​យ៉ាងណាមិញ សម្រាប់​ទារក​ដែល​កើត​មិន​គ្រប់​ទម្ងន់ ឬ​ខ្វះ​ទម្ងន់​ខ្លាំង ប្រហែលជា​ត្រូវ​ប្រឈមមុខ​នឹង​ភាពលំបាក​ច្រើន ចំពោះ​សុខភាព​ពួកគេ​នៅ​ថ្ងៃ​អនាគត​។ ជាទូទៅ ពួកគេ​គឺ​ងាយ​កើត​ជំងឺ​ណាស់ ដូចជា ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​សរសៃឈាម​បេះដូង​ជាដើម​។ ផលវិបាក​ផ្សេងៗ​ទៀត មានដូចជា ជំងឺ​វៀច​មុខ ខ្វាក់ភ្នែក ឬ​ថ្លង់ ព្រមទាំង​ការលូតលាស់​ខាង​បញ្ញា​ស្មារតី និង​ភាពរឹងមាំ​របស់​រាងកាយ​យឺត​។

ដូច្នេះ ដើម្បី​បង្ការ​កុំ​ឲ្យ​កូន កើត​មក​មិន​គ្រប់​ទម្ងន់ បាន​កាន់តែ​មាន​ប្រសិទ្ធភាព​ទៀត​នោះ បងប្អូន​ស្ត្រីៗ​គ្រប់រូប គួរតែ​ព្យាយាម​ធ្វើ​ការងារ​ដូច​ខាងក្រោម​នេះ ឲ្យ​ខានតែបាន ៖

ចាប់ផ្តើម​ធ្វើ​ការថែរក្សា​សុខភាព ក្នុងពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​
ការថែរក្សា​សុខភាព ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់បំផុត ព្រោះ​វា​នឹង​ជួយ​អ្នក រកឃើញ​បញ្ហា​ជំងឺ​ផ្សេងៗ បាន​ទាន់ពេលវេលា​ដូចជា ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ និង​ជំងឺ​ត្រៀម​ក្រឡាភ្លើង​ជាដើម​។

​ក្នុង​ពេល​ទៅ​ជួប​ពេទ្យ គាត់​នឹង​តាមដាន​ទៅ​លើ សម្ពាធ​ឈាម​របស់​ម្តាយ ការឡើង​ទម្ងន់ ការលូតលាស់​របស់​ទា​រក និង​ចង្វាក់បេះដូង​ទារក​។

ផ្លាស់ប្តូរ​របៀប​រស់នៅ​
ការជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង ត្រូវបាន​គេ​ស្គាល់​ថា​ធ្វើឲ្យ​ប្រឈម​ខ្លាំង នឹង​កូន​កើត​មក​មិន​គ្រប់​ទម្ងន់​។ ចូរ​បញ្ឈប់​ការជក់បារី និង​ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​។ ការ​សម្រប​ខ្លួន​នឹង​របៀប​រស់នៅ​ផ្សេង​បន្តិចបន្តួច ដូចជា ការកាត់បន្ថយ​ស្ត្រេ​ស និង​គេង​បាន​គ្រប់គ្រាន់ អាច​នឹង​មាន​ប្រយោជន៍​ខ្លាំង ចំពោះ​ការលូតលាស់​របស់​ទារ​ក​។

គ្រប់គ្រង​ការត្រៀម​កើត​ជំងឺ​ផ្សេងៗ​
សម្រាប់​ស្ត្រី​ដែល​ចង់​ក្លាយ​ជា​ម្តាយ​គេ តែ​បែរជា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ទៀត​នោះ ទំនង​ជា​ប្រឈម​ខ្លាំង នឹង​ធ្វើឲ្យ​កូនកើត​មកមិនគ្រប់​ទម្ងន់​។ ដូច្នេះ អ្វី​ដែល​ល្អ យើង​គួរតែ​ធ្វើការ​គ្រប់គ្រង​ជំងឺ​នេះ​ឲ្យបាន​ល្អ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា ជំងឺ​ទាំងនេះ​គ្រប់គ្រង​ដល់​កម្រិត​ណា ទើប​មាន​ផល​ល្អ ក្នុង​ការ​យក​កូន​។

ថែរក្សា​ទម្ងន់​ដែល​ផ្តល់​សុខភាព និង​ញ៉ាំ​ជីវជាតិ​ឲ្យបាន​គ្រប់គ្រាន់​
ការ​មាន​ផ្ទៃពោះ មិនមែន​ជា​ពេលវេលា ដែល​ត្រូវ​តម​អាហារ​ឡើយ​។ ដូច្នេះ ចូរ​ថែរក្សា​ការ​ញ៉ាំ​ជីវជាតិ​ឲ្យបាន​ល្អ ជាពិសេស នៅ​ពេល​ចាប់ផ្តើម​ដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ​តែម្តង តាមរយៈ​ការបង្កើន​ការ​ទទួលទាន​សារធាតុ​ហ្វូ​លិក​អាស៊ីត ឬ​វីតាមីន B9 ដែល​មាន​ក្នុង​គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ​។ ដោយសារ​តែ​វា​ពិបាក នឹង​ទទួលបាន​ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់ ពី​របប​អាហារ​តែមួយ​មុខ ដូច្នេះ ត្រូវតែ​ប្រើ​បន្ថែម ជាមួយនឹង​ថ្នាំ​បំប៉ន​ជីវជាតិ​នេះ​ទៀត ដោយ​មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ត្រឹមត្រូវ​។ កង្វះ​ជីវជាតិ​មួយ​នេះ ជាហេតុ​នាំ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ កូន​កើត​មិន​គ្រប់​ទម្ងន់ និង​កើតមក​ខូច ឬ​បាត់​អវៈយវៈ​ទៀត​។

ក្រៅពីនេះ ការគ្រប់គ្រង​ទម្ងន់ ពេល​ត្រៀម​មាន​ផ្ទៃពោះ​បាន​យ៉ាង​ល្អ ការពិនិត្យ​សុខភាព ជាមួយនឹង​ការ​ហាត់ប្រាណ​បាន​គ្រប់គ្រាន់ ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ព្រមទាំង​ប្រើ​ថ្នាំ​បំប៉ន ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​បាន​ត្រឹមត្រូវ ជាពិសេស ការប្រើប្រាស់​វីតាមីន B9 នៅពេល​មាន​ផ្ទៃពោះ​ភ្លាម នឹង​ជួយ​ធានាបាន នូវ​ការ​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុខភាព​ល្អ ហើយ​កូន​កើតមក មាន​ទម្ងន់​ប្រកប​ដោយ​សុខភាព​ល្អ​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ.​ ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។