ចិន​ទទួល​រៀប​ចំ​កិច្ច​ប្រជុំ​ E-Sports កំពូល​ជា​សកល​ ខណៈ​កម្ពុជា​ក៏​ត្រូវ​ចូល​រួម​

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ (IeSF) ​និង​​ទី​លាន​ World Cyber Arena ​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ស្តីពី​​កីឡា​អេឡិចត្រូនិក​សកល (2016 Global e-Sports Executive Summit) ​​នៅ​ទី​ក្រុង​ស៊ាងហៃ​ ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​៣០​ ដល់​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​​នេះ​ដែល​មាន​ទាំង​ការ​តាំង​ពិពណ៌នា​ឧស្សាហកម្ម​​ឌីជីថល​​​ផង​ដែរ។ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ក៏​ត្រូវ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ធំ​​ជា​សកល​នេះ​ដែរ។

 

ចិន​ទទួល​រៀប​ចំ​កិច្ច​ប្រជុំ​ E-Sports កំពូល​ជា​សកល​ ខណៈ​កម្ពុជា​ក៏​ត្រូវ​ចូល​រួម​ កិច្ច​ប្រជុំ​កាល​ពី​ឆ្នាំ​២០១៥

 

គោល​​បំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ​គឺ​ដើម្បី​ចែក​រំលែក​គំនិត​​​គ្នា​ទៅ​វិញ​ទៅ​មក​ជុំ​វិញ​ឧស្សាហកម្ម​​​ E-Sports ផ្សេង​គ្នា​​ដល់​ដៃ​គូ​ពាក់​ព័ន្ធ​​នានា​បាន​យល់​ពី​ការ​រីក​ចម្រើន​ទូទាំង​ពិភព​លោក​ ព្រម​ទាំង​ដាក់​ទៅ​ទិស​ដៅ​អភិវឌ្ឍ​ឲ្យ​បាន​ត្រឹម​ត្រូវ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ កិច្ច​ប្រជុំ​នេះ​​ក៏​ពាក់​ព័ន្ធ​នឹង​គ្រួសារ​កីឡា​​ E-Sports អន្តរជាតិ​​ឲ្យ​ពិភាក្សា​គ្នា​​ជុំ​វិញ​សក្តានុពល​​កីឡា​អេឡិចត្រូនិក​នេះ។​

 

កិច្ច​ប្រជុំ​កំពូល​នឹង​​ប្រជុំ​ដោយ​សហព័ន្ធ​កីឡា​ E-Sports ជាតិ​ទាំង​អស់​​នៅ​ជុំ​វិញ​ពិភព​លោក​ដែល​ជា​សមាជិក​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​​ដើម្បី​បាន​បង្ហាញ​នូវ​​​សកម្មភាព​ក្នុង​​ការ​ប្រតិបត្តិ​តាម​​បណ្តាល​​ប្រទេស​នីមួយ​ៗ​ និង​ក្រុម​ហ៊ុន​អេឡិចត្រូនិក​នានា​ កីឡាករ​ E-Sports ល្បី​ជុំ​វិញ​ពិភព​លោក។

 

សហព័នុ្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​រំពឹង​ថា​ កិច្ច​ប្រជុំ​កំពូល​នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​​ស្ថាប័ន​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​​កីឡា​អេឡិចត្រូនិក​ និង​វិស័យ​បច្ចេកវិទ្យា​​ដើម្បី​ផ្លាស់​ប្តូរ​ និង​ចែក​រំលែក​​គ្នា​ទៅ​វិញ​ទៅ​មក​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ E-Sports កាន់​តែ​ខ្លាំង។

 

លោក Alex Lim អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​បាន​លើក​ឡើង​ថា​ ៖«​យើង​សង្ឃឹម​ថា​ គ្រប់​ភាគី​ទាំង​អស់​នឹង​ចែក​រំលែក​​ចក្ខុវិស័យ​ដូច​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ និង​តាំង​ពិរពណ៌​ E-Sports សកល​នេះ​ដើម្បី​​ការ​អភិវឌ្ឍ​​វិស័យ​ E-Sports កាន់​តែ​ខ្លាំង​នា​ពេល​អនាគត»។

 

«យើង​ទន្ទឹង​រង់​ចាំ​ការ​ចូល​រួម​ពី​សហព័ន្ធ​ជាតិ​ជា​សមាជិក​ទាំង​អស់​​ដើម្បី​ញុំង​ឲ្យ​ព្រឹត្តិការណ៍​កាន់​តែ​អស្ចារ្យ​ និង​E-Sports កាន់​តែ​មាន​សក្ដានុពល។ សង្ឃឹម​ថា កិច្ច​ប្រជុំ​ជា​ច្រើន​ផ្នែក​នៃ​​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​គាំទ្រ​ដល់​ការ​ទទួល​ស្គាល់​ E-Sports របស់​ស្ថាប័ន​ SportAccord និង​​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)។

 

ចិន​ទទួល​រៀប​ចំ​កិច្ច​ប្រជុំ​ E-Sports កំពូល​ជា​សកល​ ខណៈ​កម្ពុជា​ក៏​ត្រូវ​ចូល​រួម​ កិច្ច​ប្រជុំ​កាល​ពី​ឆ្នាំ​២០១៥

 

សម្រាប់​កិច្ច​ប្រជុំ​កំពូល​ស្តីពី​ E-Sports និង​ការ​តាំង​ពិពណ៌នា​នៅ​ប្រទេស​ចិន​ជា​សកល​នេះ​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC)​ដែល​ជា​ស្ថាប័ន​កីឡា​ជាតិ​ក៏​ចូល​រួម​ក្នុង​ពិធី​ដ៏​អស្ចារ្យ​​នេះ​ក្នុង​នោះ​ឯក​ឧត្តម ជា ច័ន្ធបរិបូណ៍​ អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ក៏​អញ្ជើញ​ចូល​រួម​ដែរ។ នេះ​ជា​លើក​ទី​១​ហើយ​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ បន្ទាប់​ពី​បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ។

 

ចិន​ជា​ប្រទេស​ដែល​រីក​ចម្រើន​ខ្លាំង​ផ្នែក​កីឡា​ E-Sports និង​បច្ចេកវិទ្យា​ ដូច្នេះ​បាន​ជា​ប្រទេស​មួយ​នេះ​ទទួល​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ស្តីពី​ E-Sports និង​ការ​តាំង​ពិពណ៌នា​​ជា​សកល​ប្រចាំ​ឆ្នាំ​២០១៦​នេះ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​