ឃុំ​ចំនួន​២ ​ក្នុងស្រុក​ជ័យ​សែន​ ទទួល​រង​ជំនន់​ទឹកភ្លៀង​ បន្ទាប់ពី​រាំងស្ងួត​ខ្លាំង​នៅ​រដូវប្រាំង

ឃុំ​ចំនួន​២ ​ក្នុងស្រុក​ជ័យ​សែន​ ទទួល​រង​ជំនន់​ទឹកភ្លៀង​ បន្ទាប់ពី​រាំងស្ងួត​ខ្លាំង​នៅ​រដូវប្រាំង



ព្រះវិហារ ៖ ​ស្រុក​ជ័យ​សែន​កាលពី​រដូវប្រាំង​ចាប់ពី​ខែ​មករា​ដល់​ពាក់​កណ្តាល​ខែ​ឧសភា​ ឆ្នាំ​២០១៦​បាន​ជួប​គ្រោះ​រាំងស្ងួត​ខ្វះខាត​ទឹក​ប្រើប្រាស់ ​ដោយសារ​បឹង​អណ្ដូង​ទឹក ​និង​ស្រះ​ទឹក​ខ្លះ​បាន​រីង​ទឹក​ហើយ​ស្រុក​ក្រុង​ទាំង​៧​ទៀត​ក្នុង​ខេត្ត​ព្រះវិហារ​ក៏​ជួប​គ្រោះ​រាំងស្ងួត​ដូចគ្នា។ ប៉ុន្តែ​ឈាន​ចូល​ដល់​រដូវវស្សា​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​បាន​ទទួល​របាយ​ទឹកភ្លៀង​ធ្លាក់​ជោកជាំ​មាន​អំណោយផល​ដល់​ការ​បង្កបង្កើនផល​ធ្វើស្រែ​ចម្ការ​របស់​ប្រជាកសិករ។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ចូល​ដល់​ខែ​កក្កដា​នេះ​ អាកាសធាតុ​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា​នៅ​ស្រុក​ជ័យ​សែន​បណ្តាល​ឲ្យ​ភូមិឋាន​វាលស្រែ​ចម្ការ​ និង​ផ្លូវថ្នល់​មួយ​ចំនួន​ក្នុង​ឃុំ​ធ្មារ​ និង​ឃុំ​ច្រាច់​ បាន​ទទួលរង​ជំនន់​ទឹកភ្លៀង។ ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ជ័យ​ថ្មីៗ​នេះ​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ទៅមក​ផងដែរ។

លោក​ជុំ​ពុ​យ​ អភិបាលស្រុក​ជ័យ​សែន​បាន​ឲ្យដឹងថា ​កាលពី​ថ្ងៃទី​០៥​ ខែកក្កដា ​ឆ្នាំ​២០១៦ ​ភ្លៀង​ធ្លាក់​មួយថ្ងៃ​ពេញ​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃទី​០៦ ខែ​​កក្កដា ​ដោយសារ​ទឹកភ្លៀង​ទាំងនោះ​ហូរ​មកពី​ទី​ទួល​ជើងភ្នំ​ទៅ​កាន់​ដងស្ទឹង​ និង​បឹង​មិន​ទាន់​ពេល។ ជំនន់​ទឹកភ្លៀង​បាន​លិច​ផ្លូវថ្នល់​និង​វាលស្រែ​ចម្ការ​អស់​រយៈពេល​១​ថ្ងៃ​នៅ​ថ្ងៃ​ទី​០៦ ខែ​​កក្កដា​ម្សិលមិញ​ ហើយ​មកដល់​ថ្ងៃ​ទី​០៧​ ខែ​កក្កដា​នេះ​ទឹកភ្លៀង​បាន​ស្រក​អស់​វិញ​ហើយ។

រីឯ​នៅ​ក្រុង​ព្រះវិហារ​វិញ​ក៏​មាន​របាយ​ទឹកភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា​ដែរ​ កាលពី​ចុងខែ​មិថុនា​ឆ្នាំ​២០១៦​ ហើយ​ទឹកភ្លៀង​បាន​ហូរ​ចាក់​ពី​ទី​ទួល​ខ្ពស់​ទៅ​កាន់​ដងស្ទឹង​សែន​បាន​ទាន់​ពេល ​មិន​បង្ក​ឲ្យ​ឲ្យ​ជំនន់​ទឹកភ្លៀង​នោះទេ។ កំណាត់​ផ្លូវថ្នល់​ខ្លះ​ក្នុង​ទី​រួម​ខេត្តព្រះវិហារ​អាច​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ ​និង​បង្ក​ដោយ​រថយន្ត​យី​ឌុប​ដឹក​គ្រឿងសំណង់​លើស​ចំណុះ​បើកបរ​ចូល​ក្រុង​ព្រះវិហារ៕

  • ឃុំ​ចំនួន​២ ​ក្នុងស្រុក​ជ័យ​សែន​ ទទួល​រង​ជំនន់​ទឹកភ្លៀង​ បន្ទាប់ពី​រាំងស្ងួត​ខ្លាំង​នៅ​រដូវប្រាំង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ក្នុងស្រុក