ត្រី​នាំចូល​ពី​ប្រទេស​ថៃ​ កំពុង​សម្រុក​កែច្នៃ​ទៅជា​ណែម​ត្រី និង​សង្វាក់​

ត្រី​នាំចូល​ពី​ប្រទេស​ថៃ​ កំពុង​សម្រុក​កែច្នៃ​ទៅជា​ណែម​ត្រី និង​សង្វាក់​



បាត់ដំបង​ ៖ ​ប្រហិត​ត្រី ណែម​ត្រី និង​សង្វាក់ ដែល​កន្លង​មក​ធ្លាប់តែ​មាន​ឈ្មោះ​ល្បី​ថា​មាន​តែ​អ្នក​បាត់ដំបង​ទេ ដែល​ចេះ​ធ្វើ​ឲ្យ​មាន​ឱជារស​ឆ្ងាញ់ ដោយ​អាហារ​ទាំងនេះ​ត្រូវ​បាន​គេ​ផលិត​ឡើង​អំពី​សាច់​ត្រីរ៉ស់​តែ​ម្យ៉ាង​គត់ ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​ផ្លាស់ប្ដូរ និង​កែច្នៃ​បែប​ផ្សេង​ទៅ​វិញ ដោយសារតែ​ត្រី​ក្នុង​បឹង​ទន្លេសាប​មាន​អត្រា​ធ្លាក់​ចុះ​ផង និង​មានតម្លៃ​ខ្ពស់​មិន​អាច​រក​ប្រាក់​ចំណេញ​បាន ស្រប​ពេល​ដែល​អង្គភាព​ជំនាញ​តាម​បណ្ដា​ច្រក​មួយ​ចំនួន នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ហាក់​មាន​ភាព​ធូររលុង​យ៉ាង​ខ្លាំង​ផង។

យោង​តាម​ប្រភព​មួយ​ចំនួន​ដែល​រស់នៅ​ក្បែរ​ខ្សែបន្ទាត់​ព្រំដែន ពិសេស​គឺ​រស់នៅ​ម្តុំ​ក្បែរ​ច្រក​តំបន់​គីឡូ​១៣ ស្ថិតក្នុង​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា​ ត្រី​ដែល​ក្រុម​ឈ្មួញ​នាំ​មកពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​តំបន់​នេះ ​គឺ​ភាគច្រើន​មាន​៣​ប្រភេទ ដូចជា​ត្រី​ប្រា ត្រី​ទីឡាប់ស្យា និង​ត្រី​ត្រសក់ ដែល​ថៃ​តែង​និយម​ហៅថា​(ប្លា​តែង​ក្វា) ដោយ​គ្មាន​ការ​វេច​ខ្ចប់ឲ្យបាន​ត្រឹមត្រូវ​នោះទេ គឺ​គេ​ដាក់​ចោល​ពាសវាលពាសកាល ទម្រាំ​តែ​រថយន្ត​មក​រៀបចំ​ដឹក​ចូល​ទៅ​កាន់​ក្រុង​បាត់ដំបង។

ប្រភព​ដដែល​នេះ​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ចំណោម​ត្រី​ទាំងអស់នេះ គឺ​មិន​អត់​នោះទេ​ចំពោះ​ត្រី​ដែល​អន់​គុណភាព ដែល​ចាំបាច់​ត្រូវតែ​ក្លាសេ​ទឹកកក​ឲ្យ​បាន​ដិតដល់ និង​ជាប់​ជាប្រចាំ ជៀសវាង​ការ​ខូចគុណភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ដោយ​ធ្វើយ៉ាងណា​ដឹក​ឲ្យ​បាន​ដល់​គោលដៅ​សិន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក ជា វុទ្ធី ប្រធាន​សាខា​គយ​ប្រចាំ​ច្រក​តំបន់​គីឡូ​១៣​នេះ​ធ្លាប់​បាន​និយាយប្រាប់​បណ្តា​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ថា រាល់​ត្រី​ដែល​ខូចគុណភាព​គឺ​ក្រុម​ឈ្មួញ​គេ​មានច្បាប់​ត្រឹមត្រូវ ដោយ​នាំយកទៅ​ធ្វើជា​ចំណីឲ្យសត្វ​ក្រពើ​ស៊ី ដោយឡែក​ត្រី​ដែល​ល្អៗ​គឺ​គេ​យកទៅលក់​លើ​ទីផ្សារ​ជាធម្មតា ដោយ​មិនមាន​ការកែប្រែ​យក​ទៅ​ច្នៃ​ធ្វើ​អ្វី​បន្តទៀត​នោះឡើយ ព្រោះ​ក្រុមការងារ​ដែល​បាន​សហការ​ជាមួយ​កម្លាំង​កាំកុងត្រូល បាន​ត្រួតពិនិត្យ​យ៉ាងច្បាស់​លាស់​រួចហើយ ជៀសវាង​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួលទាន។

ទោះបីជា​ពាក្យ​នេះ​ត្រូវ​បាន​អះអាង​យ៉ាង​ច្បាស់​លាស់​ពី​មន្ត្រី​គយ​រូប​នេះ​ក៏ដោយ ក៏​ប្រភព​ជា​ច្រើន​បាន​ធ្វើការ​រិះគន់​ទៅលើ​អង្គភាព​ទាំងពីរ​ ដែល​ឈរជើង​នៅ​ទីនោះ​ផង​ដែរ ដែល​គេ​បាន​ចោទ​ប្រកាន់​ថា មានការ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​យ៉ាង​ពិត​ប្រាកដ ដើម្បី​បិទ​ភ្នែក​ឲ្យ​ក្រុម​រកស៊ី​ត្រី​ទាំងនេះ​បាន​នាំ​ត្រី​ដែល​មាន​គុណភាព​មិនសូវ​ល្អ ​ចូល​ក្នុងស្រុក​ ព្រោះ​អី​ត្រី​ទាំងនេះ​វា​អាច​មាន​តម្លៃ​ធូរ​ថ្លៃ និង​អាច​ចំណេញ​ច្រើន​ផង​ដែរ។

បានជា​គេ​ហ៊ាន​និយាយ​បែបនេះ ព្រោះ​ប្រភព​មួយចំនួន​គឺជា​អ្នករស់នៅ​ក្នុង​តំបន់​ដែល​អ្នក​ភូមិ​ភាគច្រើន​ប្រកបមុខរបរ​ធ្វើ​ណែម​ត្រី សង្វាក់​សាច់​ត្រី និង​ប្រហិត​ត្រី​ជាដើម​។​ល​។​ ដែល​គេ​បានឃើញ​ជាក់ស្ដែង​ទៅលើ​រថយន្ត​ដែល​តែងតែ​ដឹក​ត្រី​ទាំងនេះ​យក​ទៅ​បោះ​ឲ្យ​ដើម្បី​យក​ទៅ​កែច្នៃ​ធ្វើ​អ្វី​ផ្សេងៗ​ទៅតាម​តម្រូវការ។

ដោយ​ចង់ដឹង​ឲ្យ​កាន់តែច្បាស់​អំពី​បញ្ហា​នេះ កម្ពុ​ជាថ្មី បាន​ចុះ​ទៅដល់​ភូមិ​ព្រែក​ហ្លួង​ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ដែល​សំបូរ​ដោយ​សិប្បកម្ម​ខ្នាតតូចៗ​នៅតាម​ផ្ទះ ក្នុងការ​កែច្នៃ​ត្រី​ឲ្យ​ទៅ​ជា​ណែម​ត្រី ឬក៏​សង្វាក់​សាច់​ត្រី​ជាដើម ដែល​កម្ពុ​ជាថ្មី បាន​ជួប​នឹង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ តូ ទង អាយុ​៧៨​ឆ្នាំ ហើយក៏​ជា​អ្នក​ផលិត​ណែម​ត្រី​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​គាត់​បាន​និយាយ​ថា កាលពីមុន ​គឺ​ប្រើ​បានតែ​ត្រី​រ៉ស់​នោះ​ទេ ក្នុងការ​យកមក​ផលិត​ធ្វើជា​ណែម​ត្រី និង​សង្វាក់ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គឺ​គ្មាន​ត្រី​រ៉ស់​ទៀត​ទេ ដោយសារតែ​ដៃទន្លេ​សាប​មានការ​រីងស្ងួត ដូច្នេះ​ហើយ​ទើប​អ្នក​ភូមិ​ដែល​រស់នៅក្នុង​តំបន់​នេះ បាន​ងាក​ទៅរក​ប្រភេទ​ត្រី​ត្រសក់​វិញ ដែល​ជា​ត្រី​ដឹក​មកពី​ប្រទេស​ថៃ ដោយ​ទិញ​មក​ក្នុង​មួយ​គីឡូក្រាម​៣.៥០០ ​ទៅ​៤.០០០​រៀល ប៉ុន្តែ​ការ​យក​មក​ធ្វើជា​ណែម​ត្រី និង​សង្វាក់ ​ត្រូវ​កាត់​ក្បាល និង​យក​ស្បែក​ចេញ​ទាំងអស់ ដោយ​គ្រាន់តែ​ត្រី​ប្រភេទ​នេះ​វា​មាន​ឆ្អឹង​តូចៗ​ច្រើនតែ​ប៉ុណ្ណោះ។

ប្រភព​ផ្សេងទៀត ក៏បាន​និយាយ​ថា ដោយឡែក​ត្រី​ប្រា គឺ​គេ​បាន​ដឹក​យក​ចូល​ទៅ​ក្នុង​ផ្សារ​ប្រហុក ដែល​ស្ថិត​ក្នុង​ស្រុក​ឯក​ភ្នំ​ដូចគ្នា ដើម្បី​យក​ទៅ​កែច្នៃ​ធ្វើជា​ផ្អក ឬក៏​ធ្វើជា​ងៀត​ជាដើម ហើយ​ចំពោះ​ត្រី​ទី​ឡាប់ស្យា ក៏​មាន​ប្រភព​មួយ​ចំនួន​បាន​និយាយ​ដែរ​ថា​ គេ​ឲ្យ​ក្រពើ​ស៊ី​មួយចំនួន ចំណែក​មួយ​ចំនួន​ទៀត​ដែល​សាច់​នៅ​ល្អ​គ្រាន់បើ គេ​យក​ទៅ​ច្នៃ​ធ្វើជា​ប្រហិត​ត្រី​ក៏​មាន​ដែរ។

ជុំវិញ​បញ្ហា​ខាង​លើ​នេះ គឺ​វា​ប្រាសចាក​ទាំងស្រុង​នូវ​សំដី​របស់​មន្ត្រី​គយ​ប្រចាំ​ច្រក​នេះ​ ដូច្នេះ​គឺ​វា​អាច​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ក៏​អាច​ថា​បាន ព្រោះ​ការកែច្នៃ​រមែង​មានការ​លាយ​ផ្សំ​នូវ​វត្ថុ​ធាតុ ឬ​សារធាតុ​អ្វី​ផ្សេងៗ ដើម្បី​ឲ្យ​បាន​ទៅជា​ចំណីអាហារ​ដែល​មាន​ឱជារស ហើយ​បញ្ហា​នេះ​បើ​នៅតែមាន​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​តទៅទៀត​គឺ​វា​អាច​ប្រឈម​ទៅ​នឹង​សុខភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ជាក់​ជាមិនខាន៕
ត្រី​នាំចូល​ពី​ប្រទេស​ថៃ​ កំពុង​សម្រុក​កែច្នៃ​ទៅជា​ណែម​ត្រី និង​សង្វាក់​

ត្រី​នាំចូល​ពី​ប្រទេស​ថៃ​ កំពុង​សម្រុក​កែច្នៃ​ទៅជា​ណែម​ត្រី និង​សង្វាក់​

ត្រី​នាំចូល​ពី​ប្រទេស​ថៃ​ កំពុង​សម្រុក​កែច្នៃ​ទៅជា​ណែម​ត្រី និង​សង្វាក់​

ត្រី​នាំចូល​ពី​ប្រទេស​ថៃ​ កំពុង​សម្រុក​កែច្នៃ​ទៅជា​ណែម​ត្រី និង​សង្វាក់​

ត្រី​នាំចូល​ពី​ប្រទេស​ថៃ​ កំពុង​សម្រុក​កែច្នៃ​ទៅជា​ណែម​ត្រី និង​សង្វាក់​

ត្រី​នាំចូល​ពី​ប្រទេស​ថៃ​ កំពុង​សម្រុក​កែច្នៃ​ទៅជា​ណែម​ត្រី និង​សង្វាក់​