ពលរដ្ឋ​ស្រុក​ស្រែអំបិល​ខេត្ត​កោះកុង​ចោទ​ក្រុមហ៊ុន​ស្ករ​អំពៅ​បិទ​ផ្លូវ​លំ​មិន​អាច​ដឹក​កសិផល​បាន

ប្រជាពលរដ្ឋ​ជាង ៣០​គ្រួសារ​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ចោទ​ក្រុមហ៊ុន​ផលិត​ស្ករ​អំពៅ​ចំនួន​ពីរ​ក្នុង​ខេត្ត​នេះ ថា​បាន​បិទ​របង​បន្លា​លួស​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ចូល​ភូមិ ពិសេស​គ្មាន​ផ្លូវ​ដឹក​កសិផល​ដំណាំ​កសិកម្ម​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​បាន​ទេ។ កសិករ​អះអាង​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​បាន​បិទ​របង​បន្លា​លួស​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា មក​ម្ល៉េះ ហើយ​ផល​ដំណាំ​របស់​ពួក​គេ​មាន​ដូចជា សាវម៉ាវ ធូរេន និង​ឪឡឹក ជាដើម ត្រូវ​ទុំ​ជ្រុះ​រលួយ​ស្អុយ​ក្នុង​ចម្ការ ព្រោះ​គ្មាន​ផ្លូវ​ដឹក​កសិផល​ទាំង​នេះ​ទៅ​កាន់​ទីផ្សារ។

ប្រជា​កសិករ​ជាង ៣០​គ្រួសារ​នៅ​ភូមិ​ត្រពាំងកណ្ដោល ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ទទូច​ស្នើសុំ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​បើក​របង​បន្លា​លួស​ដែល​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ​ក្នុង​មូលដ្ឋាន​នេះ បាន​បិទ​ផ្លូវ​លំ​ចេញ​ចូល​តាំង​ពី​ដូនតា មិន​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​នេះ​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដូច​ពេល​មុន​ទៀត​ទេ។

ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ បាន​ផ្តល់​សម្ភាស​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី ដឹង​ថា កង្វល់​នេះ ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អាជ្ញាធរ​ភូមិ-ឃុំ ស្នើ​ជួយ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​ស្ករ​អំពៅ​កោះកុង (Koh Kong Sugar) និង​ក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី (Plantation Industry) របស់​អ្នក​វិនិយោគទុន​ថៃ បើក​របង​បន្លា​លួស​នេះ​ជូន​ពួក​គាត់​ប្រើប្រាស់​ដូច​ដើម​វិញ កាល​ពី​ខែ​ឧសភា។ ប៉ុន្តែ​គិត​មក​ដល់​ថ្ងៃ​ទី​៦ ខែ​កក្កដា ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង​ពីរ នៅ​បន្ត​បិទ​របង​បន្លា​លួស​នេះ​ដដែល ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​បាន​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ទេ។

បិទ​ផ្លូវ​លំ កោះកុង ២០១៦ ៨៥៥
៦-កក្កដា-២០១៦៖ ទីតាំង​ដែល​អ្នក​ភូមិ​ត្រពាំងកណ្ដោល ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ថា​ក្រុមហ៊ុន​ស្ករ​អំពៅ​បាន​បិទ​របង​បន្លា​លួស​មិន​ឲ្យ​ចេញ​ចូល។ RFA/Den Ayuthyea

ជាង​នេះ​ទៀត ផល​ដំណាំ​កសិកម្ម​របស់​ពួក​គាត់ មាន​ដូចជា ធូរេន សាវម៉ាវ ឪឡឹក និង​ផល​ដំណាំ​កសិកម្ម​ជាច្រើន​ប្រភេទ​ទៀត បាន​ទុំ​ជ្រុះ​រលួយ​ពាសពេញ​ចម្ការ ព្រោះ​គ្មាន​ផ្លូវ​ដឹក​ចេញ​ទៅ​កាន់​ទីផ្សារ៖ «បញ្ហា​នេះ​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជួយ​អន្តរាគមន៍​ទៅ​លោក​មេ​ភូមិ និង​លោក​មេ​ឃុំ ស្នើ​ឲ្យ​ជួយ​បើក​ផ្លូវ​ចេញ​ចូល​ភូមិ និង​ចម្ការ​របស់​ពួក​ខ្ញុំ​ចំនួន ៣២​គ្រួសារ ដែល​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​២ បាន​បិទ​របង​បន្លា​លួស ហើយ​ពេល​នេះ ផល​ដំណាំ​កសិកម្ម​របស់​ពួក​ខ្ញុំ​មាន​ធូរេន និង​សាវម៉ាវ ជាដើម ត្រូវ​ទុំ​ជ្រុះ​ស្អុយ​រលួយ​ពាសពេញ​ចម្ការ ព្រោះ​គ្មាន​ផ្លូវ​ដឹក​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ។ ដូច្នេះ សំណូមពរ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​កោះកុង ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ​កោះកុង និង​ក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី ឲ្យ​បើក​របង​បន្លា​លួស​ផ្តល់​ផ្លូវ​លំ​ជូន​ពលរដ្ឋ​ប្រើប្រាស់​ដូច​ដើម​វិញ»

ប្រជា​កសិករ​បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៃ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​២ មាន​ទីតាំង​នៅ​ឃុំ​ជីខលើ ឲ្យ​បើក​របង​បន្លា​លួស​ដែល​ក្រុមហ៊ុន​នេះ​ធ្វើ​របង​បិទ​ផ្លូវ​ធ្វើ​ដំណើរ​ពួក​គាត់ បាន​ប្រើប្រាស់​ដូច​ដើម​វិញ៖ «សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​មូលដ្ឋាន​នេះ បើក​របង​បន្លា​លួស​ឲ្យ​ពលរដ្ឋ​ពួក​ខ្ញុំ​ទាំង ៣២​គ្រួសារ បាន​ឆ្លង​កាត់​ដូច​ដើម​វិញ ព្រោះ​ពេល​នេះ ផល​ដំណាំ​កសិកម្ម​របស់​ពួក​ខ្ញុំ បាន​ទុំ​ជ្រុះ​ខូច​អស់។ ហើយ​ក្រុមហ៊ុន​ត្រូវ​តែ​សង​ផល​ដំណាំ​ខូចខាត​ដល់​ពួក​ខ្ញុំ។ សូម​សម្ដេច​នាយក​រដ្ឋមន្ត្រី ជួយ​ដល់​ពួក​ខ្ញុំ​ផង ព្រោះ​ផល​ដំណាំ​កសិកម្ម​ត្រូវ​ខូច​អស់​ហើយ ដោយសារ​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្ត​កោះកុង ឃុំ​ជីខលើ បិទ​ផ្លូវ​ធ្វើ​ដំណើរ»

ផៅ ញ៉ើង កោះកុង ២០១៦ ៨៥៥
លោកស្រី ផៅ ញ៉ើង ជា​តំណាង​ពលរដ្ឋ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

កង្វល់​នេះ លោកស្រី ផៅ ញ៉ើង ជា​តំណាង​ពលរដ្ឋ​ឃុំ​ជីខលើ ក៏​សំណូមពរ​ដល់​ប្រមុខ​ដឹក​នាំ និង​ថ្នាក់​ដឹក​នាំ​នៅ​តាម​ក្រសួង​នានា ឲ្យ​ជួយ​អន្តរាគមន៍​បើក​របង​បន្លា​លួស​ជូន​ពលរដ្ឋ​ប្រើប្រាស់​វិញ​ឲ្យ​បាន​ឆាប់។ លោកស្រី​បន្ត​ថា សព្វថ្ងៃ​នេះ ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ចំនួន ៣២​គ្រួសារ ដែល​ត្រូវ​ប្រមូល​ផល​នៅ​ឆ្នាំ​នេះ បាន​ទុំ​ជ្រុះ​ស្អុយ​រលួយ​ពាសពេញ​ចម្ការ ដោយសារ​គ្មាន​ផ្លូវ​ដឹក​ចេញ​ទៅ​កាន់​ទីផ្សារ៖ «យើង​មាន​បញ្ហា​ប្រឈម​ជាច្រើន​នៅ​ពេល​ពលរដ្ឋ​ពួក​យើង​មិន​ទាន់​មាន​ដំណោះស្រាយ​ដីធ្លី និង​ការ​បិទ​ផ្លូវ​ចេញ​ចូល​ភូមិ ឬ​ចម្ការ មិន​អាច​ឲ្យ​ពលរដ្ឋ​ដឹក​កសិផល​ទៅ​លក់​នៅ​លើ​ទីផ្សារ​បាន ហើយ​បាន​ទុំ​ជ្រុះ​ស្អុយ​រលួយ​ពេញ​ចម្ការ​ដំណាំ។ ដូច្នេះ​សូម​ឲ្យ​អាជ្ញាធរ និង​រាជ​រដ្ឋាភិបាល ជួយ​បើក​របង​បន្លា​លួស​ដែល​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​បិទ​ផ្លូវ​ធ្វើ​ដំណើរ​ពលរដ្ឋ​ចំនួន ៣២​គ្រួសារ ឲ្យ​បាន​ឆាប់ ព្រោះ​ពលរដ្ឋ​កំពុង​ប្រឈម​ការ​លំបាក និង​ខ្វះខាត​ជីវភាព»

មេ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល លោក ឆាយ វុធ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​កង្វល់​ពលរដ្ឋ ដែល​ត្រូវ​ក្រុមហ៊ុន​ស្ករ​អំពៅ​បិទ​ផ្លូវ​ធ្វើ​ដំណើរ​នេះ​ទេ នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​កក្កដា ដោយ​និយាយ​ថា ជាប់​រវល់​ប្រជុំ។ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា លោក ឆាយ វុធ បាន​ចុះ​ហត្ថលេខា​ស្នើ​ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ ជួយ​សម្រួល​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​ស្នើសុំ​មក​រូប​លោក​ឲ្យ​ជួយ​អន្តរាគមន៍​បើក​ផ្លូវ​ចំនួន ២​ខ្សែ​ក្នុង​មូលដ្ឋាន​ឃុំ​ជីខលើ ជួយ​សម្រួល​បើក​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​តាម​សំណើ​របស់​ពលរដ្ឋ​ម្តង​រួច​មក​ហើយ។

ទោះ​បី​ជា​យ៉ាង​ណា សំណើ​នេះ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ អះអាង​ថា ខាង​ភាគី​ក្រុមហ៊ុន​មិន​បាន​សហការ ឬ​ចូល​ខ្លួន​មក​ដោះស្រាយ​កង្វល់​បិទ​ផ្លូវ​នៅ​ភូមិ​ត្រពាំងកណ្ដោល ឃុំ​ជីខលើ ទៅ​តាម​សំណើ​របស់​លោក​មេ​ឃុំ និង​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ខ្ញុំ​ដាំ​ដំណាំ​ផ្លែ​ធូរេន និង​សាវម៉ាវ នៅ​លើ​ដី​ចម្ការ​នេះ​ចំនួន ១៨​ឆ្នាំ​មក​ហើយ ហើយ​ទើប​តែ​ពេល​នេះ​ទេ​ដែល​ក្រុមហ៊ុន​ស្ករ​អំពៅ​មក​បិទ​ផ្លូវ​ធ្វើ​ដំណើរ​មិន​អាច​ដឹក​ផល​ដំណាំ​ទៅ​កាន់​ទីផ្សារ​បាន»

ចំណែក​អភិបាល​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោក ទួន សីលា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​កក្កដា ថា រូប​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ករណី​ក្រុមហ៊ុន​ស្ករ​អំពៅ​នា​មូលដ្ឋាន​នេះ បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​ភូមិ ឬ​ដឹក​ផលិតផល​ទៅ​លក់​ទីផ្សារ​នេះ​ទេ។ លោក​ថា នឹង​សួរ​នាំ​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​ឈាន​ដល់​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «ខ្ញុំ​នឹង​សួរ​នាំ​ករណី​នេះ​ទៅ​លោក​មេ​ឃុំ ដើម្បី​ឈាន​ដល់​ជួយ​សម្របសម្រួល​បើក​របង​បន្លា​លួស​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង​ពីរ​ឡើង​វិញ»

បញ្ហា​នេះ​ដែរ មន្ត្រី​អង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក ហ៊ួរ អ៊ិន ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​មាន​ទំនាស់ បាន​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​ពិត​ជា​បាន​បិទ​របង​បន្លា​លួស មិន​ឲ្យ​ប្រជាពលរដ្ឋ​ជាង ៣០​គ្រួសារ​នៅ​ភូមិ​ត្រពាំងកណ្ដោល ឃុំ​ជីខលើ ស្រុក​ស្រែអំបិល មិន​អាច​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​ភូមិ និង​ដី​ចម្ការ​ពួក​គាត់​ពិត​មែន។ លោក​ស្នើ​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​ខេត្ត​កោះកុង ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង​ពីរ ឲ្យ​បើក​របង​បន្លា​លួស​ឲ្យ​អ្នក​ភូមិ​បាន​ប្រើប្រាស់​ផ្លូវ​នេះ​ដូច​ដើម​វិញ៖ «អាជ្ញាធរ​ត្រូវ​ជួយ​ដោះស្រាយ​បើក​របង​បន្លា​លួស​ដែល​ក្រុមហ៊ុន​ស្ករ​អំពៅ​បាន​បិទ នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ជូន​ពលរដ្ឋ​ប្រើប្រាស់​ដូច​ដើម​វិញ និង​អាច​ឲ្យ​ពួក​គាត់​ដឹក​កសិផល​ទៅ​កាន់​ទីផ្សារ ព្រោះ​ពលរដ្ឋ​ភាគ​ច្រើន​បាន​ខ្ចី​ដើម​ទុន​មក​ធ្វើ​ចម្ការ​ពី​ធនាគារ ជាដើម។ ដូច្នេះ បើ​ផល​ដំណាំ​របស់​ពួក​គាត់​ត្រូវ​ខូចខាត និង​មិន​មាន​ផ្លូវ​ដឹក​ទៅ​កាន់​ទីផ្សារ​នាំ​ឲ្យ​ពួក​គាត់​ជំពាក់​បំណុល​គេ​វណ្ឌ​ក​ថែម​ទៀត។ សូម​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​បញ្ហា​នេះ ដើម្បី​ជួយ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន ឲ្យ​បើក​របង​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ដូច​ដើម​វិញ»

ទាក់ទិន​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ស្ករ​អំពៅ​កោះកុង (Koh Kong Sugar) និង​ក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី (Plantation Industry) ដើម្បី​បំភ្លឺ​ទៅ​លើ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​កក្កដា។ ប៉ុន្តែ​ករណី​នេះ កង​សន្តិសុខ​ប្រចាំ​ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង​ពីរ ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​ឲ្យ​ដឹង​ថា ការ​ដែល​ក្រុមហ៊ុន​នេះ​ធ្វើ​របង​បន្លា​លួស​បិទ​ផ្លូវ​លំ​ចេញ​ចូល​ទៅ​ភូមិ​អ្នក​ស្រុក​នៅ​មូលដ្ឋាន​នេះ គឺ​ដើម្បី​ការពារ​សត្វ​ពាហនៈ​មាន​គោ ក្របី ជាដើម កុំ​ឲ្យ​ចូល​ទៅ​ស៊ី​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​ដែល​ដាំ​នៅ​ជុំវិញ​តំបន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។