ភ្លៀង​ធ្លាក់​ជាប់ៗគ្នា ដង្កូវ​ហ្វូង​ងាប់​អស់ហើយ​

ខេត្តព្រះវិហារ ៖ ប្រជា​កសិករខេត្តព្រះវិហារ បាន​ចាប់ផ្តើម​មមារញឹក ដោយ​ញាប់ដៃ​ញាប់​ជើង​បង្ក​​បង្កើន​ផល​ស្រូវ​​ក្នុងរដូវវស្សា​ ស្រប​​ពេល​ដែល​អាកាសធាតុ​ក្នុង​ខេត្តព្រះវិហារ បាន​អំណោយផល​​ឡើង​វិញ ដោយ​ទទួល​បាន​ទឹកភ្លៀង​បា​ន​គ្រប់គ្រាន់​ ចាប់តាំងពី​ពាក់​កណ្តាល​ខែមិថុនា​នេះ​​មក បង្ក​លក្ខណៈ​ងាយស្រួល​ ក្នុង​ការ​ភ្ជួរ​រាស់ ដក​ស្ទូង ដាំ​ដុះ ។

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បាន​ប្រាប់​អ្នក​សារព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ​កក្កដា ​២០១៦ ​នេះ​ថា គិត​ត្រឹម​ដើមខែ​កក្កដា​​នេះ កសិករ​ទាំងអស់ បាន​បង្កបង្កើន​ផល​បាន​១៧%​ហើយ ​លើ​ផែនការ របស់​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ព្រោះ​អី ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​មក​នេះ ព្រោះ​អី​ទឹកភ្លៀង​បាន​ធ្លាក់​គ្រប់គ្រាន់​នៅ​តាម​បណ្តា​ស្រុក​ក្រុង ក្នុង​ខេត្តព្រះវិហារ ធ្វើ​ឲ្យ​ទឹក​​មាន​ពេញ​ស្រែ និង​បាន​បង្ក​​លក្ខណៈ​ងាយស្រួល ​ក្នុង​ការ​ភ្ជួរ​រាស់​ដក​ស្ទូង​ពួក​គាត់ ។

លោក​ពឹង ទ្រី​ដា បញ្ជាក់​ទៀត​​ថា ស្ថាន​ភាពរាំងស្ងួត​ពី​ដើមដៃ ក៏​មិន​រាំង​ខ្លាំង ដែល​បណ្តាល​ឱ្យ​សន្ទូង​ក្នុង​ស្រែ​ងាប់​នោះ​ដែរ ហើយ​ទឹកភ្លៀង​ពេល​នេះ ​នឹង​លែង​បង្ក​​ជា​បញ្ហា​ប្រឈម សម្រាប់​ការ​បង្ក​​បង្កើន​ផល​របស់​កសិករ​ នៅ​ក្នុង​ខេត្ត​នេះ​ទៀត​ទេ ។ លោក​អះ​អាង​​ថា កសិករ​ទាំងអស់​នឹង​ធ្វើការ​ភ្ជួរ​រាស់​ដាំ​ដុះ​​ដំណាំ​ស្រូវ​រដូវវស្សា​​នេះឱ្យ​​រួចរាល់ នៅ​ចុងខែ​កក្កដា​ខាង​មុខ​នេះ តាម​ផែនការ​របស់​មន្ទីរ​​កសិកម្ម​ខេត្តព្រះវិហារ ។

លោក​ពឹង ទ្រី​ដា បាន​បន្ត​ថា កាលពីដើម​ខែមិថុនា​កន្លង​ទៅ​នេះ មាន​បញ្ហា​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង ដោយសារ​សត្វ​ដង្កូវ​ហ្វូង បំផ្លាញ​ដំណាំ​ទូទៅ​របស់​កសិករ បង្ក​​ការ​ព្រួយបារម្ភ តែ​ទោះជា​យ៉ាងណា​ក្តី ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​មក បញ្ហា​សត្វ​ដង្កូវ​ហ្វូង ​ក៏​បាន​ងាប់​ទៅ​តាម​ទឹក​វិញ​ភ្លាម​ៗ ។