មិនធម្មតា! ជួញដូរ​គ្រឿងញៀនមានកាំភ្លើងខ្លី

ខេត្តបាត់ដំបង ៖ ​ជនសង្ស័យ​ពី​បទ​ជួញដូរ​ថ្នាំ​ញៀន​​២​នាក់ ដែល​ម្នាក់​ជា​មន្ត្រី​យោធា​ផង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង​ឃាត់ខ្លួន​​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​០៥ និង​ថ្ងៃ​ទី​០៦​កក្កដា នៅ​ក្នុងស្រុក​កំ​រៀង ថែម​ទាំង​រឹបអូស​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ មាន​ទាំង​អាវុធ​ខ្លី​ផង​។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំ​រៀង​បាន​ឲ្យ​ដឹង​ថា ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ​ផុត យ៉ា​ត អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​កក្កដា នៅ​ភូមិ​ថ្មី ឃុំ​អូរ​ដា ស្រុក​កំ​រៀង ​។ ជាមួយនឹង​ការ​ឃាត់​ខ្លួន​នេះ សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៌.​ស ​(​ម៉ា​ទឹកកក​) ​ចំនួន​២​ថង់ ទម្ងន់​១០,៦៩​ក្រាម មេ​តំ​ហ្វេ​តា​មីន​Wy​(​យ៉ា​ម៉ា​) ​ចំនួន​១៣០​គ្រាប់ កាំភ្លើងខ្លី​ប្រើ​ហ្គា​ស​១​ដើម​ មាន​៦​គ្រាប់ និង​គ្រាប់​កាំភ្លើងខ្លី​ធន់​K54​ចំនួន​២​គ្រាប់​ទៀត រួម​ទាំង​វត្ថុ​តាង​មួយ​​ចំនួន​ទៀត​ផង​ដែរ​។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា បន្ទាប់​ពី​សួរនាំ​ជនសង្ស័យ​​ឈ្មោះ​ផុត យ៉ា​ត ដឹង​​តម្រុយ​អំពី​មេខ្លោង​នៃ​អ្នក​ផ្ដល់​ថ្នាំ​ញៀន ទើប​លោក​មេ​បញ្ជាការ​ខេត្ត និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​តាម​ឃាត់ខ្លួន​មេខ្លោង​ម្នាក់​ទៀត​​ ឈ្មោះ​ខៀវ ម៉ៅ អាយុ​៣១​ឆ្នាំ ដែល​ជា​មន្ត្រី​យោធា​ផង នា​ព្រឹក​ថ្ងៃ​ទី​០៦ ​កក្កដា ស្ថិត​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ ។ ប្រភព​​​បញ្ជាក់​ថា ឈ្មោះ​ខៀវ ម៉ៅ ​នេះ​​ជា​មន្ត្រី​យោធា ហើយ​ក៏​ជា​មេខ្លោង ​ដ៏​សកម្ម​បំផុត​ក្នុង​ការ​ជួញដូរ​ថ្នាំ​ញៀន​ នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ ​។