សំណាង​ណាស់ សមត្ថកិច្ច​ឃើញ​ទាន់ កុំ​អី​…

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​៣​នាក់​មាន​លាក់​អាវុធ​អាកា​២​ដើម​អាច​មាន​គោលបំណង​ធ្វើ​សកម្មភាព​ប្លន់​នៅ​កន្លែង​ណាមួយ តែ​សំណាងអាក្រក់​បាន​ជួបនឹង​សមត្ថកិច្ច​ធ្វើ​ឲ្យ​ពួក​គេ​រត់​បាតជើង​ស​ព្រាត ​។ ហេតុការណ៍​នេះ​កើតឡើង​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​លេខ​២ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ដោយ​ដកហូត​បាន​អាវុធ​អាកា​២​ដើម បង់​២ គ្រាប់​៣២​គ្រាប់ ចំណែក​ក្រុម​ជនសង្ស័យ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

លោក​វរសេនីយ៍ទោ លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ ប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ដោយ​ឲ្យ​គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​ទាំង​៧​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​ជូន​ពលរដ្ឋ និង ត្រូវ​ចល័ត​កម្លាំង​យាម​ប្រចាំ​តាម​ទីតាំង​កន្លែង​ស្ងាត់ ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ងាយ​រង​គ្រោះ ។

លោក​វរ​សេនី​យ៏​ទោ លឿង រ​ដ្ឋា ប្រាប់​បន្ត​ថា នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៦ រូប​លោក​បាន​ដាក់​កម្លាំង​នគរបាល​៣​នាក់ ឲ្យ​យាម​ដើម្បី​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ត្រង់​ចំណុច​ភូមិ​លេខ​២ ឃុំ​គង់​ជ័យ ស្រាប់តែ​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ក៏​មាន​រឺ​ម៉ក​ម៉ូតូ​១​គ្រឿង ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-6689 បាន​បើក​មក​ដល់ សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ឈប់​ចំនួន​២​លើក តែ​មនុស្ស​៣​នាក់​ដែល​ជិះ​លើ​នោះ​មិន​ព្រម​ឈប់​នោះ​ទេ ហើយ​បាន​ជិះ​ហួស​ប្រហែល​៥​ម៉ែត្រ ទើបបាន​ឈប់ ពេល​នោះ​កម្លាំង​២​នាក់​បាន​ទៅ​ពិនិត្យ​មើល ស្រាប់តែ​ឃើញ​អាវុធ​២​ដើម​លាក់​ទុក​ក្នុង​ថង់ ចំណែក​នគរបាល​ម្នាក់​បាន​ឈរ​នៅ​ពី​ចម្ងាយ​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​បានរ​ត់ទៅ​ខាង​ទួល​តា​ហោ និង ២​នាក់​ទៀតរ​ត់ទៅ​ខាង​ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ដោយ​សមត្ថកិច្ច​២​នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ខាងក្រោយ តែ​ដេញ​មិន​ទាន់​នោះ​ទេ ។ បន្ទាប់​មក​រូប​លោក​បាន​រាយការណ៍​ទៅ​លោកស្នងការ​នគរបាល​ខេត្ត ដើម្បី​សុំ​កម្លាំង​ជំនួយ​បន្ថែម​ទៀត​ជិត​៣០​នាក់ ១​យប់​ទល់​ភ្លឺ​គឺ​រក​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មិនឃើញ​ទេ ។

លោក​អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ បញ្ជាក់​ថា កន្លង​ទៅ​ថ្មី​ៗ​មាន​ករណី​ចោរប្លន់​ផ្ទះ​វេរ​លុយ​វី​ង នៅ​ខេត្តស្ទឹងត្រែង ហើយ​លេចឮ​ថា​ក្រុម​ចោរ​បាន​មក​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ ទើប​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ឲ្យ​គ្រប់​បណ្តា​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​ទាំងអស់​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ជាក់ស្តែង​នៅ​ស្រុក​អូរ​រាំង​ឪ បាន​ដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជាប់​ជា​ប្រចាំ​ទាំង​យប់​ទាំង​ថ្ងៃ ។ ហើយ​សម្រាប់​អាវុធ​ដែល​ដកហូត​បាន​២​ដើម​ខាងលើ​អាច​ក្រុម​ចោរ​នឹង​មាន​គោលបំណង​ទៅ​ធ្វើ​សកម្មភាព​ប្លន់​នៅ​កន្លែង​ណាមួយ​ហើយ​មើលទៅ ៕