ក្រុម ISIS បង្កើត​រូបិយប័ណ្ណ​កាក់​មាស ផ្ទាល់ខ្លួន

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​សកម្មជន​ស៊ីរី មាន​ឈ្មោះ​ថា RBSS (Raqqa is Being Slaughtered Silently) បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក នៅ​លើ​គណនី​បណ្ដាញ​សង្គម Twitter កាល​ពី​ថ្ងៃអង្គារ ទី០៥ ខែ​កក្កដា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​កាក់​មាស​ថ្មី របស់​រដ្ឋ​អ៊ីស្លាម​ជ្រុល​និយម ISIS។

 

ក្រុម ISIS បង្កើត​រូបិយប័ណ្ណ​កាក់​មាស ផ្ទាល់ខ្លួន

 

រូបភាព​ទាំង​នោះ​ត្រូវ​បាន​បង្ហោះ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​សេចក្ដីរាយការណ៍​ថា ក្រុម ISIS បាន​ចាប់ផ្ដើម​បញ្ចេញ​រូបិយប័ណ្ណ​ផ្ទាល់​ខ្លួន មាន​ឈ្មោះ​ថា «Golden Dinar» នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​ភេរវកម្ម​មួយ​នេះ។ បើ​តាម​របាយការណ៍​មិន​ច្បាស់​ការណ៍ បាន​អះអាង​ថា កាក់​មាស​នេះ​ចាប់ផ្ដើម​ចរាចរ នៅ​ក្នុង​ទីក្រុង Dir e-Zour ប្រទេស​ស៊ីរី និង ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ ខណៈ​ក្រុម ISIS បាន​ស្នើ​ឲ្យ​ឈ្មួញ​ទិញ​ប្រេង ប្រើប្រាស់​រូបិយប័ណ្ណ​មួយ​នេះ។

 

ស្ថាបនិក​នៃ​ក្រុម RBSS លោក Hamoud al-Mousa ក៏​បាន​បង្ហោះ​រូបភាព​ជាច្រើន នៅ​លើ​គណនី​បណ្តាញ​សង្គម Twitter ផ្ទាល់ខ្លួន ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ​នៃ​កាក់​មាស Golden Dinar នោះ​ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ឡើយ​ថា តើ​កាក់​មាស Golden Dinar មួយ មាន​តម្លៃ​ប៉ុន្មាន។ បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​បណ្ដាញ​ក្រុម​ភេរវកម្ម​នេះ កាលពីឆ្នាំ២០១៤ បាន​ឲ្យ​ដឹង​ថា កាក់​មាស Golden Dinar តម្លៃ ១ Dinar អាច​មាន​ទម្ងន់ ៤.២៥ក្រាម និង​ផលិត​ឡើង​ដោយ​មាស​ចំនួន ២១ការ៉ាត់។ នេះ​ស​បញ្ជាក់​ថា វា​អាច​មាន​តម្លៃ​ប្រហែល ១៦២ដុល្លារ បើ​ប្រៀបធៀប​នឹង​តម្លៃ​ទីផ្សារ នា​ពេល​បច្ចុប្បន្ន​នេះ។

 

ជា​មួយ​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​ក្រុម ISIS ម្នាក់ ក៏​បាន​បង្ហោះ​រូបភាព​នៃ​កាក់​មាស តម្លៃ ១ Dinar និង ២ Dinar នៅ​លើ​គណនី​បណ្តាញ​សង្គម Twitter ផង​ដែរ ដោយ​ភ្ជាប់​ជា​មួយ​ពាក្យ​មួយ​ឃ្លា​ថា «ស្លាប់​ក្នុង​កំហឹង​របស់​អ្នក»។

 

យ៉ាងណាមិញ កាក់​មាស​នេះ​ត្រូវ​បាន​រចនា និង​តុប​តែង​ជា​មួយ​នឹង​និមិត្ត​សញ្ញា​អ៊ីស្លាម និង​ពាក្យ​ស្លោក ISIS «The Islamic State, a Caliphate according to the Prophetic Method» ផង​ដែរ៕

 

ក្រុម ISIS បង្កើត​រូបិយប័ណ្ណ​កាក់​មាស ផ្ទាល់ខ្លួន

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ vocativ