ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

ខណៈ​ពេល​ដែល​មាន​ភាព​កុះករ​ ពី​សំណាក់​ទស្សនិកជន​ ដើម្បី​លើក​ទឹក​ចិត្ត​ កីឡាករ​ជម្រើស​ជាតិ​ បង​ប្អូន​ពូ​មីង​ ជា​អាជីវករ​ ក៏​កំពុង​ដុត​ដៃ​ដុត​ជើង​ ក្នុង​ការ​លក់​អីវ៉ាន់​របស់​ខ្លួន​ផង​ដែរ។ អ្នក​ខ្លះ​ច្រក​ទឹក​ដាក់​ថង់ អ្នក​ខ្លះ​ញាប់​ដៃ​ហាន់​សាច់ អ្នក​ខ្លះ​ដៃ​ពីរ​ដៃ​បី​ក្នុង​ការ​ឆា​ម្ហូប។
 

ទិដ្ឋភាព​បែប​នេះ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​រាល់​ថ្ងៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក ​(ស្តាត​អូឡាំពិក) ជា​ពិសេស​ថ្ងៃ​ប្រកួត​ធំៗ។ តែ​យ៉ាង​ណា​មិញ​ មាន​ចម្ងល់​មួយ​ត្រូវ​បាន​ចោទ​សួរ​ថា តើ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​មុន​ពេល​ និង​ក្រោយ​ពេល​មាន​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់?

 
ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

 

 

តាម​បងស្រី ឡុង ចន្ទ​មុន្នី អ្នក​លក់​ភេសជ្ជៈ​ក្នុង​បរិមាណ​ស្តាត​អូឡាំពិក​ បាន​ប្រាប់​ថា គាត់​អាច​រក​ប្រាក់​បាន​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី​ ១ម៉ឺន​ទៅ​ ២ម៉ឺន​រៀល​ តែ​ការ​បើ​មាន​ការ​ប្រកួត​ អាច​ឈាន​ដល់​១០​ម៉ឺន។

 

“បាន​ ១​ម៉ឺន ជួនកាល​២ម៉ឺន ពេល​មាន​កម្មវិធី​អាច​ដល់​៥​ម៉ឺន ១០​ម៉ឺន​ (ប្រកួត​ជម្រើស​ជាតិ​ឈុត​ធំ)។”​សម្ដី​បង​ស្រី។

 

បង​ស្រី​ដែល​ចាប់​អាជីព​អស់​រយៈពេល​៣ឆ្នាំ​រូប​នេះ​ក៏​បាន​ប្រាប់​ទៀត​ថា កាល​ពី​មិន​មាន​ភាព​ល្បី​ខាង​វិស័យ​បាល់ទាត់ គាត់​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​១​ម៉ឺន តែ​ក្រោយ​ពេល​មាន​ភាព​ល្បីល្បាញ គាត់​អាច​រក​បាន​យ៉ាង​ហោច​២​ម៉ឺន។

 

បងស្រី​ប្រាប់ ​Sabay​ថា៖ “ម៉ាក់​ញ៉ុម​លក់​ធុង​ស្នោ​នឹង​រហូត​ តែ​លក់​អត់​ដាច់​អេ៎…ពិបាក​អូន ជួន​កាល​បើ​សិន​ជា​មេឃ​ភ្លៀង​បង​ បាន​៣ ៤ ៥​ពាន់​អី​ហ្នឹង! បើ​មេឃ​អត់​ភ្លៀង​ បង​លក់​បាន​១ម៉ឺន​អី​បាន (ក្រោយ​គេ​ផ្អើល) ចា៎​បាន​២ម៉ឺន ២​ម៉ឺន​៥ ដោយ​ថ្ងៃ​អេ៎​អូន​ អត់​ទៀង​ហេ៎ ហើយ​ម៉ូយ​មាន​គ្នា​តិច​ដែរ ព្រោះ​គាត់​លេង​តែ​ស្វា លេង​ត្រិះ​បាល់ ដេញ​ដណ្ដើម​បាល់…”។
 

ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

 

តែ​បើ​តាម​ បង​ប្រុស​ ជា​ សុផាន់ណា ម្ចាស់​ម៉ូតូ​លក់​មី​ឆា​ចល័ត​បាន​ប្រាប់​ថា​ គាត់​អាច​រក​ចំណូល​បាន​ រហូត​ដល់​ ៣០​ម៉ឺន​ បើ​មាន​អ្នក​ទស្សនា​ច្រើន​ តែ​យ៉ាង​ណា​ កាល​ពី​មុន​ពេល​មាន​ភាព​ល្បីល្បាញ​ខាង​វិស័យ​បាល់ទាត់​ បង​ប្រុស​មិន​ដែល​មក​ទេ ហើយ​ពេល​ខ្លះ​ក៏​ត្រូវ​គេ​ហាម​មិន​ឱ្យ​ចូល។
 

បងប្រុស​ដែល​ជា​អ្នក​លក់​ខាង​ក្រៅ​ប្រាប់​ថា៖ “អត់​ដែល​លក់​នៅ​ហ្នឹង​ ទាល់​តែ​មាន​កម្មវិធី​គេ​ទាត់​បាល់​ ទាត់​អី​ចឹង បាន​មក​លក់…ជួន​កាល​បាន​ ៣ម៉ឺន ជួនកាល​បាន ​៤ម៉ឺន បើ​យើង​មក​នេះ យើង​បាន​ទាំង​ដើម​ទាំង​ចុង​បាន​៣០ម៉ឺន ជួន​បាន​៤០ តាម​លក្ខណៈ​ដែល​វា​ថា​អ្នក​មក​មើល​បាល់ទាត់​ច្រើន​តិច​ចឹង​ហា៎…។”
 

បង​ប្រុស​ក៏​បាន​បន្ត​ទៀត​ថា៖ “កាល​គេ​អត់​ទាន​ផ្អើល​ មិន​ដែល​មក​ទេ ព្រោះ​អី​វា​លក់​អត់​ដាច់​ ហើយ​មនុស្ស​គេ​អត់​មក​មើល​ច្រើន ពេល​ឥឡូវ​គេ​ទើប​ល្បី​ថា​ បាល់​ទាត់​យើង​ខ្លាំង​ម៎ គេ​មក​លក់​គ្រប់ៗ​គ្នា​ច្រើនៗ…ពេល​ថ្ងៃ​ណា​គេ​មក​ទាត់​ច្រើន​ក្រុម​ខ្លាំងៗ​ចឹង គេ​អត់​ឱ្យ​ចូល​ ចឹង​យើង​ស្រូត​មក​ពី​ព្រឹក…របៀប​ថា​គេ​អត់​ចង់​ឱ្យ​ម៎​រញ៉េរញ៉ៃ​ មនុស្ស​វា​ច្រើន​គេ​ពិបាក​អី​ចឹង​។”

 
ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

 

ចំណែក​ឯ​អ៊ំ​ស្រី សាន ឃេង អ្នក​លក់​នំប៉័ង​ដាក់​សាច់​ ក្នុង​បរិវេណ​ឆែក​សំបុត្រ​ VIP​បាន​ប្រាប់​ថា គាត់​អាច​រក​ចំណូល​បាន​មួយ​ថ្ងៃ​៣០​ម៉ឺន តែ​លក់​តែ​ពេល​មាន​កម្មវិធី តែ​កាល​ពី​នៅ​មាន​កម្លាំង​លក់​រាល់​ថ្ងៃ​ មិន​ថា​ថ្ងៃ​ណា​នោះ​ទេ។ កាល​ពី​មិន​ទាន់​មាន​ភាព​ល្បីល្បាញ​នៃ​វិស័យ​បាល់ទាត់ អ៊ំ​ស្រី​​លក់​ដើម្បី​ផ្សែផ្សំ​ដើម្បី​ឧបត្ថម្ភ​ការ​សិក្សា​របស់​កូន។
 

អ៊ំ​ស្រី​វ័យ​ ៥៥​ឆ្នាំ​ប្រាប់​ថា៖ “កាល​មុន​លក់​រាល់​ថ្ងៃ​ ដល់​ហើយ​ទៅ ដល់​កូន​ធំ​ឥឡូវ​ផ្អាក​សិន​ លក់​តែ​ពេល​មាន​កម្មវិធី ថ្ងៃ​អត់​មាន​កម្មវិធី​សម្រាក…យើង​លក់​ ធ្វើ​អស់​២០​ម៉ឺន ចឹង​បាន​៣០​ម៉ឺន​ជាង​ ទាំង​នំប៉័ង​ទាំង​ដើម​គេ​ហា៎…វា​មិន​ទៀង​ដែរ​ កម្មវិធី​ធំ​បាន​១៥០​នុំ ១០០ ៧០ ៨០ អត់​ទៀង…(កាល​ពី​មុន​មាន​ភាព​ល្បី) ដូច​ថា​លក់​នេះ​ ធម្មតា​ អត់​មាន​បាល់​លេង​ក៏​ខ្ញុំ​លក់​ធម្មតា ២០​នំ ៣០​នំ ចេះ​លក់​ឱ្យ​បាន​កូន​ទៅ​រៀន​ហ្នឹង​ហា៎។”

 
ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

 

ការ​លើក​ឡើង​របស់​អាជីវករ​ទាំង​បី មាន​លក្ខណៈ​ស្រដៀង​គ្នា​ ពោល​គឺ ពេល​មាន​កម្មវិធី​ប្រកួត​ធំៗ​ម្ដងៗ​ ពួក​គាត់​អាច​រក​ចំណូល​លើស​ពី​ថ្ងៃ​ធម្មតា ចំណែក​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់​ទាត់​ក៏​ជា​ចំណែក​មួយ​ដ៏​ធំ​សម្រាប់​ឱ្យ​ពួក​គាត់​រក​ចំណូល​កាន់​តែ​ច្រើន​ថែម​ទៀត។
 

គូស​បញ្ជាក់​ផង​ដែរ​ថា វិស័យ​កីឡា​បាល់​ទាត់​នេះ មាន​ភាព​ល្បីល្បាញ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ត្រីមាស​មក​នេះ៕

 
ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

 


 

អត្ថបទ៖ លីហួត