ជម្លោះ​ហិង្សា​មុខ​រោងចក្រ អ្នកលក់​ចេកចៀន​និង​លក់​បាយ ស្លាប់​ម្នាក់​និង​2​នាក់​ជាប់​ខ្នោះ

ជម្លោះ​ហិង្សា​មុខ​រោងចក្រ អ្នកលក់​ចេកចៀន​និង​លក់​បាយ ស្លាប់​ម្នាក់​និង​2​នាក់​ជាប់​ខ្នោះ



រាជធានី​ភ្នំពេញ ៖ ២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ចាប់ខ្លួន ដោយសារ​យក​កាំបិត​គប់​ស្ត្រី​អ្នកលក់​បាយ​ក្បែរ​គ្នា​បណ្តាល​ឱ្យ​ស្លាប់​នៅ​ ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បាន​ប្រមាណ​ជាង​២​ម៉ោង ។ ភាគី​ទាំង​២​ទាស់​គ្នា​រឿង​ចាក់ទឹក
ហៀរ​នៅ​មុខ​តូប​លក់ដូរ​ខាង​មុខ​រោងចក្រ ។

រឿងហេតុ ​នោះ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០១៦ នៅ​ផ្លូវលំ​មុខ​រោងចក្រ​កាត់ដេ​រអិល​.​អេ (L A) ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បុរស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ឡឹ ​ង សុខ​រ៉ា អាយុ​៣៧​ឆ្នាំ ជា​អ្នកលក់​ទឹកអំពៅ និង​ប្រពន្ធ​ឈ្មោះ​ឆោម ណៃ អាយុ​៣៥​ឆ្នាំ ជា​អ្នកលក់​ចេកចៀន ។ ២​នាក់​ប្តី​ប្រពន្ធ​នេះ​លក់​ក្បែរ​គ្នា និង​ស្នាក់​នៅ​ក្បែរ​កន្លែង​លក់ដូរ​នោះ ។

ចំណែក​ស្ត្រី​ដែល​ស្លាប់​ឈ្មោះ​ឈួ​ន ចាន់​ថា អាយុ​៣៣​ឆ្នាំ ជា​អ្នកលក់​បាយ ស្នាក់​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។ នាង​បាន​រង​របួស​១​កាំបិត​ចំ​លើ​ដោះ​ខាងស្តាំ ហើយ​ស្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ​១ និង​៤០​នាទី​រសៀល ក្នុង​ថ្ងៃ​ដដែល ។
ប្រភព ​ព័ត៌មាន​ឱ្យ​ដឹង​ថា អ្នកលក់​ចេកចៀន​បាន​ចាក់ទឹក​ហូរ​ទៅ​កន្លែង​អ្នកលក់​បាយ​បណ្តាល​ឲ្យ​ទាស់ទែង ជេរ​ប្រមាថ​គ្នា និង​ឈាន​ទៅ​ប្រើ​ហិង្សា​ដល់​ស្លាប់​បែប​នោះ ។

អ្នកលក់ ​ចេកចៀន​បាន​ប្រើ​ឱ្យ​អ្នក​នៅ​ជាមួយ​លាង​ចេក និង​ដំឡូង ហើយ​ជះ​ទឹក​ដែល​លាង​នោះ​ទៅ​លើ​ផ្លូវ ហូរ​ទៅ​មុខ​តូប​លក់​បាយ ធ្វើ​ឱ្យ​ម្ចាស់​តូប​ខឹង​ខ្លាំង ។

ពេល​ទាស់សម្តី​គា្ន​នោះ ស្ត្រី​ជា​អ្នកលក់​ចេក ចៀន​បាន​យក​កូនកាំបិត​គប់​ទៅ​លើ​គូទំនាស់​ត្រូវ​ចំ​លើ​ដើមទ្រូង​ខាងស្តាំ​ ដោត​ជាប់ ។ ភ្លាម​នោះ​បុរស​ជា​ប្តី​បានរ​ត់ទៅ​រុញ​បន្ថែម រួច​ទើប​ដក​កូនកាំបិត​ចេញ ។

ក្រុម​គ្រួ​សារបាន​បញ្ជូន​ស្ត្រី​របួស​ទៅ​មន្ទីរ ពេទ្យ​ព្រះ​កុសុមៈ  និង​បាន​ស្លាប់​ក្នុង​រយៈពេល​ជាង​២​ម៉ោង​ក្រោយមក ។
នគរបាល ​បាន​ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​នោះ​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​ទឹកថ្លា រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕