កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?

ក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ នឹងប៉ះម្ចាស់ផ្ទះបារាំង ក្នុងជំនួបធំ Euro 2016 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Stade Vélodrome ទីក្រុង Marseille វេលាម៉ោង០២:០០រំលងអាធ្រាត្រយប់នេះ។

កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?Mesut Ozil (លេខ៨, អាល្លឺម៉ង់) និង Antoine Griezmann (លេខ៧, បារាំង)

ក្រុមទាំង២នេះ ក្រុមណាឈ្នះ នឹងឡើងទៅប៉ះព័រទុយហ្គាល់ នៅវគ្គផ្ដាច់ព្រ័ត្រ។ មុនឡើងដល់ Semi-Finals អាល្លឺម៉ង់ បានយកឈ្នះអ៊ីតាលី ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៦-៥ បន្ទាប់ពីស្មើគ្នាម៉ោងធម្មតា ១-១ រីឯបារាំងវិញ បានលត់អ៊ីស្លង់ដល់ទៅ ៥-២ នៅវគ្គ៨ក្រុម។ ដូច្នេះចាំមើលថា ក្រុមខ្លាំងទាំង២នេះ មួយណានឹងហាលអាវ ហើយមួយណានឹងឡើងទៅផ្ដាច់ព្រ័ត្រ?

ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖

– នេះជាជំនួបគ្នាលើកទី៥ រវាងក្រុមទាំង២ ក្នុងការប្រកួតពានរង្វាន់ធំៗ ប៉ុន្តែជាលើកទី១ នៅពានរង្វាន់ Euro។

– បារាំង ឈ្នះអាល្លឺម៉ង់លើកដំបូង កាល World Cup ឆ្នាំ១៩៥៨ ខណៈដែលអាល្លឺម៉ង់ ឈ្នះ៣ប្រកួតបន្ទាប់ នៅ World Cup ឆ្នាំ (១៩៨២, ១៩៨៦, ២០១៤)។

– ប៉ុន្តែជួបគ្នាមិត្តភាពលើកចុងក្រោយ កាលខែវិច្ឆិកា ឆ្នាំ២០១៥ថ្មីៗនេះ បារាំងបានយកឈ្នះអាល្លឺម៉ង់ ២-០។

– អាល្លឺម៉ង់ ធ្លាប់លើកពាន Euro ច្រើនជាងគេបាន៣ដង (១៩៧២, ១៩៨០, ១៩៩៦) ស្មើអេស្ប៉ាញ។ ដូច្នេះពួកគេ ខកខានលើកពាន Euro នេះ អស់រយៈពេល២០ឆ្នាំមកហើយ។

– បារាំង ធ្លាប់លើកពាន Euro បាន២ដង នៅឆ្នាំ១៩៨៤ ដែលធ្វើជាម្ចាស់ផ្ទះ និងឆ្នាំ២០០០។

សម្ដីគ្រូបង្វឹក៖

កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?Joachim Löw គ្រូបង្វឹកអាល្លឺម៉ង់

Joachim Löw គ្រូបង្វឹកអាល្លឺម៉ង់៖ “បារាំង ជាក្រុមមួយអាចបទបែនស្ថានការណ៍បានល្អណាស់។ ពួកគេមានឱកាសស៊ុតច្រើន ព្រោះមានខ្សែបម្រើឆ្នើមៗដូចជា Paul Pogba និង Blaise Matuidi ហើយពួកគេមានខ្សែប្រយុទ្ធកំពូលទាំង៣ ដែលជា Top Scorers នៅ Euro នេះទៀត។ ពួកគេជាម្ចាស់ផ្ទះផង ដូច្នេះពួកគេ នឹងវាយលុកខ្លាំង។ ប៉ុន្តែយើងនឹងលេងសាមគ្គីគ្នាឲ្យបានល្អ ហើយរង់ចាំឱកាសវាយបកទៅពួកគេលឿនៗវិញ”។

កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?Didier Deschamps គ្រូបង្វឹកបារាំង

Didier Deschamps គ្រូបង្វឹកបារាំង៖ “អាល្លឺម៉ង់ ជាក្រុមដែលតែងតែគ្រប់គ្រងបាល់ច្រើនជាងគូប្រកួត ប៉ុន្តែយើងក៏មិនមែនលេងដើម្បីតែការពារដែរ។ យើងត្រូវតែលេងឲ្យអស់ពីសមត្ថភាព។ អាល្លឺម៉ង់ ជាក្រុមជើងឯកពិភពលោក ហើយពួកគេខ្លាំងណាស់នៅប៉ុន្មានប្រកួតចុងក្រោយ។ យើងត្រូវតែរកគ្រាប់ឲ្យបាននៅយប់នេះ”។

ជើងកីឡាករ៖

កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?សកម្មភាពក្រុមអាល្លឺម៉ង់ ហ្វឹកហាត់

អាល្លឺម៉ង់ នឹងអវត្តមានកីឡាករសំខាន់៣នាក់យប់នេះគឺ ខ្សែការពារកណ្ដាល Mats Hummels ជាប់បម្រាម (កាតលឿង២), ខ្សែបម្រើ Sami Khedira របួសក្រលៀន និងខ្សែប្រយុទ្ធ Mario Gomez របួសសាច់ដុំភ្លៅ។ ដូច្នេះ១១នាក់ដំបូងរបស់ឥន្ទ្រីដែក អាចជា៖ Neuer; Kimmich, Boateng, Höwedes, Hector; Kroos, Schweinsteiger; Draxler, Özil, Götze; Müller។

កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?សកម្មភាពក្រុមបារាំង ហ្វឹកហាត់

រីឯបារាំង គ្មានកីឡាករណាជាប់បម្រាម ឬរបួសទេ ពោលគឺពេញជើងតែម្ដង។ ដូច្នេះ១១នាក់ដំបូងរបស់ម្ចាស់ផ្ទះមាន់គក អាចជា៖ Lloris; Sagna, Umtiti, Koscielny, Evra; Pogba, Matuidi; Sissoko, Griezmann, Payet; Giroud៕

ព្យាករណ៍៖ អាល្លឺម៉ង់ ២-១ បារាំង (៩០នាទី), ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ sabay

  • កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: