ស្ត្រី​ជនជាតិ​ទំពួន​សម្រាលកូន​ពាក់​កណ្តាលផ្លូវ

ស្ត្រី​ជនជាតិ​ទំពួន​សម្រាលកូន​ពាក់​កណ្តាលផ្លូវ



ខេត្តរតនគិរី ៖ ស្ត្រី​ជនជាតិ​ទំពួន​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ​ពាក់​កណ្តាលផ្លូវ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​សំដៅ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​មិន​ទាន់​ដល់​មន្ទីរពេទ្យ​ផង​ក៏​សម្រាលកូន​នៅ​តាម​ផ្លូវ​តែ​ម្តង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ កក្កដា ស្ថិត​នៅ​ចំណុច​ផ្លូវ​ឡើង​ទួល ភូមិ​ថា​រង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ។​

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ដឹង​ត​ៗ​គ្នា​ភ្លាម អ្នកដំណើរ​ក៏​បាន​ផ្តល់​ព័ត៌មាន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ដែរ ដូច​ជួយ​ឈឺឆ្អាល ។ នៅ​ពេល​នោះ​លោក​វេជ្ជបណ្ឌិត ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទទួល​ព័ត៌មាន​ភ្លាម បាន​បញ្ជា​ឲ្យ​បុគ្គលិក​ពេទ្យ​ចុះ​ទៅ​ជួយ​សង្គ្រោះ​ដល់​កន្លែង​ម្តាយ​និង​កូន​បាន​ទាន់​ពេលវេលា ពោល​គឺ​ម្តាយ​និង​កូន​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ ។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បាន​ដឹក​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយ​សុវត្ថិភាព និង​សម្រាក​ព្យាបាល បន្ទាប់​ពី​សម្រាលកូន​ហើយ​នោះ ។

ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឆ្លងទន្លេ​នេះ​គឺ​កូន​ដំបូង និង​ជា​ទារិកា​ដែល​ម្តាយ​ឈ្មោះ ភា ផ​ន អាយុ​២០​ឆ្នាំ ជនជាតិ​ទំពួន និង​ប្តី​ឈ្មោះ ណាត ឈិ​ន អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អ៊ុ​ន ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

តាម​ប្រភព​ពី​សាច់ញាតិ​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​មាន​ជីវភាព​ក្រីក្រ បាន​ទៅ​ស៊ីឈ្នួល​ចៀរ​ជ័រកៅស៊ូ​ឱ្យ​គេ​នៅ​ស្រុក​អូរ​ជុំ ។ មុន​ពេល​សម្រាលកូន ប្រពន្ធ​មាន​អាកា​រៈ​ឈឺពោះ ប្តី​ក៏​បាន​ឌុ​ប​ប្រពន្ធ​តាម​ម៉ូតូ​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដែល​មាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ ប៉ុន្តែ​មក​មិន​ទាន់​ដល់​ផង និង​នៅ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ដល់​មន្ទីរពេទ្យ នាង​ប្រពន្ធ​ក៏​សម្រាលកូន​ពាក់​កណ្តាលផ្លូវ​តែ​ម្តង ប៉ុន្តែ​បាន​គ្រូពេទ្យ​ឆ្មប​ទៅ​ជួយ​សម្រាល​ទាន់​ពេល ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ម្តាយ​និង​កូន​គឺ​មាន​សុខភាព​ល្អ​ពុំ​មាន​អ្វី​កើតឡើង​នោះ​ទេ ហើយពីរ​នាក់​ប្តី​ប្រពន្ធ និង​សាច់ញាតិ​បាន​លើក​ម្រាមដៃ​១០​ថ្លែងអំណរគុណ​ដល់​ពេទ្យឆ្មប ដែល​បាន​ចុះ​ទៅ​ជួយ​ក្រុម​គ្រួសារ​គាត់​ទាន់​ពេលវេលា ៕​