ជើងល្អ​2​នាក់​ប្តី​ប្រពន្ធ​បោក​រើស​ពលករ​ទៅ​កូរ៉េ

ជើងល្អ​2​នាក់​ប្តី​ប្រពន្ធ​បោក​រើស​ពលករ​ទៅ​កូរ៉េ



រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ពេញកម្លាំង​ធ្វើ​ការងារ កំពុង​តែ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស ដោយ​រំពឹង​លើ​ការទទួល​បាន​ប្រាក់ខែ​ខ្ពស់ ពិសេស​គឺ​ប្រទេស​កូរ៉េ​នោះ ពេល​នេះ​ពលរដ្ឋ​ជាង​១០០​នាក់ ត្រូវ​បាន​ជន​ឆបោក​២​នាក់​ប្តី​ប្រពន្ធ​ដែល​អះអាង​ថា មាន​ឪពុកធំ​របស់​ខ្លួន​ជា​ជនជាតិ​ខ្មែរ រស់នៅ​ប្រទេស​កូរ៉េ មាន​ចម្ការ​ទំពាំងបាយជូ​រាប់​ពាន់​ហិ​កតា កំពុង​ត្រូវការ​និង​ធ្វើការ​ជ្រើសរើស​រក​ពលករ​ទៅ​ធ្វើការ​ដោយ​ទទួល​បាន​ប្រាក់ខែ ក្នុង​១​ខែ​រាប់​ពាន់​ដុល្លារ ។

ទោះជា​បែប​ណា ក្រោយ​ពី​ជន​ឆបោក​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ធ្វើការ​ប្រកាស​ផ្សព្វផ្សាយ​រក​ពលករ​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ជឿជាក់ នាំ​គ្នា​ទៅ​ដាក់​ពាក្យ និង​បាន​តម្រូវ​ឱ្យ​បង់ប្រាក់​ជា​មុន​ក្នុង​ម្នាក់​ៗ​ចំនួន​១.៥០០​ដុល្លារ​ដើម្បី​រត់ការ ។ ក្រោយ​ពី​ទទួល​បាន​ប្រាក់​រហូត​ទៅ​ដល់​ចំនួន​១១៧.៦៧០​ដុល្លារ រួច​ហើយ ក៏​នាំ​គ្នា​វេច​លុយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

អំពើ​ឆបោក​មាន​គ្រប់​ប្រភេទ ក្នុង​បរិយាកាស​សង្គម​បច្ចុប្បន្ន ហើយ​ការ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ហាក់​នៅ​មាន​កម្រិត​នោះ ទើប​ការ​ចាញ់បោក​ជនខិលខូច​នៅ​តែ​កើត​មាន​ដដែល​ៗ ។ ទីបំផុត​ត្រូវ​បាន​គេ​បោកប្រាស់​អស់​រាប់រយ​រាប់​ពាន់​ដុល្លារ ទើប​នាំ​គ្នា​ប្ដឹង ខណៈ​ដែល​ជន​បោក​បាន​គេចខ្លួន​បាត់​ស្រមោល​ទៅ​ហើយ​នោះ ។

លោក សាន់ ចាន់​ថន ជា​តំណាង​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ដែល​រង​គ្រោះ​ក្នុង​អំពើ​ឆបោក​នេះ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ខែតុលា ឆ្នាំ​២០១៥ កន្លង​មកនេះ​មាន​ប្តី​-​ប្រពន្ធ​២​នាក់ ដែល​ត្រូវជា​មិត្តភក្តិ​របស់​គាត់​គឺ​ប្ដី​ឈ្មោះ អ៊ុ​ក សុ​ខន អាយុ​៤៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡេ​ង ម៉ា​លី​ន អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៤៤៣ ផ្លូវលំ ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បាន​ធ្វើការ​ផ្សព្វផ្សាយ​ជ្រើសរើស​រក​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​តាម​រយៈ​រូប​គាត់​ជា​មិត្តភក្តិ ដោយ​ពួក​គេ​បាន​ធ្វើការ​អះអាង​ថា ខ្លួន​មាន​ឪពុកធំ​ម្នាក់​រស់នៅ​ឯ​ប្រទេស​កូរ៉េ និង​មាន​ចម្ការ​ទំពាំងបាយជូរ​ហូត​ទៅ​ដល់​១​ពាន់​ហិ​កតា និង​ត្រូវការ​ជ្រើសរើស​ពលករ​ខ្មែរ​យើង​ទៅ​ធ្វើការ​នៅ​ទីនោះ ដោយ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ក្នុង​មួយ​ខែ​ចំនួន​១.២៥០​ដុល្លារ​ក្នុង​ម្នាក់​ៗ ។ ចំណែកឯ​រូប​គាត់ នឹង​ត្រូវ​ទទួលយក​ទៅ​ធ្វើការ​នៅ​ទីនោះ​ដែរ ដោយ​ទទួល​បាន​ប្រាក់ខែ​១​ម៉ឺន​ដុល្លារ ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បានការ​ឃោសនា​របស់​មិត្តភក្តិ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​រួច​មក រូប​គាត់​រួម​ទាំង​ប្រពន្ធ និង​កូន​ចំនួន​២​នាក់​ទៀត ក៏​បាន​យកពាក្យ​ទៅ​ដាក់​និង​ធ្វើការ​ផ្សព្វផ្សាយ​បន្ត ទៅ​ដល់​បងប្អូន កូនក្មួយ និង​ប្រជាពលរដ្ឋ​ជា​ញាតិ​មិត្ត​ជា​ច្រើន​នាក់​ទៀត ដែល​នៅ​ស្រុក​-​ភូមិ​បាន​រហូត​ទៅ​ដល់​ចំនួន​ជាង​១០០​នាក់ ។ ពេល​ដែល​ទទួល​បានការ​ដាក់​ពាក្យ ដើម្បី​បាន​ទៅ​ធ្វើ​ការងារ​នៅ​ឯ​ប្រទេស​កូរ៉េ​នោះ​រួច​ហើយ ពួក​គេ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​តម្រូវ​ឱ្យ​ពួក​គាត់ បង់ប្រាក់​ក្នុង​ម្នាក់​៣​ពាន់​ដុល្លារ ដោយ​បង់ប្រាក់​ជា​មុន​ចំនួន​១.៥០០​ដុល្លារ​សិន ដើម្បី​រត់ការ​ធ្វើ​ឯកសារ  លិខិតឆ្លងដែន និង​ត្រូវ​បាន​ចេញ​ទៅ​នៅ​ខែមករា ឆ្នាំ ២០១៦  ។

ក្រោយ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​ទទួល​បាន​ប្រាក់​ពី​ពួក​គាត់​សរុប​ចំនួន​១១៧.៦៧០ ដុល្លារ​រួច​ហើយ ពួក​គេ​ក៏​បាន​ផ្តល់​នូវ​លិខិតឆ្លងដែន​ដល់​ពួក​គាត់ បាន​ចំនួន​៥៨​នាក់​តែ​ប៉ុណ្ណោះ ចំណែកឯ​ជាង​៦០​នាក់​ទៀត គឺ​មិន​ទាន់​ទទួល​បាន​នៅឡើយ ។ ដោយ​មានការ​សង្ស័យ​រហូត​មក​ដល់​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០១៦ ពួក​គាត់​នៅ​តែ​មិន​ទាន់​បាន​ចេញ​ទៅ​កូរ៉េ និង​ទទួល​បាន​លិខិត​ស្នាម​ត្រឹមត្រូវ​នោះ ក៏​បាន​ធ្វើការ​ណាត់ជួប តែ​២​នាក់​ប្ដី​ប្រពន្ធ​នោះ ចេះ​តែ​និយាយ​ដោះសា​រថា ថ្ងៃនេះ ថ្ងៃ​នោះ រហូត​បាត់​មុខ​ពួក​គេ និង​ទូរស័ព្ទ​ក៏​ទាក់ទង​លែង​បាន​ទៀត ។

ក្រោយ​ពី​ជន​ឆបោក ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ វេច​លុយ​ពួក​គាត់​រត់គេច​ខ្លួន​បាត់​អស់ហើយ មក​ដល់​ពេល​នេះ ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ឆបោក​នោះ ក៏​កំពុង​តែ​ដើរ​ដាក់​ពាក្យបណ្តឹង​ទៅ​តាម​ស្ថាប័ន​មួយ​ចំនួន ដើម្បី​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​ករណី​ឆបោក​នេះ​ផង​៕