រដ្ឋាភិបាល​បារាំង ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​៥១​នាក់​ សម្រាប់​២០១៦-២០១៧

រដ្ឋាភិបាល​បារាំង ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​៥១​នាក់​ សម្រាប់​២០១៦-២០១៧



ភ្នំពេញ​ ៖​ ប្រទេស​បារាំង និង​ស្ថាប័ន​ដៃគូ​ បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ចំនួន​៥១​រូប ដើម្បី​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង​ឆ្នាំ​២០១៦-២០១៧ លើ​មុខវិជ្ជា​សេដ្ឋកិច្ច នីតិសាស្ត្រ វិទ្យា​សាស្ត្រ វិស្វករ ភាសា​បារាំង និង​ចិត្ត​វិទ្យា។

ជា​រៀងរាល់​ឆ្នាំ ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដែល​មាន​បំណង​ចង់​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ឬ​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​បារាំង។

ឆ្នាំនេះ និស្សិត​កម្ពុជា​៥១​រូប ភាគច្រើន​សិក្សា​ថ្នាក់​ភាសា​បារាំង​នៅ​តាម​សាកលវិទ្យាល័យ ដែល​ទ្រទ្រង់​ដោយ​សហប្រតិបត្តិការ​បារាំង ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​សិក្សា​នៅ​បារាំង។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទួត​បារាំង​ប្រចាំ​កម្ពុជា​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦​កក្កដា​បាន​ឲ្យ​ដឹង​ថា​ ក្នុងចំណោម​និស្សិត​៥១​នាក់​នោះ មាន​៣០​នាក់​ ទទួល​បាន​អាហារូបករណ៍​របស់​រដ្ឋាភិបាល​បារាំង​(BGF) ហើយ​១០​នាក់​ទៀត​ទទួល​បាន​អាហារូបករណ៍​ពី​ក្រសួងការបរទេស​បារាំង ក្រោម​កម្មវិធី​អាហារូបករណ៍ EIFFEL។ សម្រាប់​អាហារូបករណ៍ EIFFEL ដ៏​ប្រកួតប្រជែង​នេះ តួលេខ​និស្សិត​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី​៩​លើ​ពិភពលោក។

សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​បាន​បន្ត​ថា ​ក្រៅ​ពី​នេះ ស្ថានទូត​បារាំង​ក៏​គាំទ្រ​ផង​ដែរ​ដល់​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ផ្សេងទៀត ដូចជា​អាហារូបករណ៍​របស់​ទីភ្នាក់ងារ​ឧត្ដមសិក្សា​ដែល​ប្រើប្រាស់​ភាសា​បារាំង​(AUF) ឬ​របស់​សហភាព​អឺរ៉ុប (​កម្មវិធី​អាហារូបករណ៍​Erasmus+)។

ក្នុង​ខណៈ​ដែល​ទីភ្នាក់ងារ​ឧត្ដម​សិក្សា​ដែល​ប្រើប្រាស់​ភាសា​បារាំង​អនុញ្ញាតឲ្យ​និស្សិត​អាហារូបករណ៍​បន្ត​ការស្រាវជ្រាវ​របស់​ពួកគេ​នៅ​កម្ពុជា ឬ​នៅ​បារាំង ​តាមរយៈ​ប្រាក់ឧបត្ថម្ភ ឆ្នាំនេះ​កម្មវិធី​អាហារូបករណ៍ Erasmus+ ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​១១​រូប ​ទៅ​បន្ត​ការសិក្សា​នៅ​តាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បារាំង​។

ជាង​នេះ​ទៅ​ទៀត ​លទ្ធផល​អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា​ផ្នែក​វេជ្ជសាស្ត្រ​ទៅ​បន្ត​ការ​សិក្សា​របស់​ពួកគេ​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​បារាំង នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ពាក់កណ្ដាល​ខែ​កក្កដា​។ ជា​មធ្យម និស្សិត​ពេទ្យ​ជាង​២០​នាក់​ទទួល​បាន​អាហារូបករណ៍​ពី​កម្មវិធី​នេះ​ក្នុង​មួយឆ្នាំ​។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា ​វគ្គ​បណ្ដុះបណ្ដាល​មួយ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦​សីហា ​នៅ​វិទ្យាស្ថាន​បារាំង​។ វគ្គ​បណ្ដុះបណ្ដាល​នេះ ​ជួយ​និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​ឲ្យ​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ​ប្រទេស​បារាំង ជាពិសេស​តាមរយៈ​​បទ​បង្ហាញ​របស់​អតីត​និស្សិត​ដែល​ធ្លាប់​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បារាំង​។

និស្សិត​ នឹង​ទទួល​បាន​ព័ត៌មាន​ទាក់ទិន​នឹង​ការសិក្សា​នៅ​ប្រទេស​បារាំង ទម្លាប់​ នៃ​ការ​ទទួល​ទាន​ម្ហូបអាហារ យានជំនិះ​សាធារណៈ និង​ព័ត៌មាន​ផ្សេងទៀត​ទាក់ទិន​នឹង​ការ​ស្នាក់នៅ​ប្រទេស​បារាំង។

និស្សិត​ទទួល​បាន​អាហារូបករណ៍ ​ក៏បាន​ចូលរួម​ផង​ដែរ​ក្នុង​ពិធី​អបអរ​មួយ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ដោយមាន​វត្តមាន​លោក ហ្ស​ង់​-​ក្លូដ ពាំ​បឺ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន ​និង​កីឡា។

កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ស្ថានទូត​បារាំង និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា បាន​ដាក់ឲ្យ​ដំណើរការ​ប្រកបដោយ​ជោគជ័យ​នូវ​បណ្ដាញ​អតីត​និស្សិត​កម្ពុជា​មកពី​ប្រទេស​បារាំង (France Alumni Cambodge) (www.cambodge.francealumni.fr) ដែល​ប្រមូលផ្ដុំ​អតីត​និស្សិត​កម្ពុជា​៥០០​នាក់ ដែល​បាន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​បារាំង លើ​មុខជំនាញ​ដូចជា នីតិសាស្ត្រ វិទ្យាសាស្ត្រ​វិស្វករ វេជ្ជសាស្ត្រ សេដ្ឋកិច្ច ស្ថាបត្យកម្ម ទេសចរណ៍​។​ល។

ជា​រៀងរាល់​ឆ្នាំ ប្រទេស​បារាំង​ទទួល​និស្សិត​កម្ពុ​ជាជាង​៦០០​នាក់​ឲ្យ​ទៅ​សិក្សា ដែល​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ក្លាយ​ជា​ប្រទេស​ទិសដៅ​ទី​បី ដែល​និស្សិត​កម្ពុជា​ចូលចិត្ត​ទៅ​សិក្សា​បំផុត​។ នៅ​លើ​ពិភពលោក ​ប្រទេស​បារាំង ​ជា​ប្រទេស​ទិសដៅ​ទី​៤ ដែល​និស្សិត​បរទេស​ចូលចិត្ត​ទៅ​សិក្សា​បំផុត ដោយ​ទទួល​និស្សិត​៣០០.០០០​នាក់ ​ឲ្យ​ទៅ​សិក្សា​ជា​រៀងរាល់​ឆ្នាំ​៕