កូនប្រុស​កំហូច ​ត្រូវ​ម្ដាយ​ឪពុក​ប្ដឹង​ឲ្យ​អាជ្ញាធរ​យក​ទៅ​អប់រំ​​

កូនប្រុស​កំហូច ​ត្រូវ​ម្ដាយ​ឪពុក​ប្ដឹង​ឲ្យ​អាជ្ញាធរ​យក​ទៅ​អប់រំ​​



ភ្នំពេញ ៖ យុវជន​ម្នាក់​ឈ្មោះ​ កង សុខ​ចំរើន អាយុ​២០​ឆ្នាំ​ ស្នាក់នៅ​ជាមួយ​ឪពុកម្ដាយ​ក្នុង​ភូមិ​ទួល​រកា ​សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ឪពុកម្ដាយ​ប្តឹង​ទៅ​លោក​ចៅសង្កាត់​ឲ្យ​យក​ទៅ​អប់រំ​នៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​កូន​កំហូច​នេះ​បង្ក​ការ​អុកឡុក​ និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​លំនៅដ្ឋាន​ស្ទើរ​រាល់ថ្ងៃ​។​

ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​ដោយឡែក​ យុវជន​ដែល​ត្រូវ​រង​ការ​ប្ដឹងផ្ដល់​ពី​ឪពុកម្ដាយ​នោះ​ត្រូវ​បាន​លោក​ ជា សុខៃ​ ចៅសង្កាត់​ចាក់អង្រែ​ក្រោម​បាន​ឲ្យ​ដឹង​ថា​ យុវជន កង សុខ​ចំ​រើ​ន នេះ​ បាន​យក​ថ្នាំញៀន​ធ្វើ​ជា​ចំណីអាហារ​ ហើយ​ពុំ​ដែល​ចូល​សាលារៀន​នោះ​ទេ ​ដោយ​រូប​គេ​បាន​បោះបង់ចោល​ការសិក្សា ​រួច​ប្រើ​ហិង្សា​​ក្នុង​គ្រួសារ​ដូចជា​ បង្ខំ​អ្នក​រស់នៅ​ក្នុង​ផ្ទះ​យក​លុយ​ឲ្យ​រូបគេ​ដើម្បី​ទិញ​ថ្នាំញៀន​យក​ទៅ​ជក់​ជាមួយ​បក្សពួក​របស់​គេ​។​

លោក​ ជា សុ​ខៃ​ បាន​បញ្ជាក់​ដោយសារតែ​មាន​ការ​ផ្សព្វផ្សាយ​ពី​អាជ្ញាធរ​សង្កាត់​ ដើម្បី​ប្រមូល​យក​ក្មេង​សេព​គ្រឿងញៀន​ទៅ​អប់រំ​តាម​ជំនាញ​របស់​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ​មក​នោះ​ឪពុកម្ដាយ​យុវជន​កំហូច​នេះ​បានសម្រេច​ចិត្ត​ប្រគល់​កូនប្រុស​ញៀន​ថ្នាំ​ទៅ​ធ្វើ​ការ​បន្សាប​ ព្រោះ​បើ​ទុក​នៅផ្ទះ​បន្ត​ទៀត អាច​ឲ្យ​សមាជិក​ក្នុង​គ្រួ​សារ​ជួប​គ្រោះថ្នាក់​ដោយសារ​យុវជន​រូប​នេះ​។

​លោក​ចៅសង្កាត់​បាន​បញ្ជាក់​ថា​ លោក​តែង​ទទួល​ក្មេង​ញៀន​ថ្នាំ​យក​ទៅ​អប់រំ​នៅ​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ​ដោយ​រូបលោក​ផ្ទាល់​បាន​ចេញ​ថវិកា​ជួយ​ទៅ​ក្រុមការងារ​របស់​មន្ទីរ​សង្គមកិច្ច ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​កូនចៅ​ប្រជាពលរដ្ឋ​ត្រូវ​បាន​បន្សាប​សារជាតិ​ញៀន​ពី​ក្នុង​ខ្លួន​ និង​ចាប់ផ្ដើម​រៀន​សូត្រ​ ឬ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដើម្បី​ជួយ​ដល់​គ្រួសារ​របស់​គេ​៕