អាជ្ញាធរ​វៀតណាម ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ខុស​ច្បាប់​២៩​នាក់​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​

អាជ្ញាធរ​វៀតណាម ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ខុស​ច្បាប់​២៩​នាក់​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​



ភ្នំពេញ ​៖ ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ទីក្រុង​ហូជីមិញ រៀបចំ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​២៩​នាក់ ដែល​ក្នុង​នោះ​មាន​មនុស្ស​ចាស់​ចំនួន​០៩​នាក់ (​បុរស​០៣​នាក់ និង​ស្ត្រី​០៦​នាក់​) និង​កុមារ​ចំនួន​២០​នាក់ (​ប្រុស​១០​នាក់ និង​ស្រី​១០​នាក់​) នេះ​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ។

លោក ជុំ សុន្ទរី មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៦ ថា ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ចំនួន​១៩​នាក់ រស់នៅ​ស្រុក​ចន្ទ្រា ចំនួន​០៩​នាក់ រស់នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង និង​ចំនួន​០១​នាក់ រស់នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ចូល​មក​សុំទាន និង​លក់​ឆ្នោត​ខុសច្បាប់​នៅ​ទីក្រុង​ហូជីមិញ ហើយ​ត្រូវ​អាជ្ញាធរ​វៀតណាម ឃាត់ខ្លួន​រក្សាទុក​និង​ផ្គត់ផ្គង់​អាហារ នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សង្គម​ទីក្រុង​ហូជីមិញ ហើយ​ពលរដ្ឋ​ខ្មែរ​ទាំង​២៩​នាក់ នឹង​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៦ តាម​ច្រក​ព្រំដែន​អន្តរជាតិ ម៉ុកបាយ​បាវិត ដើម្បី​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ស្វាយរៀង។

តាម​លោក ជុំ សុន្ទរី អះអាង​ថា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៦​នេះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​សុំទាន និង​លក់​ឆ្នោត​ខុសច្បាប់ ហើយ​ត្រូវ​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន សរុប​ចំនួន​១៣៨​នាក់ (​គិត​ទាំង​លើក​នេះ​ផង​) ដែល​ភាគច្រើន​ជា​កុមារ ទៅ​តាម​ម្ដាយ ឬ​បង ​មាន​ទីលំនៅ​ជាប់​នឹង​ព្រំដែន​វៀតណាម៕