សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី​សុំ​ទោស​រឿង​រំលោភ​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​សោមត្រកចាស់ ឃុំ​សោមធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​យល់ព្រម​ប្រគល់​ដី ១២​ហិកតារ​ក្នុង​ចំណោម​ដី ២០​ហិកតារ​ដែល​អ្នក​ភូមិ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​លើ​ដី​របស់​ពលរដ្ឋ​ខ្មែរ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ។ អាជ្ញាធរ​មូលដ្ឋាន​ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​ការ​ចូលរួម​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​របស់​សហគមន៍។

តំណាង​សហគមន៍​ភូមិ​សោមត្រកចាស់ ថ្លែង​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​មុខ​អ្នក​ភូមិ​ជាង ៦០​គ្រួសារ តំណាង​ម្ចាស់​ដី មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចំពោះ​អំពើ​ខុស​ឆ្គង​របស់​អ្នក​ភូមិ​ដែល​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ដី​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍ ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់។

តំណាង​អ្នក​ភូមិ លោកស្រី សេវ សយ ស្នើសុំ​ឲ្យ​តំណាង​ម្ចាស់​ដី​អនុគ្រោះ​អំពើ​ខុស​ឆ្គង​របស់​អ្នក​ភូមិ ហើយ​ដក​ពាក្យ​ប្ដឹង​អ្នក​ភូមិ​តាម​ផ្លូវ​តុលាការ​ចេញ និង​សុំ​ជួយ​ឧបត្ថម្ភ​ការ​ចំណាយ​នានា​របស់​អ្នក​ភូមិ​នៅ​លើ​ដី​មាន​ទំនាស់​ចំនួន ៣​ពាន់​ដុល្លារ និង​ស្នើសុំ​រក្សា​ដើម​ដំឡូងមី​ដែល​ពួក​គាត់​បាន​ដាំដុះ រហូត​ដល់​រដូវ​ប្រមូល​ផល​នៅ​ខែ​មករា ឆ្នាំ​២០១៧៖ «»

សហគមន៍​ភូមិ​សោមត្រកចាស់ ៦៦​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កក្កដា បាន​អញ្ជើញ​មន្ត្រី​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ អាជ្ញាធរ​ឃុំ​សោមធំ សមត្ថកិច្ច អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ចូលរួម​ជា​សាក្សី​ក្នុង​ពិធី​សម្របសម្រួល​រវាង​អ្នក​ភូមិ និង​តំណាង​ម្ចាស់​ដី គឺ​លោក នូ លី ខណៈ​សមាជិក​សហគមន៍​ចំនួន ៨​នាក់​ត្រូវ​បាន​មន្ត្រី​អយ្យការ​សាលា​ដំបូង​ខេត្ត​រតនគិរី ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួនបំភ្លឺ​ក្នុង​រឿង​ក្តី​កាប់​បំផ្លាញ​ផល​ដំណាំ និង​ចូល​កាន់​កាប់​អចលនទ្រព្យ​អ្នក​ដទៃ។

តំណាង​ម្ចាស់​ដី លោក នូ លី មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​សហគមន៍​ថា ការ​ទទួល​ស្គាល់​កំហុស គឺ​ជា​ចំណុច​ល្អ​ដើម្បី​កែប្រែ​ការ​យល់​ដឹង​ខុស​ឆ្គង​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច។ លោក​យល់​ព្រម​តាម​សំណើ​របស់​សហគមន៍ ដើម្បី​រឹត​ចំណង​សាមគ្គីភាព​រវាង​គ្នា​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ៖ «»

មេ​ឃុំ​សោមធំ លោក សល់ ទួន ទទួល​ស្គាល់​ថា ការ​យល់​ដឹង​ពី​ទិដ្ឋភាព​ផ្នែក​ច្បាប់​របស់​សហគមន៍​នៅ​មាន​កម្រិត ទើប​យល់​ច្រឡំ​ថា​ដី​នោះ​ជា​កម្មសិទ្ធិ​ដី​ដូនតា​សហគមន៍ ទើប​នាំ​គ្នា​ចូល​កាន់​កាប់​ដី​នោះលោក​ត្រេកអរ​ដែល​សហគមន៍​ងាក​មក​រក​ភាព​យល់​ដឹង ហើយ​យល់​ព្រម​ប្រគល់​ដី​ឲ្យ​ម្ចាស់​កម្មសិទ្ធិ​វិញ៖ «»

ចំណែក​អភិបាល​រង​ស្រុក​អូរយ៉ាដាវ លោក សឹម លីម កត់​សម្គាល់​ដែរ​ថា ទំនាស់​ដែល​កើត​ឡើង​រវាង​សហគមន៍ និង​ម្ចាស់​ដី​កើត​មាន​ច្រើន​ខែ​កន្លង​ទៅ ធ្វើ​ឲ្យ​កើត​មាន​បាតុភាព​មិន​ល្អ​ជាច្រើន។ លោក​អំពាវនាវ​សុំ​ឲ្យ​សហគមន៍ បញ្ឈប់​ការ​ចូល​ទៅ​កាន់​កាប់​ដី​អ្នក​ដទៃ​ខុស​ច្បាប់​ត​ទៅ​ទៀត៖ «»

សហគមន៍​ភូមិ​សោមត្រកចាស់ កាល​ពី​ខែ​ឧសភា បាន​នាំ​គ្នា​កាប់​ដើម​កាហ្វេ និង​កៅស៊ូ​លើ​ដី ១២​ហិកតារ​របស់​លោក សាន ចាន់នី ដោយ​សំអាង​ថា​ដី​នោះ​ជា​អតីត​ដី​សហគមន៍ ហើយ​នាំ​គ្នា​បែង​ចែក​ដី​នោះ​តាម​ក្រុម​គ្រួសារ​សហគមន៍ និង​ធ្វើ​រោង​ចាំ​ដី ហើយ​ដាំ​ដំឡូងមី​នៅ​លើ​ដី​នោះ។

កាល​ពី​ដើម​ខែ​មិថុនា ចៅក្រម​តុលាការ​ខេត្ត​រតនគិរី លោក គង់ តាំងម៉េង បាន​ដឹក​នាំ​កង​នគរបាល និង​កង​រាជ​អាវុធហត្ថ អនុវត្ត​ដីកា​រក្សា​ការពារ​តម្រូវ​ឲ្យ​អ្នក​ភូមិ​សោមត្រកចាស់ រុះរើ​ខ្ទម និង​ដក​ដំណាំ​ចេញ​ពី​ដី​ដែល​ម្ចាស់​មាន​ប័ណ្ណ​កម្មសិទ្ធិ ហើយ​រក្សា​សិទ្ធិ​ឲ្យ​អ្នក​ភូមិ​ប្ដឹង​តវ៉ា​តាម​ផ្លូវ​ច្បាប់ ក៏ប៉ុន្តែ​អ្នក​ភូមិ​ជាង ១០០​នាក់ បាន​នាំ​គ្នា​មក​តវ៉ា​ដីកា​សម្រេច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។